ពលករប្រមាណជាង៦០០នាក់ ដែលចេញតាមច្រកក្នុងខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ និងពលករ ដែលធ្វើចត្តាឡីស័កខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត

20

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ទទួលពលករ​មកពីប្រទេស​ថៃ​ប្រមាណជាង ៦០០នាក់ ដែលចេញតាមច្រកក្នុងខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ និងពលករ ដែលធ្វើចត្តាឡីស័កខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បី​ធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាល​មេរោគ​កូវីដ១៩ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ដែលបានវិល​ត្រឡប់មកស្រុកកំណើត​នៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិឲ្យពួក​គាត់​វិល​​ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។

ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកអោយទៅតាមក្រុងស្រុកនីមួយៗ មិនទុក​ឲ្យ​នៅ​ក្នុង​មណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំទាំងអស់ទេ គឺឲ្យពួកគាត់ទៅធ្វើចត្តាឡីស័កតាម​ស្រុករបស់​ពួកគាត់ គឺមានន័យថា តាមមណ្ឌលចត្តាឡីស័ករបស់ស្រុកនិមួយៗ ។

ទម្ទឹមនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាដល់ពលករគ្រប់រូប សូមកុំគេចវេសពីការធ្វើ​ចត្តាឡីស័ក​​​​ឲ្យសោះ ។ បើមិនស្រឡាញ់ខ្លួនឯងទេ សូមកុំបំផ្លាញក្ដីសុខអ្នកដទៃអោយសោះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនពលករបានមកធ្វើចត្តាឡីស័កនាពេល​នេះ មានក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរ មន្ទីរគ្រប់ស្ថាប័ន សមត្ថកិច្ចទាំង៣ គឺ កម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត កម្លាំងយោធា បានរង់ចាំទទួល ការពារសន្តិសុខជូនបងប្អូនពលករគ្រប់រូប និងចែកបាយ ចែកទឹកដល់ពួកគាត់ផងដែរ ។