ប្រជាពលរដ្ឋ​ជាង​ ២០០​គ្រួសារ ​រស់​ភូមិសានគ​(​ខ​) ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់​

31

រដ្ឋបាលខេត្តកំពង់ធំ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សា​នគ​(​ខ​) ជាង​២០០​គ្រួសារ ទទួល​បាន​វិញ្ញាបនបត្រ​សំគាល់ ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណ​កម្មសិទ្ធិ​) សរុប​ចំនួន​២,៤៧៣​ប័ណ្ណ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ កាន់កាប់​ស្របច្បាប់ និង​ជា​ប្រយោជន៍​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ក្នុង​កិច្ច​ការងារ ផ្សេងៗ​។

​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០, ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ អញ្ជើញ ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​) ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ភូមិ​សា​នគ​(​ខ​) ឃុំ​សា​នគ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន​២,៤៧៣​ប័ណ្ណ​។ ក្នុង​ឱកាស​នោះ​ឯកឧត្តម លើកឡើងថា ការ​ផ្តល់​ជូន​ប័ណ្ណ​កម្មសិទ្ធិ​ដី​នៅពេលនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ស្របច្បាប់ រក្សាបាន​នូវ​ទំហំ​ដី​មួយ​ពិតប្រាកដ​គ្មាន​ការ​រំកិល​ព្រំ និង​អាច​យកទៅ​ប្រើប្រាស់​ក្នុង​កិច្ច​ការងារ​ផ្សេងៗ​។

ឯកឧត្ដម​បន្តថា ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​នេះ គឺ​បានផ្តល់​ភាព​ត្រឹមត្រូវ​ចំពោះ​ប្រជាពលរដ្ឋ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់ ផ្អែកលើ​ក្រម​ខ័​ណ្ឌ​នៃ​ច្បាប់​។

ក្នុងនោះដែរ អាជ្ញាធរ​គ្រប់​ឃុំ សង្កាត់ ត្រូវការពារ​បង្គោល​ប្រថពី​វិភាគ​ដែល​បាន​ដាំ​ដុះ​រួច​ឲ្យ​គង់វង្ស ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ រីឯ​បងប្អូន​ប្រជាពលរដ្ឋ​វិញ សូម​រក្សា​ព្រំដី​របស់ខ្លួន​ដែល​បានកំណត់ ក្នុង​ប័ណ្ណ មិន​រំកិល មិន​បំពាន​គ្នា​ទៅវិញទៅមក ដែល​នាំ​ឲ្យ​ការវិវាទ​កើតឡើង​! ជាពិសេស​ត្រូវ​រក្សា សន្លឹក​ប័ណ្ណ​ឲ្យ​បានល្អ​ប្រសើរ​ការពារ​កា​រ​ខូចខាត ឬ​បាត់​ដោយ​ប្រការ​ណាមួយ​។

ទន្ទឹមនេះ ឯកឧត្តម​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុង​/​ស្រុក ត្រូវ​បន្ត​ថែរក្សា​អនាម័យ​ក្នុងការ​រស់ នៅ​ប្រចាំថ្ងៃ​ក្នុង​ក្រុមគ្រួសារ និង​តាម​ទីសាធារណៈ ដើម្បី​ទប់ស្កាត់បាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ កូ​វីដ​១៩​ដំណាក់កាល​ទី​២​ក្នុង​មូលដ្ឋាន​, ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​, គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​លេខ​៣៩​របស់​ក្រសួងមហាផ្ទៃ ដើម្បី​រួចផុត​ពី​ការផាកពិន័យ និង​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ដែល​កើតឡើង​ជាយថាហេតុ​។​

ជាមួយគ្នានេះ​ផងដែរ លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ បានធ្វើ​របាយការណ៍ លើក​ឡើងថា ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​សា​នគ​(​ខ​)​នាពេលនេះ​មាន​ចំនួន ២,៤៧៣​ក្បាលដី​។ ក្នុងនោះ ​មាន​ដី​សាងសង់​៧៩០​ក្បាលដី​, ដី​ផលិតកម្ម​កសិកម្ម​១,៦៦៨​ក្បាលដី , ដី​សាលាឃុំ​០១​ក្បាលដី​, ដី​ទួល​កប់ខ្មោច​០៨​ក្បាលដី​, ដី​សាលារៀន​០២​ក្បាលដី​, ដី​ត្រពាំង​០៣​ក្បាលដី​, ដី​ទួល​អ្នកតា​០២​ក្បាលដី និង​ដី​គ្មាន​ទិន្នន័យ​៨៧​ក្បាលដី​ផង​ដែរ​៕​