ប្រជាពលរដ្ឋចំនួន៨៣០ គ្រួសារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

133

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ឃួន ឃុនឌី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស ២០១៧ អញ្ជើញចូលរួមចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ៨៣០គ្រួសារ ក្នុងនោះស្រុកប្រាសាទបល្ល័ង្ក ដែលមាន៧ ឃុំ ចំនួន ៥១៥ គ្រួសារ និង ក្រុងស្ទឹងសែន មកពី ៣ សង្កាត់ ចំនួន ៣១៥ គ្រួសារ នៅខេត្តកំពង់ធំ។

លោកជំទាវ ឃួន ឃុនឌី លើកឡើងថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ។

លោកជំទាវបន្ថែមទៀតថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្រ របស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល ។

លោកជំទាវ ពុំ ចន្ទីនី បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទំាងទ្វេរ តែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ លោកជំទាវបញ្ជាក់បន្ថែមទៀតថា ការចែកអំណោយមនុស្សធម៌នេះ គឺស្របទៅនឹងការអនុវត្តវិស័យស្នូលទំាងបួន ដើម្បីឲ្យមានភាពកាន់តែប្រសើឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសយុទ្ធសាស្ត្រ ២០១១-២០២០ របស់ថ្នាក់ជាតិ ឲ្យទទួលបានជោគជ័យ ស្របតាមសូចនាករ និងគោរពគោលការគ្រឹះទំាងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។

ក្នុងនោះដែរលោកជំទាវបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ គេងក្នុងមុង នឹងមិនត្រូវសេពគ្រឿងស្រវឹង ក្នុងពេលបើកបរ ដើម្បីជៀសវាងគ្រោះថ្នាក់យក្សថាហេតុ។ អំណោយដែលត្រូវទទួលក្នុងមួយគ្រួសារមាន អង្ករ ៣០ គីឡូក្រាម មី ០១កេស ត្រីខ ១០កំប៉ុង ឃីដ ១កញ្ចប់ ។