នៅថ្ងៃ ៩ វិច្ឆិកា នេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ហូបអំបុកសាមគ្គី អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ នៅសួនស្ទឹងសែន

14

រដ្ឋបាលខេត្កកំពង់ធំ៖ ថ្ងៃទី ៩ វិច្ឆិកា ២០១៩ គឺជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមពិសាអំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ បានចែកអំបុកជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកដំណើរឆ្លងកាត់ ដោយឥតគិតថ្លៃ នៅសួនច្បារគល់ស្ពានស្ទឹងសែន យ៉ាងសប្បាយរីករាយ។

ពិធីនេះដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ហើយក៏ជាថ្ងៃដែល​បងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមពិសាអំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាត ក្រុមដែលចង់​បង្កអស្ថេរភាពសង្គម មានបំណងប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ហើយការហូបអំបុកនេះ យើងសង្កេតឃើញថា នៅតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ទូទាំងខេត្តកំពង់ធំ បានជួបជុំគ្នាហូបអំបុកយ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍។