ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៤៥គ្រួសារ នៃស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

32

(រដ្ឋបាលខេត្តកំពង់ធំ): ស្របពេលដែលប្រទេសកម្ពុជាកំពុងតែទទួលរងនូវផលប៉ះពាល់នូវជំងឺកូវីដ-១៩ សេដ្ឋ​កិច្ច​មានការធ្លាក់ចុះ ធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនូវការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ កំពុងត្រូវ​ការ​ជំនួយនោះ ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០នេះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី បាននាំយក​នូវគ្រឿង​ឧបភោគ​បរិភោគចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ២៤៥គ្រួសារ នៅទីតាំងពីរផ្សេងគ្នា នៅឃុំបឹងល្វាចំនួន ៥៦គ្រួសារ និងឃុំកកោះ ១៨៩គ្រួសារ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ​ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយ​ឡើយ។ លើសពីនេះទៀត ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ប្រមុខរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូន​ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់​បន្ថយ​​ការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់ការងារផ្តល់ប័ណ្ណសមធម៌ នេះ សូមភូមិឃុំ/សង្កាត់ធ្វើ ឲ្យបានសុក្រិត ត្រឹមត្រូវ យុត្តិធម៌ ច្បាស់លាស់ ក្នុងនោះក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានត្រួត ពិនិត្យឲ្យបានហ្មត់ចត់ ចុះជាប់ជាមួយភូមិឃុំ/សង្កាត់ជៀសវាងដាច់ខាតករណីឃុបឃិតគ្នាដាក់បញ្ចូល សាច់ញាតិ បងប្អូនកូនក្មួយ​ខ្លួនឯង​ដែលមិនមែនជាជនក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួល បាននូវប្រាក់ឧបត្ថម្ភនេះពិតប្រាកដ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានក្រើនរំលឹក ប្រជាពលរដ្ឋទាំងអស់ បង្កើននូវការយកចិត្តទុកដាក់ នៃការ​រីករាលដាល​ជំងឺCOVID-១៩នេះ ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែង​ទប់មាត់​នៅពេល​ក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់​តាមខ្លួន​ជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះ​ទេ។

ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួម​គោរព​ច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារ​ទទួលបាន អង្ករ ២៥ គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេស ច្រាសដុះខោអាវ១ សាប៊ូ ១ដុំ ។