ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា ជួបការលំបាក ចំនួន៣៩គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

46

(រដ្ឋបាលខេត្តកំពង់ធំ): នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសារការី នាំយកអំណោយមនុស្សធម៌ សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ជនចាស់ជរា ជួបការលំបាក ចំនួន ៣៩គ្រួសារ នៅភូមិដំរីជាន់ខ្លា ក្រុងស្ទឹងសែន ភូមិត្រពាំងសិលា ភូមិវាលវែង និងភូមិប្រាសាទ ស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ ។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជា​ពលរដ្ឋ នៅ ទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់​អត់ស្បៀងស្លាប់នោះទេគឺត្រូវ​ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវសូមអោយ​ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាព អនាម័យ​ខ្លួនប្រាណ ត្រូវលាងដៃនឹងសាប៊ូឱ្យបានស្អាត មុននឹងទទួលទានអាហារ ព្រមទាំងផ្សព្វផ្សាយ​អំពី​ជំងឺ​កូវិដ១៩ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម បង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។

ឯកឧត្តម បានបន្តថាអំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លី ប្រសិន​បើ​មានការខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកមេឃុំ ឬសមាជិកភូមិ ឃុំ ដើម្បីយើងមានវិធានការឆ្លើយ​តបបាន​ទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ ម្យ៉ាង​ទៀត​​​អំណោយទាំងនេះ ចែកជូនជូនចាស់ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដោយមិនប្រកាន់ វណ្ណៈ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជា​វប្បធម៌ នៃការចែករំលែកបានទាន់ពេលវេលាមិនទុកឱ្យពួកគាត់ខ្វះខាតដាច់ស្បៀងឡើយ។

ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បានចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា ជួបការលំបាក ចំនួន៣៩គ្រួសារ នៅក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ម៉ុង១ ភួយ ១ សារុង ១ ក្រម៉ា១ ត្រីខ ១ យួរ មី ១កេស និងសាប៊ូ ១ដុំ។