ពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ស្ពានភ្ជាប់ពីភូមិអូរកន្ធរជើង ក្នុងក្រុងស្ទឹងសែន ទៅភូមិពាមគ្រែង ស្រុកកំពង់ស្វាយ

153

ព្រឹក​ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ រួមទាំង​ក្រុមការងារ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ប្រារព្ធ​ពិធីសម្ពោធ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​មួយកន្លែង​ស្ថិតនៅ​ភូមិ​អូរកន្ធរ​ជើង សង្កាត់​អូរកន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ជីវ គឹម​អ៊ុន ចៅសង្កាត់​អូរកន្ធរ​បានធ្វើ​របាយការណ៍​អំពី​ការកសាង​ស្ពាន​មួយកន្លែង​នេះ ចំណាយ​ថវិកា​អស់​ជិត ២០លាន​រៀល ដែល​ថវិកា​ទាំងនេះ បានមកពី​ការចូលរួម​របស់​សប្បុរសជន និង​ប្រជាពលរដ្ឋ ។ ស្ពាន​នេះ​គឺជា​ការតភ្ជាប់​ពី​ភូមិ​អូរកន្ធរ​ជើង ក្រុង​ស្ទឹងសែន ទៅ​ភូមិ​ពាម​គ្រែង ស្រុក​កំពង់សា្វយ ដែលមាន​ប្រជាពលរដ្ឋ​ជាច្រើន​ធ្វើដំណើរ​ឆ្លងកាត់​ប្រចាំថ្ងៃ ។

ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កន្លងមក​តែងតែបាន​ចូលរួម​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​កសាង​ផ្លូវ សាលារៀន វត្តអារាម និង​ជាពិសេស​ស្ពាន​នេះ​ជាដើម ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ នេះ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​កើត​ចេះ​ពី​ទឹកចិត្ត​ជ្រះថ្លា សាមគ្គីភាព រួបរួមគ្នា​ជា​ធ្លុងមួយ​ផងដែរ ។ ឯកឧត្តម បាន​បន្ថែមថា ផ្លូវថ្នល់ សាលា មន្ទីរពេទ្យ ត្រូវបាន​កសាង និង​អភិវឌ្ឍ​ក្រោម​បន្ទាត់នយោបាយ របស់​គណបក្សប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល ។ ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម​បាន​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​ភាព ដូចជា បញ្ហា​គ្រឿងញៀន ចរាចរណ៍ ។ល។និង។ល។ ដែល​មន្ត្រី​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់ និង​បង្ក្រាប​រាល់​បទល្មើស​នានា ដើម្បី​រក្សា​សេចក្តីសុខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ចុះសួរសុខទុក្ខ ស្តាប់​នូវ​សំណូមពរ និង​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ ដើម្បី​យកមក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ និង​អភិវឌ្ឍ​ភូមិ ឃុំ របស់ខ្លួន​ឲ្យ​បាន​ចំ​គោលដៅ និង​ទាន់ពេលវេលា។ លើសពីនេះ​ទៀត ឯកឧត្តម​ក៏បាន​រំលឹក​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​ប្រឹងប្រែង បម្រើសេវា​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ដែល​សម្តេច​តេជោ​តែងតែ​លើក និង​ពន្យល់​អំពី​អភិក្រម​ទាំងបួន​គឺ “ឆ្លុះកញ្ចក់ ដុះ​ក្អែល ព្យាបាល និង​វះកាត់”

 

ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​ទៅ​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ និង​ជ្រើសរើស​មេដឹកនាំ ដែល​បម្រើ​ប្រជាពលរដ្ឋ​ពិត ដឹង​សុខ ដឹង​ទុក្ខ​ប្រជាពលរដ្ឋ ជាពិសេស​ជា​មេដឹកនាំ​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព និង​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាបន្តបន្ទាប់ ។ កុំ​ជឿ​ពាក្យ​ញុះ​ញ៉ុង បោកប្រាស់ ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​បែកបាក់ មាន​ជម្លោះ មិនចេះចប់មិនចេះហើយ ។ មានតែ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ តែមួយគត់ ដែល​តែងតែ​នៅ​ជាមួយ បងប្អូន​ប្រជាពលរដ្ឋ ដឹង​សុខ ដឹង​ទុក្ខ និង​ថែរក្សា ការពារ មិន​ឲ្យ​អ្នកណា​អាចមក​បំផ្លាញ​សេចក្តីសុខ របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងមាន​សព្វថ្ងៃនេះ​បានឡើយ ។ ដូច្នេះ​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បងប្អូន​ត្រូវតែទៅ​បោះឆ្នោត ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​ឲ្យ​បន្ត​គាំពារ និង​អភិវឌ្ឍ​ប្រទេសជាតិ​តទៅមុខ​ទៀត “បោះឆ្នោត​ជូន​រាជរដ្ឋាភិបាល​សព្វថ្ងៃ គឺ​ដូចជា​បោះឆ្នោត​ឲ្យ​ខ្លួនឯង”

ជាចុងក្រោយ​គណៈអធិបតី​បាន​ចូលរួម​ថវិកា​បន្ថែម បង្គ្រប់​សម្រាប់​ការកសាង​ស្ពាន​នេះ និង​អញ្ជើញ​ចូលរួម​កាត់ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ៕