ពិធីប្រកាសព្រះរាជក្រឹត្យ និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនថ្វាយព្រះទេពសត្ថា សៀង សុខ មេគណខេត្តកំពង់ធំ

450

រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅវត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យ តែងតាំង ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្ត ជាព្រះទេពសត្ថាព្រះរាជាគណៈ ថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា និងស្រោចស្រពព្រះសុគន្ធវារី ដោយយាងមកជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញ ចូលរួមពីមន្ត្រីរាជការ ឧបាសក ឧបាសិកា លោកយាយ លោកតា និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ព្រះរាជវត្តមាន របស់សម្តេចព្រះសង្ឃ នាយក សម្តេចព្រះសង្ឃនាយករង នៅពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ នូវព្រះរាជហឫទ័យ យកចិត្តទុកដាក់ចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ក្នុងឱកាសនោះ ឯកឧត្តម បានទូលថ្វាយនូវស្ថានភាព និងវិស័យសាសនាក្នុងខេត្តកំពង់ធំ ដែលមានសាសនា៥គឺ សាសនាព្រះពុទ្ធ សាសនាគ្រីស្ទ សាសនាឥស្លាម សាសនាបាហៃ និងសាសនាព្រះនាងគង់ស៊ីអ៊ីម មានវត្តចំនួន ២៦៨វត្ត ក្នុងនោះគណៈធម្មយុត្តិកនិកាយ ២វត្ត និងមានអាស្រម ២៣ មជ្ឈមណ្ឌលវិបស្សនាធុរៈ ចំនួន ៥កន្លែង ព្រះសង្ឃ ៣.៦៤៥អង្គ និងអាចារ្យវត្ត ៨៨៩នាក់ ជូនដល់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងអង្គពិធីទាំងមូល ឲ្យបានជ្រួតជ្រាប ។

ទទ្ទឹមនោះដែរ ឯកឧត្តម ក៏បានលើកយកនូវជីវប្រវត្តិរបស់ ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្ត ដែលព្រះអង្គ ប្រសូត្រនៅថ្ងៃសុក្រ ខែមិគសិរ ឆ្នាំមមែ ព.ស ២៥២២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៧៩ នៅភូមិកំពង់រទេះ ឃុំកំពង់ធំ ស្រុកកំពង់សា្វយ ខេត្តកំពង់ធំ ។ នៅឆ្នាំ១៩៩៧ យុវជន សៀង សុខ បានចូលសាងផ្នួសក្នុងព្រះពុទ្ធសាសនានៅវត្តឥន្ទ្រីយសំវរៈ (ហៅវត្តកំពង់ធំ) រហូតដល់ឆ្នាំ ២០០៥ ។ បន្ទាប់ពីព្រះសត្ថាបារមី អាន ផ័យ ព្រះមេគណខេត្ត ទទួលអនិច្ចកម្មទៅ ព្រះភិក្ខុ សៀង សុខ បានទទួលតំណែងជាព្រះមេគណស្តីទី ។

នៅឆ្នាំ២០០៧ ព្រះភិក្ខុ សៀង សុខ ត្រូវបានតែងតាំងជាផ្លូវការ ជាព្រះមេគណខេត្តកំពង់ធំ ជំនាន់ទី៦ ហើយនៅឆ្នាំ២០០៩ ព្រះសត្ថាបារមី សៀង សុខ ត្រូវបានព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ត្រាស់បង្គាប់ តែងតំាងជា ព្រះមុនីរង្សី ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការដឹកនាំរបស់ព្រះសត្ថា បារមី សៀង សុខ សមិទ្ធផលថ្មីៗជាច្រើន បានរីកលូតលាស់គួរជាទីមោទន ជាពិសេសសំណង់ធំៗ (កុដិ សាលាពុទ្ធិកសិក្សា) ស្អាតៗនៅក្នុងវត្តកំពង់ធំ ដែលពីមុនពុំធ្លាប់មានឡើយ។ ដោយឃើញពីសមិទ្ធផលទំាងនេះ នៅឆ្នាំ២០១៧ថ្មីៗនេះ ព្រះសត្ថាបារមី សៀង សុខ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតំាងជា ព្រះទេពសត្ថា ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បានមានសង្ឃដីកាថា ក្នុងនាមជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ត្រូវមានព្រហ្មវិហារធម៌ទំាងបួនយ៉ាង មេត្តា ករុណា មុទិតា និង ឧបេក្ខា ព្រមទាំងមាន ការឯកភាពផ្ទៃក្នុង លះបង់អំពើអបាយមុខ ជាពិសេសសម្តេចបានអបអរសាទរចំពោះចំណាត់ការរបស់ឯកឧត្តម អភិបាលខេត្ត ដែលបានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុនស្រាបៀរទំាងអស់មិនឲ្យមាន ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរលើផ្ទាំងប៉ាណូកាត់ទទឹងថ្នល់ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៀតទេ ៕