ពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្នុងខេត្តកំពង់ធំ

302

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៧ ក្រោមប្រធានបទ «សមាគម មនុស្សចាស់ជាយន្តការដ៏សំខាន់ ជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុង​សហគមន៍ និងសង្គមជាតិ» ដែលបានប្រារព្ធឡើងនៅ វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នាឱកាសនេះដែរ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ មានប្រសាសន៍ទៅកាន់ អុំ ពូ មីង លោកតា លោកយាយ ដែលមានវត្តមានពិធីនេះថា «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិ» គួរបញ្ជាក់ផងដែរថា មនុស្សចាស់ គឺជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាង គ្រួសារ សហគមន៍ ការផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់​ក្រោយ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា «មនុស្សចាស់ ជាបណ្ណាល័យរស់ ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសម្រាប់យុវវ័យជំនាន់ថ្មី។ ហើយមនុស្សចាស់ ក៏ជាធនធានដ៏សំខាន់បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនផងដែរ»។

ដោយសារតែស្គាល់ច្បាស់ពី គុណបំណាច់ និងការដើរតួនាទី ដ៏សំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់មនុស្សចាស់។ «នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម សុខ លូ»

ឯកឧត្តម មានប្រសាសន៍បន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ តែងតែផ្តល់ក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ លោកយាយ លោកតា និងជនរួមជាតិទាំងអស់ ហើយថ្នាក់ដឹកនាំមិនចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ជួបភាពអត់ឃ្លាននោះឡើយ »

បន្ទាប់ពីសំណេះសំណាល ឯកឧត្តម សុខ លូ បានចែកជូន លោកយាយ លោកតា ចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន ខោអាវ ចំនួន ១កំប្លេ និងថវិកា ចំនួន ៣០.០០០រៀល៕