ប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំសាន់គរ ទទួលសង្រ្គោះបឋម​អំណោយ​ពីសាខា​កាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ធំ

54



‌(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការីអញ្ជើញចុះជួប​សួរ​សុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌ ចែកជូនប្រជាពល​រដ្ឋរងគ្រោះ​ធម្មជាតិខ្យល់​កន្ត្រាក់ចំនួន ៧៧គ្រួសារ ដែលធ្វើឲ្យប៉ះពាល់បើកដំបូល ចំនួន ៧១ខ្នងផ្ទះ និងរលំទាំងស្រុង ចំនួន ៦ខ្នងផ្ទះ ព្រមទាំងបណ្ដាលឲ្យមានអ្នករងរបួសស្រាលចំនួនពីរនាក់ផងដែរ ស្ថិតនៅ​ភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះ​ប្រព្រឹត្តទៅ​នៅទីតាំង ៤ផ្សេងគ្នា។

‌ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​សាខាបាន​ពាំនាំនូវការផ្តាំផ្ញើសាកសួរ​សុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពុកម៉ែបងប្អូន ដែលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់នៅពេលនេះ ដោយ​មិនមានការប្រកាន់នូវពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ។

‌ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានសម្ដែងនូវការសោកស្ដាយ​បំផុតចំពោះការបាត់បង់​នូវទ្រព្យសម្បត្តិក៏​ដូចជាការ​ខូចខាត​ផ្ទះសំបែង ដែលបង្ករឡើងដោយគ្រោះ​មហន្តរាយនៅពេលនេះ ហើយគ្រោះមហន្តរាយនេះ តែងតែកើត​មាន​ឡើងនៅ​គ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់​ចង់​ជួបនោះទេ។ ដូច្នេះសូមពុកម៉ែបងប្អូន​នៅពេលដែលមាន​ភ្លៀងលាយ​ឡំជាមួយ​នឹង​ខ្យល់ខ្លាំង សូមរកទីជម្រកណា​មួយដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

‌ទន្ទឹមនឹងនោះដែរ ខណៈពេលជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់​ក្នុងខេត្ត​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​ក្រុម​ការងារទាំងអស់រួមទាំង​បងប្អូនប្រជា​ពលរដ្ឋទាំងអស់បង្កើន​ការការពារខ្លួន ជៀសឲ្យ​​ផុតពីការឆ្លង ជំងឺ​កូវីដ-១៩ ដោយសូម​រៀនរស់ក្នុងបរិបទ​ថ្មីសម័យកូវីដ និងចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ និង ៣កុំ” ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាត​សុវត្ថិភាព​បុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសូមចូលរួមចាក់វ៉ាក់​សាំងការពារ​ជំងឺកូវីដ១៩នេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ហើយវ៉ាក់សាំងនឹងមកដល់​ជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ ។