ពល​រដ្ឋចំនួន ៦៧ គ្រួសារ នៅ​ឃុំ​កំពង់​គោ​បាន​ទទួល​អំណោយ​ពី​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ធំ

73

នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៧ ឯក​ឧត្តម សុខ លូ អភិ​បាល​ខេត្ត និង​ជា​ប្រធាន​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ បាន​ចុះ​សួរ​សុខ​ទុក្ខ ប្រជា​ពល​រដ្ឋ​ចំនួន ៦៧ គ្រួសារ ដែល​រងគ្រោះ​ដោយ​សារ​ខ្យល់​កន្រ្តាក់​នា​ពេល​កន្លង​មក​ថ្មីៗ​នេះ នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ ។ ក្នុង​ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ឯក​ឧត្តម ឈុន ឈន់ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​កិត្តិយស​កាក​បាទ​ក្រហម ឯក​ឧត្តម លោក​ជំទាវ អភិ​បាល​រង​ខេត្ត ឯក​ឧត្តម​ប្រធាន សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់​ធំ លោក​អភិបាល​ស្រុក សមា​ជិក សមា​ជិកា និង​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ ។

លោក អ៊ុត វណ្ណរ៉ា អភិបាល​រង​ស្រុក​កំពង់​ស្វាយ បាន​អាន​របាយការណ៍ បង្ហាញ​ថា ឃុំ​កំពង់​គោ ដែល​បាន​រង​គ្រោះ​ដោយ​ធម្មជាតិ ខ្យល់​កន្ត្រាក់​កន្លង​ទៅ​នេះ មាន​ចំនួន ៦៧ គ្រួសារ ពី ០៥ ភូមិ (ភូមិ​កំពង់​គោ​លើ ភូមិ​កំពង់​គោ​ក្រោម ភូមិ​ខ្សាច់​ជី​រស់ ភូមិ​បូ​ពឹង និង​ភូមិ​កោះ​គ្រប​បាយ) និង​មាន​អ្នក​របួស​ចំនួន ០៥ នាក់ ខូច​ខាត​ផ្ទះ​សម្បែង​ទាំង​ស្រុង ១៧ ខ្នង និង​ប៉ើង​ដំបូល​ផ្ទះ​ចំនួន ៥០ ខ្នង ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ឯក​ឧត្តម សុខ លូ  បាន​ពាំ​នាំ​នូវ​ប្រសាសន៍​សួរ​សុខ​ទុក្ខ របស់​ លោក​ជំទាវ​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន  ដែល​តែង​តែ​យក​ចិត្ត​ទុក្ខ​ដាក់ និង​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ ចំពោះ​ការ​ខូច​ខាត​ព្រទ្យ​សម្បត្តិ​របស់​បង​ប្អូន និង​សោក​ស្តាយ​ជា​ពន់​ពេក ។ ឯក​ឧត្តម បន្ត​ទៀត​ថា សូម​បង​ប្អូន​ត្រូវ​ចេះ​ថែ​រក្សា​សុខ​ភាព មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ កាក​បាទ​ក្រហម​មិន​ទុក​ឲ្យ​បង​ប្អូន​ស្លាប់​ដោយ​អត់​ឃ្លាន​នោះ​ឡើយ ។ ថ្នាក់​ដឹក​នាំ​យើង​គ្រប់​រូប មិន​មែន​ជា​ថ្នាក់​ដឹក​នាំ​ដែល​សន្យា​ចោល​ហើយ មិន​ធ្វើ​នោះ​ឡើយ សូម​បង​ប្អូន​ចង​ចាំ​ថា អ្នក​ថា​មិន​ដូច​អ្នក​ធ្វើ​នោះ​ឡើយ ។ ម៉្យាង​វិញ​ទៀត បើ​ទោះ​បី​ជា​អំណោយ​នេះ មាន​តិច​តួច​ក៏​ពិត​មែន តែ​វា​អាច​ជួយ ដោះ​ស្រាយ ជីវភាព​បង​ប្អូន​បាន​មួយ​រយៈ​ពេល​ដែរ ។ ដូច្នេះ​ សូម​បង​ប្អូន​ត្រូវ​តែ​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រកប​របរ​ចិញ្ជឹម​ជីវិត រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ ។ លើស​ពី​នេះ​ទៀត ដើម្បី​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់ ​ជា​យថា​ហេតុ សូម​បង​ប្អូន​សាង​សង់​ផ្ទះដោយ​កប់​ជើង​សរ​សរ​អោយ​បាន​ជ្រៅ ឬ​ចាក់​ក្រវ៉ាត់​ក្រោម រឹត​តែ​ល្អ​ប្រសើរ និង​ត្រូវ​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព និង​មិន​ត្រូវ​ជ្រក​ក្រោម​ដើម​ឈើ​ធំៗ​នៅ​ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់​ឡើយ ។ ពេល​បើក​បរ ត្រូវ​គោរព​ច្បាប់​ចរា​ចរណ៍ និងអប់រំ​កូន​ចៅ​ឲ្យ​ចៀស​ផុត​ពី​គ្រឿង​ញៀន ។

ជា​ចុង​ក្រោយ ឯក​ឧត្តម បាន​អំពាវ​នាវ​ ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ទៅ​បោះ​ឆ្នោត​ជ្រើស​រើស ​ថ្នាក់​ដឹក​នាំ​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដើម្បី​បាន​បន្ត​ ដឹក​នាំ​ប្រកប​ដោយ​សុខ​សន្តិ​ភាព និង​អភិ​វឌ្ឍន​ភាព ៕