ពិធីប្រកាសផ្ទេរចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកំពង់ធំ

234

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងជាប្រធានពន្ធនាគារខេត្តកំពង់ធំ ដោយលោក តាម វៃ ត្រូវចូលកាន់តំណែងជំនួសលោក ភាន ឆវ័ន្ត ដែលនឹងត្រូវផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្តកំពង់ធំ ទៅជាប្រធានពន្ធនាគារខេត្តសៀមរាប។ ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រតិភូអមដំណើរ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម សុខ លូ បានលើកឡើងពីការដឹកនាំរបស់លោក ភាន ឆវ័ន្ត កន្លងមកមានស្នាដៃជាច្រើន ដូចជាកសាងអគារ របង ប្រព័ន្ធសុវត្ថិភាពជាដើម ដោយការផ្លាស់ប្តូរនេះគ្មានអ្វីប្លែកនោះទេ។ ឯកឧត្តម ក៏បានជំរុញឲ្យលោក តាម វៃ ត្រូវបន្តការងារនៅសេសសល់ពីប្រធានអង្គភាពចាស់ ហើយត្រូវដឹកនាំអង្គភាព ឲ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទវិន័យ ក្រមសីលធម៌ និងតួនាទី ភារកិច្ចនៅក្នុង អង្គភាព ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយធ្វើការពិភាក្សាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើង។ ចំពោះមន្ត្រីខិលខូចមួយចំនួនតូចត្រូវ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល” ជាពិសេស ត្រូវបន្តក្តាប់ឲ្យបានរាល់បញ្ហាប្រឈម ការលំបាក និងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ប៉ាវ ហមផាន មានប្រសាសន៍លើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីខ្លួនឯង មិនត្រូវយកតួនាទីរបស់ខ្លួន ទៅគៀបសង្កត់អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារចេញជាដាច់ខាត បើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវឡើយ និងមិនត្រូវយកអ្នកណាម្នាក់ ចូលពន្ធនាគារគ្មានលិខិតស្នាមចេញពីអាជ្ញាធរតុលាការឡើយ។

ត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារ ត្រូវទប់ស្កាត់ការជ្រាបចូលនូវអ្វីដែលហាមឃាត់ ដូចជារបស់ប៉ះពាល់សុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ ទប់ស្កាត់គ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹងជាដាច់ខាត។

លោក តាម វៃ ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាគោរពរៀនសូត្រតាមគម្រូដឹកនាំរបស់អ្នកចាស់ ដោយខិតខំរិះរកបង្កើតគំនិតឆ្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាព ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រ របស់អគ្គនាយករដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រមសីលធម៌ របស់មន្ត្រីពន្ធនាគារ ចូលរួមសហការសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាព ការអប់រំស្ថានីតិសម្បទាជនជាប់ឃុំ។