ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ភូមិគោកត្របែក ទទួលបានសាលាកបត្រពត៌មានដីអាស្រ័យផល

57

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់​សាលាកប័ត្រ​ព័ត៌មានជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងដីនៅតំបន់៣ មានចំនួន ១២៤គ្រួសារ ស្ថិតនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ចំពោះដីអាស្រ័យផលនៅតំបន់៣នេះ ក្រុមការងារជំនាញ​បាន​ចុះបំពេញសាលាកបត្របានចំនួន ១២៤គ្រួសារ ដែលមានផ្ទៃដីសរុប ជាង ១៣១ ហិកតា គិតជាក្បាលដីចំនួន ១៣៣ក្បាលដី ក្នុងនោះប្រជាពលរដ្ឋដែលមានក្បាលដី ០២ប្លង់ មានចំនួន ០៧គ្រួសារ និងមានក្បាលដី ០៤ប្លង់ មានចំនួន ០១គ្រួសារ។ ការចុះធ្វើសាលាកបត្រនេះ គឺក្រុមការងារចុះធ្វើតែលើទីតាំងដែលប្រជាពលរដ្​ឋអាស្រ័យផល​ជាក់ស្តែង​តែប៉ុណ្ណោះ ហើយក្នុង ០១គ្រួសារ មិនលើសពី ០៥ហិកតា។

ជាមួយគ្នានោះដែរ ឯកឧត្តម ថោង ខុន មានប្រសាសន៍លើកឡើងថា បងប្អូនដែលទទួលបានសាលាកបត្រព័ត៌មាននេះ និងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នេះ សូមកុំលក់ដូរដីនៅតំបន់ ៣នេះ ព្រោះជាដីអាស្រ័យផល សូមមេត្​តាបញ្ឈប់សកម្មភាពការកាប់រានព្រៃលិចទឹក និងការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ហើយរួមគ្នាថែរក្សាការពារ សម្បត្តិធនធានធម្មជាតិ ដើម្បីយើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយៗទៀត និងសូមកុំឲ្យមានការ​ទិញលក់ដី​ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្នុងតំបន់នេះ ព្រោះដីនេះបងប្អូនប្រជាពលរដ្ឋមានសិទ្ធិតែអាស្រ័យផលតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ត្រូវចូលរួមថែរក្សារាល់សមិទ្ធផលទាំងឡាយ​នៅភូមិគោកត្របែក ដែលជាអំណោយដ៏ថ្ងៃថ្លារបស់​សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជននានា ហើយសូមបងប្អូនត្រូវមានជំនឿជឿជាក់ កក់ក្តៅ និងទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំ និងកសាង​ប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ប្រជាពលដ្ឋមានសេចក្តីរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ដែលបានយកចិត្តទុកដាក់គិតគូរដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បន្ទាប់ពីសំណេះសំណាល់ចប់ ឯកឧត្តម ថោង ខុន និង ឯកឧត្តម សុខ លូ ក៏បានចែកជានិម្មិត្តរូប​នូវសាលាកបត្រព័ត៌មានដីអាស្រ័យផលជូនប្រជាពលដ្ឋ និងចែកអំណោយជូនប្រជាពលដ្ឋចូលរួមប្រមាណ ៣០០នាក់ ដោយក្នុង ០១នាក់ ទទួលបាន សារ៉ុង ០១ ថវិកា ០២ម៉ឺនរៀល និងថ្នាំពេទ្យ TIFFY ០៣បន្ទះ៕