ពិធីពុទ្ធាភិសេក បញ្ចុះបឋមសីលា ដងទង់ និងកសាងរបង វត្តមុនីពោធិញាណ ហៅវត្តព្រែកកំពង់ស្តេច

181

នា​ព្រឹក​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ញឹក បាន​ខេង អភិបាលរង​ខេត្ត តំណាង​ដ៏ខ្ពស់ខ្ពស់ របស់ឯកឧត្តម អភិបាលខេត្ត បាន​អញ្ជើញ ជា​អធិបតីភាព ក្នុង​ពិធី​ពុទ្ធាភិសេក បញ្ចុះ​បឋមសីលា ដងទង់ និង កសាង​របង​វត្ត​មុនី​ពោធិញាណ ហៅ​វត្ត​ព្រែក​កំពង់ស្តេច ស្ថិតក្នុង ឃុំ​ត្បូងក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

ក្នុង​ពី​ធី​នេះ​មានការ​ចូលរួម​ពីសំណាក់ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ញាតិមិត្ត​ជិត​ឆ្ងាយ យ៉ាងច្រើន​កុះករ ។ វត្ត​នេះ​​សាងសង់​អស់​រយៈពេល ១៥ ខែ ​ហើយ ចំពោះ​ការសាងសង់​ព្រះ​វិហារវិញ គឺមាន​ទំហំ​ធំជាងគេ​ក្នុង​ឃុំ​ត្បូងក្រពើ​ស្រុក​សន្ទុក​នេះ​ផងដែរ ។ រីឯ​ការសាងសង់ដងទង់​ ដែល​ធ្វើពិធី​បញ្ចុះ​បឋមសីលានេះ​ មាន​ពីរ ដែលមាន​ទទឹង ២ម៉ែត្រ និង​កម្ពស់ ២៧ម៉ែត្រ​ ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ១៧,៧៣៦ ដុល្លារ​សហរដ្ឋ​អាមេរិច ។

ក្នុងឱកាស​ដ៏​សំខាន់​នេះដែរ ឯកឧត្តម ញឹក បាន​ខេង មានប្រសាសន៍​ទៅ កាន់​ពុទ្ធបរិស័ទ និង អ្នកចូលរួម​ទាំងអស់​ថា៖ ការសាងសង់​ដងទង់ នៅមុខ​ព្រះវិហារ នេះ​គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ដងទង់ គឺជា​កន្លែង​សម្រាប់​បំបួស​នាគ ដែលជា​ពិធី​ប្រពៃណី​មួយ​ដ៏យូរលង់​ណាស់​មកហើយ ដែល​ប្រជាជន​ខ្មែរ​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា តែងតែ​ឲ្យ កូនចៅ របស់​ពួកគាត់ បួស​ធ្វើជា​ព្រះសង្ឃ​ដើម្បី​ទទួលបាន នូវ​ការអប់រំ ការបណ្តុះបណ្តាល នូវ​ចំណេះ ដឹង មិន​ថា​ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​ខាង​ផ្នែក​ព្រះពុទ្ធសាសនា ។ ឯកឧត្តម ក៏បាន​បញ្ជាក់​ផងដែរ​ថា ទីវត្ត​អា​រ៉ា​ម​នេះហើយ ដែល​ជួយ​ថែរក្សា​ឲ្យ​អក្សរ​ខ្មែរ​មកទល់​បច្ចុប្បន្ន ព្រោះថា ក្នុង​កំឡុង​ពេលដែល​ខ្មែរ​ស្ថិតក្រោម​អាណានិគមនិយម​បារាំង (១៨៦៣-១៩៥៣) បារាំង​បាន​ព្យាយាម សាបព្រោះ​អក្សរ​បារាំង និង​លុបបំបាត់​អក្សរ​ខ្មែរ ដោយ​មិន​ឲ្យ​ប្រជាជន​ខ្មែរ រៀន​ពី​អក្សរសាស្ត្រ​ខ្មែរ​ទេ បើ​មាន​រៀន នឹងត្រូវ​មានទោស ។ ចូលដល់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត អក្សរ​ខ្មែរ​ស្ទើ​តែ​បាត់បង់​ទាំងស្រុង ព្រោះ​ក្នុង​របប​នេះ យើងទាំងអស់គ្នា​ដឹង​ស្រាប់ហើយ គឺ​ប្រជាជន​ខ្មែរ​ត្រូវបាន​បង្ខំឲ្យ​ធ្វើការ និង​បំបិទ​សិទ្ធិសេរីភាព​ទាំងស្រុង។ ទើបតែ​ក្រោយពី​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា ទើប​យើង​ឃើញ​មាន ការ​សាង​សង ហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ ដូចជា​ការសាងសង់  សាលារៀន និង វត្ត​អា​រ៉ា​ម​ជាដើម ។ល។ ឯកឧត្តម បានបញ្ជាក់​ផងដែរ​ថា ដោយ​យើង​ទើបតែ​រួច​ផុតពី​របប​យង់​ខ្នង ប៉ុល ពត យើង​មិនទាន់មាន​សាលារៀន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​រៀន​គ្រប់គ្រាន់​នោះទេ ដូចនេះ​ការសិក្សា​រៀនសូត្រ នៅតាម​តំបន់​មួយចំនួន គឺ​សិក្សា​ចេញពី​ទីវត្ត​អា​រ៉ា​ម​នេះឯង ។ នេះ​បង្ហាញ​ឲ្យ​ឃើញថា  ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​ជា​សាសនា​របស់​រដ្ឋ​ទេ ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​សំខាន់ណាស់ ក្នុងការ​បណ្តុះបណ្តាល​ខ្មែរ​ជំនាន់​ក្រោយ​ទៀតផង ។ ហេតុនេះ​ប្រជាជន​ខ្មែរ​គ្រប់រូប ​ត្រូវ​ជួយជ្រោមជ្រែង អភិរក្ស និង​លើកស្ទួយ​ព្រះពុទ្ធសាសនា ដើម្បី​ឲ្យវិស័យទាំងពីរ ពុទ្ធចក្រ និង​អាណាចក្រ ដើរ​ទន្ទឹមគ្នា ។

ជាចុងក្រោយ ឯកឧត្តម បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ភ្លេច ​ចូលរួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នា​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ឲ្យ​គណបក្ស​ណា​ដែល បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ យល់​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ ហើយ​បានធ្វើ​ឲ្យ​ប្រទេសជាតិ​ មានការ​រីកចំរើន​ដល់​សព្វថ្ងៃនេះ ។ សមិទ្ធផលដែល​យើង​ឃើញ​ ​រួមមាន​ដូច​ជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងឡាយ ដែល​យើង​មាន​រាល់ថ្ងៃនេះ គឺ​កើតចេញពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខរដ្ឋ មិនមែន​កើតចេញពី​ការសន្យា​ខ្យល់​ដូច​គណបក្ស​មួយចំនួន​នោះទេ ។

នាឱកាស​នេះដែរ ឯកឧត្តម និង សហការី ក៏បាន​នាំមក​ជាមួយ​នូវ​បច្ច័យ​ចំនួន ៥០០,០០០៛ (ហាសិប​ម៉ឺន​រៀល) ដើម្បី​ចូលរួម​កសាង​វត្ត​នេះ​ផងដែរ ៕