ទីតាំងចំនួន ៤កន្លែង ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ គ្រោងរៀបចំបម្រុងទុកទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជំងឺឆ្លង( កូវីដ-១៩)

47

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តកំពង់ធំ បន្ទាប់ពីទទួលបាន​ការណែនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលទីតាំងសណ្ឋាគារ និងផ្ទះសំណាក់ចំនួន ៣កន្លែង គឺសណ្ឋាគារស្ទឹងសែន សណ្ឋាគារមិត្តភាព និងផ្ទះសណាក់ ទង់ គឹមឡា សរុបប្រមាណ ១២៣បន្ទប់ ព្រមទាំង​សាលារៀន​វិទ្យាល័យកំពង់ធំ មួយកន្លែងទៀត ដើម្បីត្រៀមសម្រាប់ទទួលពិគ្រោះ និងផ្តល់សេវាត្រួត​ពិនិត្យ​ចំពោះ​បងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជំងឺឆ្លង(កូវីដ-១៩) និងបងប្អូនដែលសង្ស័យថាមានពាក់​ព័ន្ធមកពី​តំបន់​ដែល​កំពុងតែកើត “ជំងឺឆ្លងកូវីដ-១៩” ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ លើកឡើងថា បច្ចុប្បន្ននេះកូវីដ១៩ កំពុងរីករាលដាល​នៅលើ​សកលលោក ដែលក្នុងនោះប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ឯកឧត្តមបន្តថា ដោយគិតត្រឹម​ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ខេត្តកំពង់ធំ មានប្រជាពលរដ្ឋដែលចំណាកស្រុកទៅបរទេស ហើយបានវិលមកកាន់មាតុប្រទេសវិញ សរុបចំនួន ៨១៥នាក់ មានជនជាតិបរទេស ចំនួន២នាក់។ ហើយប្រជាពលរដ្ឋទាំងអស់នេះត្រូវបានអាជ្ញាធរខេត្ត ជាពិសេស អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានចុះទៅណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការតាមដានសុខភាពខ្លួន និងពន្យល់វិធីការពារ ងាយៗនៅផ្ទះ។ ក្នុងករណីសង្ស័យ ប្រជាពលរដ្ឋណាមួយមានអការៈមិនប្រក្រតី ត្រូវបន្តការរាយការណ៍ទៅកាន់អាជ្ញាធរ ឬ ត្រូវទាក់ទងទៅលេខ ១១៥ ឬទៅមណ្ឌលសុខភាព ដើម្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ធ្វើការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។

ឯកឧត្តម សុខ លូ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សារសុខភាព អនាម័យខ្លួនឯង និងគ្រួសារ តាមរយៈការលាងដៃនឹងទឹកអាល់កុល ឬសាប៊ូ ឲ្យបានញឹកញាប់ មុននឹងបរិភោគអាហារ ឬប៉ះពាល់មុខមាត់ ជាដើម ម្យ៉ាងវិញទៀត ត្រូវចៀសវាងការប្រមូលម្តុំ ជាក្រុមធំៗ។