ពិធីកាត់ខ្សែរបូសម្ពោធឆ្លងព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តមុនីពោធិញាណ ហៅវត្តព្រែកកំពង់ស្ដេច  ស្រុកសន្ទុក

142

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវឧកញ៉ាបរិញ្ញាជីវិតបណ្ឌិតគុណធម៌ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែរបូសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តមុនីពោធិញាណ ហៅវត្តព្រែកកំពង់ស្ដេច ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមប្រមាណជាង៤ពាន់នាក់។

លោក ទូច សុខា អភិបាលស្រុកសន្ទុក បានឡើងធ្វើរបាយការណ៍អំពីការសាងសង់ព្រះវិហារ ក៏ដូចជាសមិទ្ធិផលនានាក្នុងវត្ត ដោយមានការគាំទ្រពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានមកចូលរួមកសាងជាបន្តបន្ទាប់នៅក្នុងវត្តនេះ មានដូចជា កសាងព្រះវិហារ ដងទង់ របង ក្លោងទ្វារ ស្រះទឹក ធ្វើផ្លូវបេតុង ជួសជុលសាឆាន់ រៀបចំបណ្ដាញអគ្គីសនី លូបង្ហូរទឹក តបណ្ដាញទឹក បន្ទប់ទឹក និងដាំកូនឈើជាច្រើនដើមផងដែរ។

លោកជំទាវឧកញ៉ាបរិញ្ញាជីវិតបណ្ឌិតគុណធម៌ សៀង ចាន់ហេង មានប្រសាសន៍ថា ការកសាងសមិទ្ធិផលទាំងអស់នេះ គឺមានរយៈពេលជាងបីឆ្នាំមកហើយ ដោយមានការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះចៅអធិការវត្តសហការគ្នា ដើម្បីរៀបចំកសាងវត្តនេះឡើង។ លោកជំទាវបន្តទៀតថា ដើម្បីអោយពុទ្ធសាសនាមានការរីកចំរើន លុះត្រាតែយើងទាំងអស់គ្នាជាអាចារ្យ គណកម្មការចំណុះជើងវត្តទាំងអស់ ខិតខំជួយឧបត្ថម្ភគាំទ្រ និងជួយផ្សព្វផ្សាយពីពុទ្ធសាសនា ដើម្បីឲ្យវិស័យពុទ្ធសាសនាស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយ និងពុទ្ធបិរស័ទទាំងអស់ ដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ និងថវិកា ក្នុងការសាងសង់សមិទ្ធិផលជាច្រើននៅក្នុងវត្តអារាមនេះ។ ឯកឧត្តមបន្ថែមទៀតថា ប្រសិនបើប្រទេសជាតិ គ្មានកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាពលរដ្ឋ ក៏គ្មានសេរីភាព ប្រទេសជាតិក៏គ្មានការអភិវឌ្ឍ ដូចសព្វថ្ងៃនេះដែរ។ ហើយសុខសន្តិភាពដែលមាននៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ គឺបានមកដោយការលំបាកណាស់ គឺបានមកដោយការ លះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំប្រទេសយើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សាសុខសន្តិភាពនេះឲ្យនៅគង់វង្ស ត្រូវប្រឆាំងដាច់ខាតគ្រប់ចលនាណាមួយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាយើង។

ឯកឧត្តម សុខ លូ ក៏បានធ្វើការអំពាវនាវផងដែរដល់សមាសភាពអ្នកចូលរួមទាំងអស់ ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅលើសុខភាព និងអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងគោរពច្បាប់ចរាចរណ៍។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងកុំព្យាយាមសាកល្បងអោយសោះ។

ចុងក្រោយ ឯកឧត្តម ព្រមទាំងលោកជំទាវ បានបំពាក់គ្រឿងឥសិរិយស្សជូនដល់សប្បុរសជន និងចែកអំណោយជូនដល់លោកយាយ លោកតា និងលោកគ្រូ អ្នកគ្រូ និងសិស្សានុស្ស ព្រមទាំងកាត់ខ្សែរបូរដាក់ ឲ្យប្រើប្រាស់ព្រះវិហារនេះចាប់ពីថ្ងៃនេះតទៅ៕