ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៦៨០គ្រួសារ នៃឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ទទួលអំណោយពីកាកក្របាទក្រហមកម្ពុជា

29

រដ្ឋបាលខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី ចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៦៨០គ្រួសារ រស់នៅក្នុង ភូមិចំនួន ៥ នៃឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជួបការ
លំបាកក្នុងជីវភាព និងកំពុងមានតម្រូវការស្បៀងអាហារ។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម សុខ លូ បានថ្លែងនូវអំណរគុណយ៉ាងជ្រៅបំផុតចំពោះទឹកចិត្ត​ប្រកបដោយ ព្រហ្មវិហារធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែ គិតគូរពីសុខទុក្ខ ការលំបាករបស់បងប្អូនជានិច្ច ដោយមិនមានការរើសអើង ឬនិន្នាការអ្វីឡើយ ទោះបីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជេីញចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងអស់ ក៏ដោយ សម្តេច តែងតែចាត់ឱ្យសហការី និងមន្ត្រីសាខា ចុះបំពេញការងារមនុស្សធម៌ ជារៀងរាល់ថ្ងៃ ។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកជំទាវ អគ្គលេខាធិការរងទី ១ បានពាំនាំនូវ ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលជាមុខ សញ្ញាងាយរងគ្រោះបំផុត ហេីយត្រូវការ ជំនួយសម្រាលការលំបាកពី កាកបាទក្រហមកម្ពុជា ព្រមទាំងបានផ្តាំផ្ញេីជូនប្រជាពលរដ្ឋដែលជាប្រជានេសាទ ទាំងអស់ ៖
– សូមគិតគូរពី ការថែទាំសុខភាព អនាម័យ ជាចម្បង ជាពិសេសការរស់នៅលេីទឹកនេះ ត្រូវ បរិភោគ ឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រក្សាបរិស្ថានឱ្យបានស្អាត និងចូលរួមថែរក្សាធនធានធម្មជាតិ នៃបឹងទន្លេសាប ដែលផ្តល់ផលនេសាទ និងវិស័យទេសចរក្នុងប្រទេសកម្ពុជាយេីង។
– សូម ចូលរួមអនុវត្តច្បាប់នេសាទ របស់ រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការប្រេីឧបករណ៍នេសាទខុសច្បាប់ ឬ នេសាទក្នុងរដូវត្រីពងជាដេីម។
– សូមស្ត្រីមានផ្ទៃពោះ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដេីម្បី ទៅ សម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។
– សូមចូលរួមចំណែកទាំងអស់គ្នា លេីក កម្ពស់គោល នយោបាយភូមិឃុំមានសុវត្ថិភាព លុបបំបាត់បញ្ហា គ្រឿង ញៀន ហេីយត្រូវរាយការណ៍ជូនសមត្ថកិច្ចប្រសិនបេីមានករណី ប្រេីប្រាស់ ឬចែកចាយគ្រឿងញៀននេះ។
– សូម ប្រុងប្រយ័ត្នរាល់ពេលធ្វេីដំណេីរតាមផ្លូវគោក ហេីយ ចូលរួមអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីកាត់បន្ថយអត្រាស្លាប់និងពិការភាពដោយគ្រោះ ថ្នាក់ចរាចរណ៍ដែលកេីតមានជារៀងរាល់ថ្ងៃ។
– សូមប្រុងប្រយ័ត្នករណីក្មេងលង់ទឹក និងសត្វ អាសិរពិស ដែល បង្កឱ្យមានវិប្បដិសារីដល់ក្រុមគ្រួសារ។
– សូមចូលរួមថែរក្សា ការពារសុខសន្តិភាព ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលជាបាវចនាជាតិដ៏រុងរឿង ហេីយជៀសវាងរាល់ ការឃោសនា អគតិនានា ដែលបំផ្លាញសុភមង្គល គ្រួសារ ភាពសម្បូរសប្បាយ រុងរឿងរបស់ប្រជាជន និងប្រទេសជាតិយេីង។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗ រួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងឃីត ១ (មុង១ ភួយ ១ សារុង១ ក្រមា ១ និងអាវយឺត៥ ) ៕