ប្រជាពលរដ្ឋចំនួន ៧៧៦គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី នៅស្រុកសន្ទុក

170

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក របស់គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហ៊ាន២ (LASED II) ដល់ប្រជាពលរដ្ឋចំនួន ៧៧៦គ្រួសារ ដែលស្មើនឹង ១,៣៥១ប័ណ្ណ នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់យកខេត្តកំពង់ធំ ដាក់ជាគោលដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសាកល្បង (LASED) ចាប់ពីឆ្នាំ២០០៨មក។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ធំ បានសម្រេចជ្រើសរើសយកឃុំ២ ក្នុងចំណោមឃុំ សង្កាត់ ទំាង ៨១ គឺឃុំទីពោ ស្រុកសន្ទុក និងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក។ ដោយឡែកឃុំទីពោ ស្រុកសន្ទុក អនុវត្តការងារបាន រួមមាន រកដីបានចំនួន ៣,០១៨ហិកតា ចែកជា ២តំបន់ បានជ្រើសរើសមុខសញ្ញាអ្នកអត់ដី និងអ្នកមានដីតិចតួចបានចំនួន ៧៧៩គ្រួសារ ក្នុងនោះ អង្គការ GIZ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍សុខភាព អណ្តូងទឹក ព្រមទាំងផ្តល់ឧបករណ៍ជាសម្ភារៈកសិកម្ម និងសម្ភារៈផ្ទះបាយមួយចំនួនធំទៀត និងពូជដំណាំ ផ្ទាំងសូឡា ព្រមទំាងបានឈួសឆាយសម្អាតដី និងជួយបណ្តុះបណ្តាលផ្សេងៗទៀតផង។ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានឲ្យដឹងបន្តថា កន្លងមកនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក៏បានសាងសង់ផ្ទះចំនួន ៤៥ខ្នងផ្ទះ ជូនដល់ បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅខេត្តកំពង់ធំផងដែរ។

បន្ទាប់ពីមតិចាប់អារម្មណ៍របស់តំណាងសម្បទានិក និងមតិចាប់អារម្មណ៍របស់តំណាងធនាគារពិភពលោក រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើង នៅទូទាំងប្រទេស។ នៅក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា នៅពេលនេះបងប្អូន អាចទទួលយកប័ណ្ណកម្មសិទ្ធិទៅប្រើប្រាស់ ដោយស្របច្បាប់ អាស្រ័យផលលើដីរបស់បងប្អូន ហើយប័ណ្ណកម្មសិទ្ធិបងប្អូន អាចយកទៅប្រើប្រាស់ក្នុងន័យបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និងបានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធិរួចហើយ សូមបញ្ឈប់ការដើរតវ៉ាតាមផ្លូវសាធារណៈតទៅទៀត រឿងដីធ្លីតាមការញុះញង់របស់ជនមួយក្តាប់តូច ដែលជាការបម្រើនយោបាយរបស់ក្រុមមនុស្សមួយចំនួន ហើយប្រសិនបើបងប្អូននៅតែតវ៉ាមិនពាក់ព័ន្ធក្នុងរឿងដីធ្លីនោះ គឺបងប្អូនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ បងប្អូនត្រូវតែថែរក្សានូវសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីការអភិវឌ្ឍ គឺយើងមិនចង់សង្គមយើងក្លាយជាសង្គមអនាធិបតេយ្យ សង្គមមួយដែលមានតែការតវ៉ា ការបំផ្លាញ ការធ្វើសកម្មភាពនៅតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ គឺយើងចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយប្រកបដោយសុខសន្តិភាព ប្រកបរបររកស៊ីចិញ្ចឹមជីវិត នៅតាមមុខរបររៀងៗខ្លួន។