ពិធីបើកមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាបុណ្យជាតិ ៧ មករា

142

ពិធីបើកមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាបុណ្យជាតិ ៧ មករា ឆ្នាំ២០១៨ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅល្ងាចថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។

លោក ឆាង កង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានធ្វើរបាយការណ៍សង្ខេប អំពីការរៀបចំមហោស្រពនេះ ដែលមានរយៈពេល ៣រាត្រី គឺចាប់ពីរាត្រីថ្ងៃទី០៧ ដល់ ០៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ក្នុងនោះលោកប្រធានមន្ទីរ បានបញ្ជាក់ថា បេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងសរុបចំនួន ៨៤នាក់ បេក្ខនារី ១៤នាក់ និងធ្វើការសមជម្រុះ នៅសល់បេក្ខជន បេក្ខនារី ចំនួន ៤៤នាក់ អ្នកចម្រៀងសម័យ មានចំនួន ៣៧នាក់ បេក្ខនារី ១១នាក់ អ្នកចម្រៀងបុរាណ មានចំនួន ០៧នាក់ បេក្ខនារី ០២នាក់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងអំណរគុណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំយកចិត្តទុកដាក់ និងប្រឹងប្រែងក្នុងការរៀបចំមហោស្រពសិល្បៈប្រឡងចម្រៀង សម័យ-បុរាណ ដើម្បីរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ និងបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយមិនមានការភ័យខ្លាចដូចមុនទៀតទេ។ ឯកឧត្តម បន្ថែមទៀតថា មហាជ័យជំនះ ៧ មករា ១៩៧៩ គឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ ដែលបានជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ប្រល័យពូជសាសន៍នាអំឡុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រសិនបើគ្មានថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាក៏គ្មានអ្វីៗដូចថ្ងៃនេះ ដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសិទ្ធិសេរីភាព ជាពិសេស សិទ្ធិមានជីវិតរស់នៅ និងមានការស្តារ អភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា។

ម្យ៉ាងវិញទៀតមោទនភាពរបស់ខេត្តកំពង់ធំ គឺប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ដែលជាអត្តសញ្ញាណរបស់ជាតិ ដូចពាក្យស្លោកពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កុំថ្កើង»។ ចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើរដល់ក្មួយៗជាបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងចម្រៀងក្នុងមហោស្រពពេលនេះ ត្រូវខិតខំប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ជ័យលាភី សម្រាប់អង្គមហោស្រព ដើម្បីក្លាយជាអ្នកបន្តវេនពីរៀមច្បងបន្តទៀត៕