បេក្ខជនប្រឡងបវរកញ្ញាពិភពលោកតំណាង ៦៥ ប្រទេស(Miss global 2017) បានមកទស្សន:កិច្ចនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

159

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បេក្ខជនប្រឡងបវរកញ្ញាពិភពលោកតំណាង ៦៥ ប្រទេស (Miss Global 2017) បានមកទស្សន:កិច្ចនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដែលត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ក្នុងនោះក៏មានតំណាងប្រទេសកម្ពុជាផងដែរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយតំបន់រមនីយដ្ឋាននេះ ឲ្យកាន់តែមានភាពល្បីល្បាយ ទូទំាងសកលលោក។

នេះជាមោទនភាពជាតិយើង ដែលបានមកពីកត្តាសន្តិភាពពេញលេញ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា៖ តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់ព្រះសិវៈនិយម។

ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះមានប្រាសាទប្រមាណ ២៩៣ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។ តំបន់ប្រាសាទក្នុងរាជធានីមានបណ្ដោយ៦គីឡូម៉ែត្រ ទទឹង៤គីឡូម៉ែត្រ និងតំបន់ជុំវិញទៀត ពោលមានវិសាលភាព ធំធេងណាស់។