ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ទទួលបានវ៉ាក់សាំងកូវីដ១៩​ Johnson&Johnson ដោយឥតគិតថ្លៃ

79

(រដ្ឋបាលខេត្តកំពង់ធំ): នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញ​​ចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ Johnson&Johnson ជូនដល់ប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុក​កំពង់ស្វាយ ។

ជាមួយគ្នានោះដែលឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា វ៉ាក់សាំងកូវីដ១៩ Johnson&Johnson ដែល​ជា​ជំនួយ​របស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិកចំនួន ៦០៩.៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមក​ដល់ប្រទេសកម្ពុជាហើយ នៅយប់ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃ​ជំនួយ​សរុប១លានដូសមកកាន់កម្ពុជា។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១.០៦០.១០០ដូស ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០.៥០០ដូស និងលើកទី២នេះចំនួន ៦០៩.៦០០ដូស។ អំណោយនេះគឺជាផ្នែកមួយ​នៃការគាំទ្រជាបន្តបន្ទាប់​របស់​សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

លើសពីនេះទៀតឯកឧត្តម សុខ លូ បានពន្យល់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ១៩ និងវិធានការ ៣ ការពារ ៣កុំ របស់​រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោរពតាមវិធាន​ការណែនាំ​របស់ក្រសួងសុខាភិបាល សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួន​ដើម្បីទប់​ស្កាត់​ការឆ្លង​រីករាលដាលនៃជំងឺកូវីដ១៩។ សព្វថ្ងៃនេះជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងធ្ងន់ធ្ងរទូទាំងសកល​លោករួម​ទាំងប្រទេស​​កម្ពុជាយើងផងដែរ ដែលបានឆ្លងចូលក្នុងសហគមន៍ ដែលជាក្តីព្រួយបារម្ភបំផុត ដូច្នេះសូមពុកម៉ែបងប្អូន​ទាំងអស់​អញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ទៅតាមការជូន​ដំណឹងរបស់​អាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមបន្តទៀតថា នេះជាភ័ព្វវាសនារបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំដ៏ឈ្លាសវៃ សម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ ក្នុងការខិតខំរកវ៉ាក់សាំង​មកចាក់​ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងខេត្តកំពង់ធំផងដែរ ដោយគិតមកដល់ថ្ងៃនេះ យើងចាក់​វ៉ាក់សាំង​បានជាង ៧លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១០លាននាក់ ស្មើនឹងជាង ៧០%។

ក្នុងនោះឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានរក្សា​គោល​ជំហរ​​សុខចិត្តទ្រាំលំបាកក្នុងការចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំដល់ទីកន្លែង ដោយមិនខ្លាច​នឿយ​ហត់។ ហើយបន្ទាប់ពីបងប្អូនបានចាក់វ៉ាក់​សាំងហើយ គឺអាចធ្វើការងារធម្មតា ប៉ុន្តែមិនត្រូវធ្វើការងារណាហួស​កម្លាំង​ខ្លាំងនោះទេ។

ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមគោរពអរគុណ និងដឹងគុណជាអនេកចំពោះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បានផ្តល់ឱកាសដល់ពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ធំ បានចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ នៅ​ពេល​នេះ។

សូមបញ្ជាក់ផងដែរថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ Johnson&Johnson នេះ មានចំនួន ២ស្រុក គឺស្រុក​កំពង់​ស្វាយ និងស្រុកស្ទោង ក្នុងនោះ ស្រុកកំពង់ស្វាយមានចំនួន ១៤ទីតាំង និងស្រុកស្ទោង មានចំនួន ១៤ទីតាំង ព័ត៌មាន​លម្អិត​មាននៅក្នុង ស.ជ.ណ របស់រដ្ឋបាលខេត្តកំពង់ធំ ។