ប្រវត្តិនិងអត្ថន័យនៃនិមិត្ដសញ្ញាខេត្តកំពង់ធំ

22

(រដ្ឋបាលខេត្តកំពង់ធំ): និមិត្តសញ្ញាខេត្តកំពង់ធំ ត្រូវបានកសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើង​ទម្រ​ថ្មភក់​មួយដុំ​ដែលមានឆ្លាក់ក្បាច់គំនូរ​ចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ នាសម័យតេជោសន្តិភាព នៅលើ​ទីតាំង​​សួនសម្តេចតេជោ ហ៊ុន សែន នាមាត់ស្ទឹងសែន។

នៅក្នុងនិមិត្តសញ្ញានេះរួមមាន៖

-ប្រាសាទយាយព័ន្ធ៖ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នា​ទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា

-រូបបដិមាតោ៖ តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាង​ឱ្យ​អំណាច អានុភាពខ្លាំងក្លា

-រូបដំរីជាន់ខ្លា៖ តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងសតវត្សទី៦០ ហើយឆ្លុះបញ្ចាំង​ពី​តថភាព​ធនធាន​ធម្មជាតិនៃខេត្តកំពង់ធំ

-កួរស្រូវ៖ តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ

-ដើមឈើ៖ តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយ​ផល​ដល់​ដំណាំកសិកម្មនិងកសិឧស្សាហកម្ម។

ការដាក់តាំងនិមិត្តសញ្ញានៃខេត្តកំពង់ធំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមគំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម និងសហការ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផ្សេងទៀត។