ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ក្នុងខេត្តកំពង់ធំ

305

នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី ប្រកាស​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សា ឃុំ​សង្កាត់ អាណត្តិ​ទី៤ ពេលព្រឹក​នៅ​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន និង​ពេលរសៀល​នៅ​ឃុំ​ទ្រា ស្រុក​ស្ទោង ។

នាឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម សុខ លូ មានមតិ​សំណេះសំណាល​ថា៖ “ខ្ញុំសូម​ចូលរួម​អបអរសាទរ​ចំពោះ​លោក លោកស្រី ដែល​បាន​ជាប់​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៤ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងមកនេះ” ។ ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា ការប្រកាស​សុពលភាព​ជូន​ក្រុមប្រឹក្សាឃុំ សង្កាត់​ទើប​ជាប់​ថ្មី ដូច​មានចែង​ក្នុងការ​កំណត់ ១៤ថ្ងៃ ក្រោយ​ការប្រកាស​លទ្ធផល​ផ្លូវការ ។ តែ​ដើម្បី​ឲ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់​នៃ​អាណត្តិ​ថ្មី​ទាំងអស់ ឆាប់​បាន​ចូលកាន់​តំណែង និង​បាន​ចូលធ្វើការ បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឯកឧត្តម បានរៀបចំ​កម្មវិធី ប្រកាស​សុពលភាព​នេះ​ជូន​ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៨១ ក្នុង​ខេត្ត ត្រឹម​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ តែប៉ុណ្ណោះ ដើម្បី​ឲ្យ​មេឃុំ ចៅសង្កាត់​ថ្មី មាន​ពេល​កាន់តែ​ឆាប់​ក្នុងការ​បន្ត​រ​និរន្ត​ភាព​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ។

ឯកឧត្តម បានលើកឡើង​ថា៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នេះ ត្រូវបាន​ទទួលស្គាល់​ពីសំណាក់ អង្គការ​អន្តរជាតិ​នានា ជាពិសេស​ស្ថានទូត​សហរដ្ឋអាមេរិក ទទួលស្គាល់ថា​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី៤នេះ ពិតជា​មាន តម្លាភាព សុក្រឹត្យភាព យុត្តិធម៌ និង​សេរី ពិតប្រាកដ​មែន ។ យើង​ពិតជា​មាន​មោទនៈ​ភាព​ណាស់ ដែល​យើង​រៀបចំ​ការបោះឆ្នោត​ខ្លួន​យើង ហើយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​បោះ​រហូតដល់​ជាង ៩០% នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប ហើយ​ធ្វើបាន​ជោគជ័យ​លើស​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី​នេះ​ផងដែរ ។

នាឱកាស​នេះដែរ ឯកឧត្តម បាន​ពាំនាំ​មកជា​មួយ​នូវ​សារ ដ៏​មាន​សារៈសំខាន់​មួយចំនួន​ជូន មេឃុំ ចៅសង្កាត់ ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗនេះ​ដូចខាងក្រោម៖

-ក្រុមប្រឹក្សា​ដែល​ទើប​ជាប់ឆ្នោត​អាណត្តិ​ថ្មី ត្រូវ​យល់ថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គឺ​បោះឆ្នោត​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​ស្វ័យភាព​ក្នុងការ​ដឹកនាំ ការអភិវឌ្ឍន៍​មូលដ្ឋាន និង​ត្រូវ​ចាំ​ថា ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏​ជាផ្នែក​មួយ​នៃ​អំណាច​ប្រតិបត្តិ​របស់​រដ្ឋ​ដែរ ដូច្នេះ ត្រូវអនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ជាធរមាន ជាពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​ឃុំ សង្កាត់ ។
-មេភូមិ អនុ​ភូមិ សមាជិក​ភូមិ ពុំមាន​អាណត្តិ​ទេ ដូចនេះ​ការបោះឆ្នោត​នេះ​មិនមែន​មានន័យថា​បោះឆ្នោត ដូរ​មេភូមិ ឬ​អនុ​ភូមិ និង​សមាជិក​ភូមិ​ទេ ។ ការផ្លាស់ប្តូរ​មេភូមិ ឬ​អនុ​ភូមិ គឺ​ត្រូវអនុវត្ត​តាមសេចក្តី​ណែនាំ លេខ ០០៤ សណ​ន ចុះ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់​ក្រសួងមហាផ្ទៃ ។
-មេឃុំ ចៅសង្កាត់​ថ្មី ត្រូវ​រៀបចំ​ប្រជុំ​ក្រុមប្រឹក្សា​ខ្លួន​ភ្លាម ដើម្បី​អនុម័ត​បទបញ្ជាផ្ទៃក្នុង ឃុំ សង្កាត់​របស់ខ្លួន ហើយ​ត្រូវ​ចម្លងជូន​អភិបាលខេត្ត​យ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពី​ប្រជុំ​អនុម័ត​រួច ដើម្បី​ពិនិត្យ​នីត្យានុកូលភាព ។
-ក្រុមប្រឹក្សា​អាណត្តិ​ថ្មី ត្រូវ​រៀបចំ​កែសម្រួល​សមាសភាព​គណៈកម្មការ​លទ្ធកម្ម និង​គណៈកម្មការ​គ្រប់គ្រង​គម្រោង ឃុំ សង្កាត់ ដើម្បី​ពិនិត្យ ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សេវាកម្ម​នានា​នៅ​សេសសល់​ពី​អាណត្តិ​មុន ដែល​មិនទាន់បាន​អនុវត្ត តែ​ធ្វើ​លទ្ធកម្ម​រួច ឬ​បានធ្វើ​លទ្ធកម្ម​ហើយ​កំពុង​អនុវត្ត ឬ​កំពុង​ស្ថិតក្នុង​កិច្ចសន្យា ត្រូវអនុវត្ត​បន្ត​គម្រោង​ទាំងនោះ​រហូតដល់​ចប់ ក្រោយពេល​ចូលកាន់​មុខតំណែង ។
-ទន្ទឹមគ្នា​នោះ ផ្អែក​តាមច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន ផ្ញើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​រយៈពេល៣០ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​ថ្ងៃ​ប្រកាស​សុពលភាព​នេះ ។
-ត្រូវ​រៀបចំ​កែសម្រួល​សមាសភាព​គណៈកម្មាធិការ​កសាង​ផែនការ និង​ថវិកា​ឃុំ សង្កាត់ ដើម្បី​ត្រៀម​រៀបចំ​កសាង​ផែនការអភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់ខ្លួន ។
-រៀបចំ​ផ្លាស់ប្តូរ​គំរូ​ហត្ថលេខា​មេឃុំ ចៅសង្កាត់​ថ្មី និង យក​គំរូ​ហត្ថលេខា​មក​តម្កល់ទុក​នៅ​រតនាគារ និង​ធនាគារ​ដែលមាន​គណនី​របស់​ឃុំ-សង្កាត់ ដើម្បី​បើកប្រាក់​បៀវត្ស ប្រាក់ឧបត្ថម្ភ​ផ្សេងៗ និង ទូទាត់​ថវិកា​ជូន​អ្នកទទួលការ តាម​កិច្ចសន្យា​នីមួយៗ ដែលមាន ។
-ត្រូវ​យកចិត្តទុកដាក់ និង​លើកកម្ពស់​គណនេយ្យភាព តម្លាភាព​ក្នុងការ​អនុវត្ត​កិច្ចការ​ប្រចាំថ្ងៃ ដែលជា​កត្តា​នាំទៅរក​អភិបាលកិច្ច​ល្អ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាពត្រឹមត្រូវ សុចរិតភាព ក្នុងការ​ចាត់ចែង អនុវត្ត​ការងារ​នានា ។
-ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី​នេះ ត្រូវ​ចេះ​សាមគ្គីភាព​គ្នា ដោយ​មិន​ប្រកាន់ និន្នាការ​បក្សនយោបាយ គឺ​ធ្វើ​ក្នុងនាម បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ព្រោះ​ពាក្យ​ថា​ក្រុមប្រឹក្សា គឺ​សំដៅលើ​ការ ធ្វើការងារ​ជា​ក្រុម កាលណា​យើង​រួបរួមគ្នា ធ្វើ​ឲ្យ​យើង​មាន​សន្តិភាព ដែលជា​គ្រឹះ​នៃ​ការអភិវឌ្ឍន៍ ។

ចុងបញ្ចប់ ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​លោក លោកស្រី ដែល​ទើបបាន​ជាប់ឆ្នោត​ថ្មី និង​ជាប់ឆ្នោត​ឡើងវិញ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​អាណត្តិ​ទី៤ សូម​មាន​ឆន្ទៈ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ទាំង​កម្លាំង​ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​របស់ខ្លួន ជាពិសេស​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា​នៅក្នុង​កិច្ចការ​របស់ខ្លួន ៕