ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូនមន្ត្រីនគរបាលខេត្តកំពង់ធំ ១៨៤នាក់

346

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ ព្រហស្បតិ៍ ០៤ កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុកនិងមន្ត្រីនគរបាលជាច្រើនរូប ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអានរបាយការណ៍លទ្ធផល ការងារអនុវត្តកន្លងមកក្នុងឆ្នាំ២០១៧ អំពីស្ថានភាពបទល្មើស កើតឡើងចំនួន ៧៨ លើក/៧៧លើក (កើន ០១ករណី) ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន ២០ លើក/១៦លើក (កើន ០៦លើក) កំណើនគឺបទល្មើសរំលោភសេពសន្ថវ:ចំនួន ១០លើក/២លើក និងបទល្មើសមជ្ឈឹមចំនួន ៥៨ លើក/៦១លើក (ថយចុះ ៣ លើក) ជាលទ្ធផលកងកម្លាំងនគរបាលបើកកិច្ចប្រតិបត្តិការបង្ក្រាបបានចំនួន ៣៧ ករណី ចាប់ខ្លួន ៤៤ នាក់ បង្ក្រាបស៊ើបអង្កេត ១៦ ករណី ចាប់ខ្លួន ២៤ នាក់ បង្ក្រាបបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៨១ ករណី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២០៧ នាក់ ស្រី ១៣ នាក់ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ចំនួន ៥១ នាក់ និងបញ្ជូនទៅមជ្ឈមណ្ឌល កែប្រែស្ដានីតិសម្បទាចំនួន ៤៦នាក់។ ដោយឡែកក្នុងពិធីនេះ មានការផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន ១៨៤នាក់ ផងដែរ។

ឯកឧត្តម សុខ លូ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានសំដែងនូវការអបអរសារទរ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលត្រូវបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ប្រគល់តួនាទី បំពាក់ឋានន្តរស័ក្កិ បំពាក់គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើរជូន ជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ និងជំរុញឲ្យនាយនគរបាល និងពលនគរបាលយើង ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឲ្យបាននូវបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអភិក្រមទាំងបួនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕