ពិធីប្រគល់សម្ភារៈល្បាត ជូនដល់បណ្តាញសហគមន៏​ព្រៃឡង់ និងប្រជាសហគមន៍ការពារតំបន់ព្រៃឡង់ ចំនួន ២៣០នាក់

308

ក្រោម​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ចាយ សា​មិទ្ធ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម សុខ លូ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​លោកស្រី ផូ​លី ដា​ន់ហ្វត នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រគល់​សម្ភារៈ​ល្បាត​ព្រៃ ជូន​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ និង​បណ្តាញ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ចំនួន ​២៣០នាក់ នៅ​សាលប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ។

លោកស្រី ផូ​លី ដា​ន់ហ្វត លើកឡើងថា ខ្ញុំ​មានការ​រំភើប​យ៉ាង​ខ្លំាង​ក្រោយពី​ការមើលឃើញ​របាយការណ៍​ប្រចាំខែ​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក្នុង​ខេត្ត​ទំាងបួន​រួមមាន ខេត្តកំពង់ធំ ព្រះ​វិហា ស្ទឹងត្រែង និង​ក្រចេះ នៅក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ឃើញថា​បទល្មើស​ព្រៃឈើ​មានការ​ថយចុះ​គួរ​អោយ​កត់សម្គាល់ ។ អ្នក​កាប់​ឈើ​ខុសច្បាប់​ត្រូវបាន​ចាប់ខ្លួន អន្ទាក់​ចាប់​សត្វព្រៃ​ត្រូវបាន​ដកហូត សត្វព្រៃ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព ម៉ាស៊ីន​អារឈើ​ត្រូវបាន​ដកហូត ​ជាពិសេស​យើង​បានឃើញ​ផ្ទាល់​ភ្នែក នៅ​សហគមន៍ ​និង​អាជ្ញាធរ​មូលដ្ឋាន ​បានកំណត់​នូវ​តួនាទី​ស្របច្បាប់ ​និង​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​និង​រួមគ្នា​ការពារ​ព្រៃឈើ​ដែល​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ។


ឯកឧត្តម សុខ លូ បាន​ថ្លែង​អំណរគុណ​ដល់​អង្គការ USAID ​និង WINROCK ដែល​តែងតែ​ជួយឧបត្ថម្ភ​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ហើយ​នេះ​ជា​មោទនភាព​មួយ​ដែល​បរទេស​ស្រលាញ់​ធនធានធម្មជាតិ និង​ជីវចម្រុះ របស់​ប្រទេស​កម្ពុជា​យើង ហេតុនេះ​ក្នុងនាម​យើង​ជា​កូន​ខ្មែរ​ត្រូវ​ចេះ​ស្រលាញ់​ព្រៃឈើ ​ក្នុងស្រុក​យើង​ជាង​បរទេស ។ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ ឲ្យ​បាន​គង់វង្ស​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទដ្ឋាន​នានា តែ​វា​ពុំទាន់​គ្រប់គ្រាន់​នោះទេ លុះត្រាតែ​មានការ​ចូលរួម​ពី​យុវជន បងប្អូន​ប្រជាពលរដ្ឋ​ទំាងអស់ រួមទំាង​សហគមន៍​ព្រៃឈើ ​ពីព្រោះ​ព្រៃឈើ​មិនមែនជា​របស់​បុគ្គល ឬ​ក្រុម​ណាមួយ​ឡើយ ដូចនេះ​ក្នុងនាម​យើង​ជា​ពលរដ្ឋ​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់ៗគ្នា ។
ដោយ​កន្លងមកនេះ ទោះបីជា​អាជ្ញាធរខេត្ត​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ថយចុះ​ក៏ដោយ តែ​ក្នុងនាម​ខ្ញុំ​ជា​អភិបាលខេត្ត​នៅតែ​ព្យាយាម​បន្ត​បង្ក្រាប​បទល្មើស​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ដើម្បី​ឈានទៅ​លុបបំបាត់​ទាំងស្រុង ហើយ​ខ្ញុំ​ប្តេជ្ញា​នៅតែ​បន្ត​គាំទ្រ​បណ្តាញ​សហគមន៍​ក្នុង​កិច្ចការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​ជាប​ន្ត​ទៀត។ ឯកឧត្តម​បន្តទៀតថា បើ​ប្រជាពលរដ្ឋ​របស់​យើង​មិន​យល់​ពីសា​រៈ​សំខាន់​នៃ​ទិន្នផល​និង​អនុផល​ព្រៃឈើ​ទេ កិច្ចការពារ​ព្រៃឈើ​របស់​ពួកយើង​នឹង​ជួប​ផលវិបាក ហេតុនេះ សូម​មន្ត្រី​អភិរក្ស​ព្រៃឈើ​ទំាងអស់ ជួយ​អប់រំ​ប្រជា​ពលរដ្ឋ​ពីសា​រ​ប្រយោជន៍ និង​កិច្ចការពារ​ព្រៃឈើ ដើម្បី​ថែរក្សា​ព្រៃឈើ​របស់​យើង​ឲ្យ​បាន​គង់វង្ស។

បន្ទាប់មក​ឯកឧត្តម ចាយ សា​មិទ្ធ បាន​ថ្លែងអំណរគុណ​ដល់​គម្រោង​គំាទ្រ​ព្រៃឈើ និង​ជីវចម្រុះ​នៃ​ទីភ្នាក់ងារ (USAID) អនុវត្ត​ដោយ​អង្គការ វីន​រ៉ក់​អន្តរជាតិ (WINROCK) ដែល​បានប្រគល់​សម្ភារៈ​ល្បាត​ព្រៃ​ជូន​ដល់​សមាជិក​ចំនួន ២៣០នាក់ មកពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ ដែល​ស្ថិតនៅក្នុង​ខេត្ត​ចំនួន​បួន​នៃ​តំបន់​ព្រៃ​ឡង់ ដែលមាន​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន ១៣៣សហគមន៍ ក្នុងនោះ​មាន ២៤១ភូមិ លើ៧២ឃុំ ដែលមាន​ប្រជាពលរដ្ឋ ៣២,៥៩៤គ្រួសារ ទៅលើ​ផ្ទៃដី២០ម៉ឺន​ហិកតា ដែលមាន​មន្ត្រី​ឧទ្យា​នុរក្ស​នៃ​ក្រសួងបរិស្ថាន​ដែល​កំពុង​ឈរជើង​នៅក្នុង​ដែន​ជម្រក​នេះ ដើម្បី​ជម្រុញ​ឲ្យ​មាន​កិច្ចការពារ ​និង​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​ទៅលើ​ធនធាន​ព្រៃឈើ​នៅ​សេសល់ ហើយ​សមាជិក​ម្នាក់ៗកញ្ចប់​សម្ភារៈ​មានដូចជា៖ កាបូបស្ពាយ ស្បែក ជើង​ក​វែង តង់ អាវភ្លៀង អង្រឹង ពឹល ជី​ភី​អេស (GPS) កាមេរ៉ា កញ្ចប់​ថ្នាំពេទ្យ វិទ្យុទាក់ទង និង​ឧបករណ៍​ផ្សេងៗទៀត។ ដោយសារ​ព្រៃ​ឡង់​មាន​សារសំខាន់ ព្រោះ​វា​មាន​សក្តានុពល​ផ្នែក​ជីវចម្រុះ ការរក្សា​លំនឹង​បរិស្ថានធម្មជាតិ​ក្នុង​តំបន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រភព​អាងស្តុកទឹក​ដ៏​សំខាន់ សម្រាប់​បឹងទន្លេសាប​ទាំងមូល និង​ជា​អាងស្តុកទឹក​ទុក​សម្រាប់​ប្រភពទឹក​ក្រោម​ដី ជាទី​តាំង​ចម្រាញ់​ជាតិពុល ដូច្នេះហើយ​ទើប​មានការ​ចាប់អារម្មណ៍​ពី​ពួក​បរទេស​ផងដែរ។
ជា​ចុងបញ្ចប់​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យមានការ​ថយចុះ ជាពិសេស​អង្គការ USAID ដែល​បាន​ជួយ​ដល់គម្រោងគាំទ្រ​ព្រៃឈើ និង​ជីវចម្រុះ និងសូម​ឲ្យ​មានការគាំទ្រ​ជាប​ន្ត​ទៀត។