ប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

208

នៅ​ព្រឹក​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២១០៦ រដ្ឋបាល​ខេត្តកំពង់ធំ​រៀបចំ​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី៣៦ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សម​សជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុ​ប្រធានមន្ទីរ​ជុំវិញ​ខេត្ត។

​របៀបវារៈ​នៃ​អង្គប្រជុំ​រួមមាន
១). ពិនិត្យ និង​អនុម័ត កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៣៥ របស់​ក្រុមប្រឹក្សា​ខេត្ត
២). ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំត្រីមាស​ទី១ ឆ្នាំ ២០១៧ របស់​រដ្ឋបាលខេត្ត
៣). ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ២០១៧ របស់​រដ្ឋបាលខេត្ត
៤). ពិនិត្យ និង​អនុម័ត​ប្រតិទិន​នៃ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត អាណា​ត្តិ​ទី២ ឆ្នាំ​ទី៤
៥). ពិនិត្យ និង​អនុម័ត​លើ​ការបែងចែក​តួនាទី​ភារកិច្ច​របស់​គណៈអភិបាលខេត្ត
៦). ពិនិត្យ និង​អនុម័ត លើ​សំណើ​រ​សុំ​តែងតាំង​មន្ត្រី​តាម​មន្ទីរ​អង្គភាព
៧). បញ្ហា​ផ្សេងៗ ។

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​ឯកឧត្តម ឈុន ឈន់ លើកឡើងថា ដើម្បី​ឲ្យ​ខេត្តកំពង់ធំ​យើង​មាន​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ ក្នុងនាម​យើងទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ចាប់តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម គឺ​ត្រូវមាន​ទំនួលខុសត្រូវ​ខ្ពស់​លើ​ការបំពេញ ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដូច្នេះហើយ​យើង​ត្រូវធ្វើ​ការតែងតាំង​បំពេញភារកិច្ច​បន្ថែមដល់មន្រ្តីក្នុងមន្ទីរ​អង្គភាព​មួយចំនួន។ លើសពីនេះទៅ ទៀត​ការ​ចុះជួយ​មូលដ្ឋាន​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព ពិត​ជាមាន​សារៈ​សំខាន់ណាស់​ក្នុង​ការដឹង​សុខទុក្ខ និង​ជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ។ មួយវិញទៀតការ​បំរើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយស្មោះស្ម័គ្រ គឺជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​ខេត្ត​យើង​ដ៏​ពិតប្រាកដ ភាព​រីកចម្រើន​នៃ​ជីវភាព​របស់​ពួកគាត់ ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ខេត្ត​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច ៧%ក្នុង​មួយឆ្នាំ​បន្តទៀត។ ម្យ៉ាងវិញទៀត​ការបង្កើន​លើ​ផ្នែក​ទេសចរណ៍​ក៏មាន​សា​រៈសំខាន់​ណាស់ដែរ គឺ​អាចជួយ​បង្កើន​ជីវភាព​តាមរយៈ​ការលក់ដូរ​ផលិតផល​នៅ​ក្នុងស្រុក​មួយចំនួន​ផងដែរ។