ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ១៤២គ្រួសារ ទទួលអំណោយពី​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅស្រុកប្រាសាទសំបូរ

64

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បន្តចុះ​សំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់​ដោយទឹកជំនន់ ចំនួន ១៤២គ្រួសារ ស្ថិតនៅទីទួលសុវត្ថិភាពបីទីតាំងផ្សេងគ្នា ទី១ នៅទីទួលគម្ពោធឈូក ៩៣គ្រូសារ ទី២ នៅទួលចង្អូក្បាលខ្លា ១២គ្រួសារ និងទី៣ នៅទទួលត្រពាំងលាងដាវ ៣៧គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះ​ធម្មជាតិ​ផ្សេងៗ ។

ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានរៀបរាប់អំពីសភាពការណ៍ថ្មីៗ ព្រមទាំងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​ទាំងអស់នៅក្នុង​រដូវវស្សា​នេះ សូមមានការត្រៀមខ្លួនប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវបញ្ហាផ្សេងៗ ដូចជា ត្រូវគេងក្នុងមុងជានិច្ច ហូបស្អាត ផឹកស្អាត ជាពិសេស​ត្រូវមើល​ក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារី​អស់មួយ​ជីវិត។ លើសពីនេះទៅទៀតសូមពុកម៉ែបងប្អូនទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកប​មុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើងនិងក្រោយ​ស្រក​ទៅវិញផងដែរ។

សូមបញ្ជាក់ថា: ក្នុងចំណោមទាំង ១៤២គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥Kg មីម៉ាម៉ា ១កេស ត្រីខ ១យួរ ឃីត ១កញ្ចប់ សម្រាប់ ៣៧គ្រួសារ នៅទួលត្រពាំងលាងដាវ បានបានផ្តល់តង់ ម្នាក់១ ថែមទៀត ក្នុងនោះលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ផ្តល់នូវថ្នាំ TIFFY ផ្តាសសាយក្នុង១គ្រួសារ ១២កញ្ចប់ និងមានឆ្នាំង ចាន ធុងទឹក កំសៀវទឹក ចានដែក ធុងទឹកក្តៅ ផងដែរ៕