ពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរង និងនាយករដ្ឋបាលស្រុកសន្ទុក

17

នៅព្រឹកថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ សាលាស្រុកសន្ទុក បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង និងនាយករដ្ឋបាលស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកមេឃុំនិងមេភូមិផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា លោក លោកស្រីដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុក និងជានាយករដ្ឋបាលស្រុក ទើបប្រកាសថ្មីៗ ត្រូវតែប្ដេជ្ញាចិត្ត អនុវត្តនិងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាម្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ ចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា សហការជាមួយដៃគូអង្គភាពចំណុះអោយស្រុក ចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើផែនការប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ បំពេញនូវចំណុចខ្វះខាតនិងសហការជាមួយមន្ត្រីទាំងអស់នៅក្នុងស្រុក ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីអោយការងារនៅក្នុងស្រុករបស់យើងរីកចម្រើន ។ មន្រ្តីទើបតែតែងតាំងថ្មីនេះត្រូវយកចិត្តទុកដាក់រាល់ការងារទាំងអស់ ឲ្យមានលក្ខណៈប្រសើរឡើង ធ្វើការផ្សព្វផ្សាយនូវអ្វីដែលខ្លួនទទួលបានជោគជ័យទៅដល់មូលដ្ឋានរបស់ខ្លួនដែលចង់បានចុះជំរុញ និងលើកទឹកចិត្តសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់របស់ប្រជាពលរដ្ឋ។

នៅចុងបញ្ចប់ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់អស់លោក លោកស្រី ដែលបានចូលរួមនៅពេលនេះត្រូវពង្រឹងនិងអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង និងចេះសហការគ្នាសាមគ្គីគ្នាដើម្បីអភិវឌ្ឍស្រុកសន្ទុក ឲ្យមានការរីកចម្រើនព្រមទាំងទទួលបាននូវជោគជ័យភារកិច្ចរបស់ខ្លួនខ្ញុំសូមផ្ដាំផ្ញើ ដល់អាជ្ញាធរភូមិឃុំត្រូវចេះសហការគ្នានៅតាមមូលដ្ឋានធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ពិធីប្រកាសចូលកាន់មុខតំណែង របស់មន្ត្រីរាជការ សាលាស្រុកសន្ទុក មានចំនួន៣រូបគឺ
១ លោក អ៊ូ លីនេ តែងតាំង ជាអភិបាលរងស្រុក
២ លោកស្រី ឡេង សុខី តែងតាំង ជាអភិបាលរងស្រុក
៣ លោក ហេង ធារ៉ា តែងតាំង ជានាយករដ្ឋបាលស្រុក