ប្រជាពលរដ្ឋទីទ័លក្រចំនួន ១០៩គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

8

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងសហការី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមចែកអំណោយមនុស្សធម៌កាកបាទក្រហម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១០៩គ្រួសារ ក្នុងក្រុងស្ទឹងសែន នៅបរិវេណសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងពីរ តែងតែគិតគូរសុខទុក្ខលំបាករបស់បងប្អូនជានិច្ច ដោយមិនបានព្រងើយកន្តើយ និងបោះបង់បងប្អូនចោលនោះឡើយ ទីណាមានទុក្ខលំបាក ទីនោះមានការកាកបាទក្រហមកម្ពុជានៅជាមួយបងប្អូនជានិច្ច។

ឯកឧត្តមបន្ថែមទៀតថា អំណោយទាំងនេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក និងចាស់ជរា ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ។

ចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅមានអនាម័យ និងខិតខំប្រកបមុខរបរបន្ថែមទៀត ព្រមទាំងដាំបន្លែបង្កាជុំវិញផ្ទះផងដែរ។ ក្នុងពិធីចែកអំណោយនេះដែរ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០គ.ក, ត្រី ខ ១០កំប៉ុង, មី ១កេស និងឃីដ ១កញ្ចប់។ ក្នុងនោះ ក៏បានផ្តល់អំណោយបន្ថែមទៀតជូនដល់ស្ត្រីកូនខ្ចី មានមុងកូនក្មេង និងសម្ភារៈមួយចំនួនថែមទៀត។