ពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨

147

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ បានរៀបចំពិធីប្រកាសទទួលស្គាល់ ប្រធាន និងអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តិទៅនៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម សុខ លូ  អភិបាលខេត្ត ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ក្រុង ស្រុក និងបណ្តាមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើរបាយការណ៍សង្ខេប ពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ក្នុងនោះសមាជិកអតីតយុទ្ធជនសរុប មានចំនួន ៣,៤៩២នាក់ ពិការចំនួន ១,៤០២ នាក់ ពលី ចំនួន ១,១០៥ នាក់ មរណៈចំនួន ១៨៤ នាក់ និវត្តជនចំនួន ៦៣៨ នាក់ បាត់បង់ចំនួន ១៦២ នាក់ និងបានជួយសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជន ចំនួន៤៤ខ្នង អស់ថវិកា ២០១,៥៧១,០០០ រៀល ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានកិត្តិយសដែលទើបតែងតាំងថ្មី មានប្រសាសន៍លើកឡើងថា ដើម្បីឆ្លើយតបចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានចូលរួមចំណែកកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើការប្តេជ្ញាចិត្ត ខិតខំបំពេញតួនាទីភារកិច្ច ចុះជួយជានិច្ច ចំពោះគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្ត ដែលមានជីវភាពលំបាក ឬជួបនូវហេតុការណ៍ផ្សេងៗ និងចុះស្រាវជ្រាវបន្តទៀត ដើម្បីសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ។

ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលនៅក្នុងរយៈពេល១ឆ្នាំ២០១៧កន្លងមកនេះ បានជំរុញសកម្មភាពសមាគម មានដំណើរការវិវត្តន៍ គួរឲ្យកត់សម្គាល់។ ក្នុងនោះកិច្ចសហការ ដឹកនាំសមាសភាពចម្រុះ កិច្ចពង្រឹង អង្គការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ឃុំ ការធ្វើបច្ចុប្បន្នភាពសមាជិកសមាគម ការបើកប្រាក់បេឡាមរណៈសង្គ្រោះ បានដល់ដៃ និងទាន់ពេលវេលាជូនគ្រួសារសព ការពិនិត្យដោះស្រាយរាល់សំណូមពរសមាជិកសមាគម ដែលកំពុងជួបការលំបាកខ្វះខាតជាក់ស្តែង ទទួលបាននូវទីជម្រក ផ្ទះសម្បែងសមរម្យ ផ្តល់គ្រឿងឧបភោគ បរិភោគជាដើម ដោយមិនទុកឲ្យបងប្អូនទទួលរងគ្រោះ ដោយយើងមិនបានដឹង និងមិនបានគិតគូរយកចិត្តទុកដាក់នោះឡើយ។

ក្នុងនោះ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើរ ដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្ត ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារអតីតយុទ្ធជនជាប្រចាំ ងាយស្រួលអាចជួយពួកគាត់បានទាន់ពេលវេលានៅ ពេលដែលពួកគាត់ជួបនូវហេតុការចាំបាច់នានា៕