ប្រជាពលរដ្ឋឃុំក្តីដូង ស្រុកកំពង់ស្វាយ សប្បាយចិត្តរីករាយ ដោយបានទទួលចំណងដៃថ្មីប្រឡាយមួយខ្សែរ ប្រវែងជាង ៣ពាន់ម៉ែត្រ

147

ប្រជាពលរដ្ឋនៅភូមិពាមគ្រែង និងភូមិស្លែង ក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ មានការសប្បាយចិត្តរីករាយ ដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមបើកការដ្ឋានការស្តារប្រឡាយឡើងវិញមួយខ្សែរ ប្រវែង ៣,២៨៣ម៉ែត្រ និងក្រាលគ្រួសក្រហម លើខ្នងទំនប់ ប្រវែង ៩៤០ម៉ែត្រ ដាក់លូទោលមុខ១០០ ចំនួន ៣កន្លែង លូទោលមានសន្ទះទឹកមុខ ១០០ ចំនួន ១កន្លែង និងលូភ្លោះមុខ ១០០ ចំនួន ២កន្លែង ដែលត្រូវចំណាយទឹកប្រាក់ជាង ៣ម៉ឺនដុល្លាអាមេរិក របស់គម្រោងកាត់បន្ថយភាពងាយរងគ្រោះ នៃជីវភាពរបស់ប្រជាជនកម្ពុជា នៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព (SRL Project) នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា៖ គម្រោង SRL បាននឹងកំពុងអនុវត្តន៍នៅខេត្តកំពង់ធំរយៈពេល ០៤ឆ្នាំ (២០១៧-២០២០) ក្នុងស្រុកគោលដៅចំនួនប្រាំ រួមមាន ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកសណ្តាន់ និងស្រុកសន្ទុក ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមជនបទ ដោយធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូច ធន់នឹងការប្រែប្រួលអាកាសធាតុ។ ហើយគម្រោងនេះ ផ្តោតសំខាន់ទៅលើ ការគាំទ្រឃុំ ស្រុក ក្នុងការរៀបចំផែនការបន្សុំានឹងការប្រែប្រួលអាកាសធាតុ រៀបចំចងក្រងក្រុមកែលម្អជីវភាព ក្រុមសន្សំប្រាក់ ក្រុមប្រើប្រាស់ទឹក និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា អ្នកទទួលផលប្រព័ន្ធធារាសាស្ត្រខ្នាតតូច ពីគម្រោងនេះ មានគ្រួសារសរុបចំនួន ៤៨៦គ្រួសារ ក្នុងចំណោមប្រជាជនសរុបចំនួន ២,៤៣៧នាក់ អាចមានទឹកគ្រប់គ្រាន់សម្រាប់បង្ករបង្កើនផលធ្វើស្រែប្រាំងបានយ៉ាងងាយស្រួល និងទទួលបានប្រាក់ចំណូលកើនឡើង ធ្វើឲ្យពួកគាត់មាន ជីវភាពមានការរីកចម្រើន និងឈានទៅរកការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីប្រឡាយនេះ សូមចូលរួមថែរក្សា និងប្រើប្រាស់ប្រឡាយទឹកនេះ ប្រកបដោយការចែករំលែក និងប្រសិទ្ធភាព ប្រែក្លាយតំបន់នេះ ជាកន្លែងគំរូ ក្នុងការផលិតកម្មស្រូវអង្ករ ទទួលបានទិន្នផលកើនឡើងជាបន្តបន្ទាប់។ នៅក្នុងពិធីនេះផងដែរ ប្រជាពលរដ្ឋមានក្តីសប្បាយរីយរាយឥតឧបមារ និងថ្លែងអំណរគុណជាពន្លឹក ចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍។