ប្រជាពលរដ្ឋស្រុកប្រាសាទបល្ល័ង្ក ប្រារព្ធធ្វើពិធីបុណ្យឡើងអ្នកតាជ័យ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងចូលរួមថែរក្សាទំនៀមទម្លាប់ខ្មែរពីបុរាណ

115

(រដ្ឋបាលខេត្តកំពង់ធំ)៖ ទោះបីសម័យកាលមានភាពរីកចម្រើន បច្ចេកវិទ្យាទំនើប និងជឿនលឿនក្តី ក៏ប៉ុន្តែ​អ្នកភូមិនៅ​តំបន់​មួយចំនួន ហាក់នៅតែប្រកាន់ភ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់បែបបុរាណ​​របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដោយបន្តប្រារព្ធពិធីឡើង​អ្នកតា មិនដែលខកខាន​ឆ្នាំណាម្តងឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការីអញ្ជើញ​ចូលរួមក្នុងពិធីឡើងអ្នកតាជ័យ (ចាស់ស្រុក) ដែលជាប្រពៃណីដ៏យូរលង់មកហើយ​ជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅ​ភូមិជ័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បាននាំគ្នារៀបចំពិធីនេះឡើង ទៅតាមទម្លាប់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន រួមទាំងចូលរួម ថែរក្សាជំនឿ វប្បធម៌ខ្មែរ ឱ្យនៅ គង់វង្សយូរអង្វែង។

ថ្លែងក្នុងពិធីឡើងអ្នកតាជ័យនេះ ឯកឧត្តម សុខ លូ បានថ្លែងកោតសរសើរចំពោះកំលាំង​សាមគ្គីភាពរបស់ពុកម៉ែបងប្អូន​ប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំថែរក្សាទំនៀមទំលាប់ប្រពៃណីរបស់យើង ដើម្បីបន្តកេរ្តិ៍ដំណែលដល់​កូនចៅជំនាន់​ក្រោយបានដឹង បានឃើញនិងបានឮផងដែរ។ ម្យ៉ាវិញទៀត ដើម្បីឱ្យមនុស្ស និងអ្នកតាអាចប្រាស្រ័យទាក់ទងគ្នាបាន ដោយមានការប្រគំវង់តន្រ្តីបុរាណខ្មែរ និង អ្នកចូលរូប ដែលតំណាងឱ្យអ្នកតា ថែរក្សានៅទីស័ក្តិសិទ្ធិទាំងនោះ មិនអាចខ្វះ​បានឡើយ ជាពិសេស ដើម្បីញ៉ាំងបរិយាកាសកម្មវិធី ឱ្យកាន់តែ សប្បាយរីករាយផង។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅភូមិជ័យ អ្នកភូមិតែងតែរៀបចំធ្វើពិធីបុណ្យឡើងអ្នកតានេះ មិនដែល​ខានឡើយព្រោះ​ពួកគាត់​ជឿលើអបិយ៍ជំនឿ និងការបន់ស្រន់សុំសេចក្តីសុខសប្បាយគ្រប់ៗគ្នា៕