ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៤៥៧គ្រួសារ នៅស្រុកស្ទោង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

140

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ អញ្ជើញចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ៤៥៧គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្រ របស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក និងចាស់ជរា។ ឯកឧត្តមបញ្ជាក់ថា “ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។

ក្នុងនោះឯកឧត្តមបាន ពន្យល់ណែនាំដល់ប្រជាពលរដ្ឋពីគោលបំណងកំណែទម្រង់ស៊ីជម្រៅវិស័យជលផល និងវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ឲ្យយល់កាន់តែច្បាស់ពីយុទ្ធនាការ នៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឲ្យលុបបំបាត់ ការប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់ ឆក់ក្ដៅ យាំងកាវ ឈិបរុញដោយប្រើកំលាំងម៉ាស៊ីន អួនអូស និងលូស្បៃមុង ដែលឧបករណ៍បង្កគ្រោះថ្នាក់ ដល់ធនធានជលផល។ ម្យ៉ាងវិញទៀត ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះស្រឡាញ់ធនធានធម្មជាតិ រួមគ្នាគោរពច្បាប់ លុបបំបាត់បទល្មើសនេសាទ។

ចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ពិសារអាហារដែលចម្អិនបានល្អ ផឹកស្អាត រស់នៅមានអនាម័យ បើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងពិធីចែកអំណោយនេះដែរ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ មី ១កេស និងឃីដ ១កញ្ចប់។