ពិធីបុណ្យស្រោចសុគន្ធវារីប្រគេនព្រះគ្រូ ណឹប អ៊ាន និងព្រះគ្រូ ឡាំ អិត ជាមន្រ្តីសង្ឃខេត្តកំពង់ធំ

236

នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ នៅវត្តក្តីដើម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសតែងតាំង និងស្រង់សុគន្ធវារីប្រគេនព្រះគ្រូ ណឹប អ៊ាន និងព្រះគ្រូ ឡាំ អិត ជាមន្រ្តីសង្ឃខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈាង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងមានអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈាង មានសង្ឃដីកាលើពិធីប្រទានសុគន្ធវារីប្រគេនព្រះគ្រូសុធម្មប្បញ្ញា ណឹប អ៊ាន ជាព្រះធម្មធរគណខេត្ត និងព្រះគ្រូសុធម្មប្បញ្ញា ឡាំ អិត ជាព្រះសមុហ៍គណខេត្ត ដោយលើកឡើងថា ការតែងតាំង និងប្រគេនព្រះសុគន្ធវារី គឺជារៀងល្អប្រពៃខ្លាំងណាស់ព្រោះការតែងតាំង និងប្រគេនព្រះសុគន្ធវារីនេះមិនមែនចេះតែធ្វើឡើងតាមតែចិត្តនោះឡើយ ហើយពិធីនេះក៏កម្រនឹងមានដែរ ។

ព្រះឧត្តមចរិយាបណ្ឌិត មានសង្ឃដីកាបន្តថា មន្ត្រីសង្ឃ ព្រះចៅអធិការ គ្រប់រូបជាសេនាធិការក្នុងការជួយជ្រោមជ្រែង ការពារអភិរក្ស និងក៏សាងសមិទ្ធិផលនានា ក្នុងវត្តអារាម ដោយមានព្រះសង្ឃដែលមានសមត្ថភាព និងក្រមវិន័យត្រឹមត្រូវ ទើបខេត្តកំពង់ធំមានវត្តអារាមជាច្រើន ដែលជាកន្លែងសម្រាប់ពុទ្ធបរិស័ទប្រតិបត្តិ និងគោរពបូជា ក្នុងវិស័យព្រះពុទ្ធសាសនា ។

មួយវិញទៀតពិធីប្រគេនព្រះសុគន្ធវារីនាពេលនេះសរបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃសម្តេចសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែខិតខំយកចិត្តទុកដាក់ដឹកនាំមិនខ្លាចនឿយហត់ទាំងកម្លាំងកាយចិត្ត ។ ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ដោយព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឲ្យចេះសណ្តោសប្រណៃ អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នា កសាងកុសល ផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ៕