ពិធីបុណ្យ​វិសាខ​បូជា​នៅខេត្តកំពង់ធំ

194

នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ឯក​ឧត្តម សុខ លូ អភិ​បាល​ខេត្ត​កំពង់​ធំ និង​លោក​ជំទាវ អភិបាល​រង​ខេត្ត ព្រម​ទាំង​មន្រ្តី​រាជ​ការ កង​កម្លាំង និង​ពុទ្ធ​បរិស័ទ​ក្នុង​ខេត្ត បាន​ចូល​រួម​ប្រារព្ធ​ពិធី​វិសាខ​បូជា​នៅ​វត្ត​ឥន្រ្ទីយ៍​សំ​វ​រ: (ហៅ​វត្ត​កំពង់ធំ) ។

បុណ្យ​វិសាខ​បូជា គឺ​ជា​ពិធី​បុណ្យ​មួយ ​របស់​ព្រះ​ពុទ្ធ​សាសនា ​ដែល​មាន​អាយុ​កាល ២៥៦០ ឆ្នាំ មក​ហើយ និង​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ប្រភព​ដើម​នៃ​ពុទ្ធ​សក​រាជ ដែល​ប្រទេស​កាន់​ពុទ្ធ​សាសនា ​និយម​ប្រើ​ប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ ដូច្នេះ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​កាន់​ពុទ្ធ​សាសនា​នៅ​ភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​យើង​នេះ​ក្ដី នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ក្ដី តែង​តែ​ប្រារព្ធ​ធ្វើ​ពិ​ធី​បុណ្យ​វិសាខ​បូជា​នេះ​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ១៥​កើត ខែ​ពិសាខ ។ នៅ​ឆ្នាំ ១៩៩៩ សមា​ជិក​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ចំនួន​ជិត ២០០ ​ប្រទេស បាន​អនុម័ត​ជា​ឯក​ច្ឆន្ទ​ទទួល​ស្គាល់ និង​ចាត់​ទុក​បុណ្យ​វិសាខ​បូជា​របស់​ព្រះ​ពុទ្ធ​សាសនា​ជា​បុណ្យ​អន្តរ​ជាតិ​ផង​ដែរ ។ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​ទុក​បុណ្យ​វិសាខ​បូជា គឺ​ជា​ថ្ងៃ​បុណ្យ​ជាតិ ។ ប្រជា​ជន​កម្ពុជា​នាំ​គ្នា​ធ្វើ​ម្ហូប​អាហារ បង្អែម​សម្រាប់​ទៅ​វត្ត ពី​ព្រលឹម​ដើម្បី​ប្រគេន​ចង្ហាន់​ជូន​ព្រះ​សង្ឃ និង​ស្តាប់​លោក​ធ្វើ​ធម្ម​ទេសនា ។

ក្នុង​ពិធី​បុណ្យ​នេះ ឯក​ឧត្តម សុខ លូ មាន​ប្រសាសន៍​ថា បុណ្យ​វិសាខ​បូជា គឺ​ជា​ពិធី​បុណ្យ​ដែល​ពុទ្ធ​សាសនិក​ចាត់​ទុក​ជា​បុណ្យ​ សំខាន់​បំផុត ក្នុង​ចំណោម​បុណ្យ​ដទៃៗ​ទៀត ក្នុង​ព្រះ​ពុទ្ធ​សាសនា ពី​ព្រោះ​បុណ្យ​នេះ គឺ​ជា​ការ​គោរព រំឭក​ នឹក​ដល់​ព្រឹត្តិ​ការណ៍​ធំៗ​ បី ក្នុង​សម័យ​កាល​របស់​ព្រះ​សម្មា​សម្ពុទ្ធ​សម​ណគោ​តម គឺ ១). ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា គឺ​ព្រះ​ពុទ្ធ​បាន​ប្រ​សូត្រ​នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ចរ មុន គ.ស ៦២៣ ឆ្នាំ ២). ទ្រង់​ត្រាស់​ដឹង​អនុត្ដរ​សម្មា​សម្ពោ​ធិញាណ គឺ​ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ​រការ មុន គ.ស ៥៨៨ ឆ្នាំ ៣). ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន ក្នុង​ព្រះ​ជន្ម ៨០​ព្រះ​វស្សា នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ មុន គ.ស ៥៤៣ ឆ្នាំ ។  ព្រឹត្តិ​ការណ៍​ទាំង​បី​នេះ គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញ​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

ដើម្បីអប​អរ​ពិធីបុណ្យ​វិសាខ​បូជា ក៏​ដូច​ជា​ការ​ជួយ​លើក​ស្ទួយ​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ រដ្ឋ​បាល​ខេត្ត​កំពង់​ធំ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ ឯក​ឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់​ធំ ត្រេក​អរ​ជ្រះ​ថ្លា បាន​រៀប​ចំ​ផ្ទាំង​ប៉ាន​ណូ​ធំៗ​ ជា​ច្រើន​ផ្ទាំង បង្ហាញ​ពី​អត្ថន័យ​ នៃ​ពិធី​បុណ្យ​ វិសាខ​បូជា (ព្រះ​ពុទ្ធ​ទ្រង់​ប្រសូត្រ ត្រាស់​ដឹង និង​ចូល​បរិ​និព្វាន) ។ តាម​រយៈ​រូប​ភាព​លើ​បដា​ទាំង​នេះ រដ្ឋបាល​ខេត្ត ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា វា​នឹង​បាន​​ជា​ប្រយោជន៍ ជួយ​ដាស់​តឿន​រំលឹក​ដល់​យើង​ទាំង​អស់​គ្នា ឲ្យ​សាង​អំពើ​ល្អ សន្សំ​បុណ្យ​កុសល ចៀស​ឲ្យ​ផុត​ពី​អំពើ​បាប​ផ្សេងៗ និង​រស់​នៅបាន​សុខ​សាន្តក្នុង​សង្គម​ទាំង​អស់​គ្នា ។


បន្ថែមលើស​ពីនេះ​ទៅទៀត ខេត្ត​កំពង់ធំ ​ក៏​បាន​រៀប​ចំជា​ព្រឹត្តិការណ៍​បុណ្យ​វិសាខ​បូជា ដោយ​មាន​ការ​រៀប​ចំ​ឲ្យ​មាន​ជា​ក្បួន​ដង្ហែរ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ ជា​ពិសេស​តាម​ដង​ផ្លូវ បាន​ឃើញ និង​បាន​ចូល​រួម​សម្តែង​នូវ​ទឹក​ចិត្ត​ជ្រះ​ថ្លា សាមគ្គី​ភាព ការ​ចែក​រំលែក សន្សំ​បុណ្យ​កុសល ភ្ជាប់​និស្ស័យ​ក្នុង​ពុទ្ធ​សាសនា ចាប់​ពី​ថ្នល់​បំបែក សៀម​រាប​-​ព្រះ​វិហារ កាត់​តាម​កណ្តាល​ក្រុង ឆ្ពោះ​ទៅ​កាន់​រង្វង់​មូល​បល្ល័ង្ក រួច​ដង្ហែរ​ត្រឡប់​មក​កាន់​ទី​វត្ត​កំពង់​ធំ​វិញ ។

ជា​ចុង​ក្រោយ ឯក​ឧត្តម​អភិបាល​ខេត្ត បាន​បញ្ជាក់​ថា ការ​រៀប​ចំ​ពិធី​បុណ្យ​នេះ​ទៅ​បាន ក៏​ដោយ​សារ​ម្លប់​សន្តិភាព ដែល​មាន​ សម្តេច​តេជោ​ ជាប្រមុខ​ដឹក​នាំ និង​សូម​ឲ្យ​លោក​តា លោក​យាយ បង​ប្អូន​ ពុទ្ធ​បរិស័ទ ទាំង​អស់ បន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​នេះ ឲ្យ​បាន​គង់​វង្ស​យូរ​អង្វែង​ទៀត ។ ឯកឧត្តម ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​ពុទ្ធ​បរិស័ទ​ទំាង​អស់ ដែល​បាន​ជួយ​រៀប​ចំ ពិធីបុណ្យ វិសាខ​បូជា​នេះ​ឡើង ឲ្យ​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង ក៏​ដូច​ជា​ការ​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​កាន់​តែ​រឹង​មាំ​ផង​ដែរ ។

រដ្ឋបាល​ខេត្ត​កំពង់​ធំ សូម​ជូន​ពរ ឯក​ឧត្តម លោក​ជំទាវ លោក លោក​ស្រី ទាំង​អស់ សូម​ជួប​តែ​សុខ​សប្បាយ​ក្នុង​ថ្ងៃ​បុណ្យ​ពិសាខ​បូជា​នេះ ៕ សូម​អនុ​មោទ​នា!!! សាធុ! សាធុ! សាធុ!!!