ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងពិការ រស់នៅស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ ទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

119

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំពីធីចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ ចំនួន ២៤៧គ្រួសារ រស់នៅស្រុកបារាយណ៍ នៅទីតាំងវត្តក្រវ៉ា និងពេលរសៀល ចំនួន ៦០គ្រួសារ រស់នៅស្រុកកំពង់ស្វាយ នៅទីតាំងសាលាឃុំកំពង់គោ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព និងសហការី ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បាននាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ដូចជាការថែទាំសុខភាព ការហូបស្អាត រស់នៅស្អាត មានអនាម័យ សម្រាកក្នុងមុង ជៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត ។ បន្ថែមលើនេះទៀត ឯកឧត្តមអភិបាលខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីសុវត្ថិភាពពេលធ្វើដំណើរ គោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ច និងបានណែនាំដល់កូនៗ ក្មួយៗ ឲ្យសេពគប់មិត្តភក្តិល្អៗ ជៀសឆ្ងាយពីគ្រឿងញៀន សាមគ្គីភាព ស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាពង្រឹងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ។

ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ នៅសាលាឃុំគគីរធំ ស្រុកបារាយណ៍ ក៏បានទទួលអំណោយមនុស្សធម៌ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ផងដែរ ។ លើសពីនេះ ប៉ុស្តិ៍នគរបាល និងមណ្ឌលសុខភាព ឃុំគគីរធំ ក៏បានទទួលធុងចម្រោះទឹកស្អាតផងដែរ។ អំណោយដែលបានចែកជូនដល់គ្រួសារនីមួយៗមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាហារបំប៉ន ៣កញ្ចប់ មុងសុវត្ថិភាព ១ អាវ ១ និងធុងចម្រោះទឹកស្អាត ១ ៕