“ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពគគីធំ ស្រុកបារាយណ៍!”

166
ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង លោក រ៉ាលហ្វ វ៉ាត់ (Ralph Watts) តំណាងម្ចាស់មូលនិធិហេព្វអន្តរជាតិ អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពគគីធំ នៅភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីក្រុមការងារ អង្គការ ADRA Cambodia មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ ៧៨០នាក់ ផងដែរ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ធ្វើរបាយការណ៍ស្តីពីទីតំាងភូមិសាស្ត្ររបស់ស្រុកបារាយណ៍ និងការសាងសង់អគារមណ្ឌលសុខភាពគគីធំ និងបន្ទប់រងចាំសម្រាប់សម្រាលកូនមួយខ្នង មានទំហំ ១២ម x ១៩ម និងមានបំពាក់គ្រឿងសម្ភារបរិក្ខាបច្ចេកទេស សរុបចំណាយទំាងអស់ចំនួន ៥១.០៩៥ដុល្លារអាមេរិក ក្រោមការឧបត្ថម្ភពីម្ចាស់ជំនួយ Help តាមរយៈអង្គការ អដ្រាកម្ពុជា។លោក រ៉ាលហ្វ វ៉ាត់ (Ralph Watts) តំណាងម្ចាស់មូលនិធិហេព្វអន្តរជាតិមានប្រសាសន៍ថា ខ្ញុំមកប្រទេស កម្ពុជា តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកម្លេះ ហើយលោកក៏បានកោតសរសើរពីការរីកចម្រើន ជឿនលឿនគ្រប់វិស័យរបស់ប្រទេសយើង ដែលគាត់ស្ទើរតែពុំគួរមិនជឿ។ ឥឡូវនេះនៅក្នុងខេត្តកំពង់ធំ ទទួលបានអគារមណ្ឌលសុខភាពគគីធំនេះ គឺជាចំណងដៃដ៏ថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ មានភាពងាយស្រួលក្នុងការទៅទទួលសេវាសុខភាព ពិគ្រោះ និងព្យាលជំងឺផ្សេងៗ ជាពិសេសកុមារតូច និងស្ត្រីមានផ្ទៃពោះក្នុងការចាក់វ៉ាក់សំាង ក៏ដូចជាពិនិត្យផ្ទៃពោះ និងសម្រាលកូនជាដើម។ បច្ចុប្បន្នអង្គការអដ្រាកម្ពុជានៅខេត្តកំពង់ធំ កំពុងអនុវត្តសកម្មភាពគម្រោងចំនួន បីសំខាន់ៗ ១-គម្រោងអប់រំកុមារតូចនៅក្នុងសាលា បឋមសិក្សាប្រាសាទ ឃុំឈូកខ្សាច់ ២-គម្រោងអាហារូបត្ថម្ភសម្រាប់កុមារអាយុក្រោម ២ឆ្នាំ និងមាតា និង ៣-គម្រោងសាងសង់មណ្ឌលសុខភាពគគីធំនេះ។ ស្ថិតក្នុងឧ៍កាសនោះដែរលោកមានការកោតសរសើរក្រៃលែងចំពោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលទើបតែតែងតំាងបានរយៈពេលជាង ៥ខែកន្លងមកនេះ មានឆន្ទៈក្នុងការបំពេញកាព្វកិច្ច និងតួនាទីដ៏ល្អក្នុងនាមជាថ្នាក់ដឹកនាំខេត្តកំពងធំដ៏ល្អមួយរូប ដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមានការទំនាក់ទំនងល្អជាមួយភ្ញៀវជាតិ អន្តរជាតិ ដើម្បីស្វែងរកដៃអភិវឌ្ឍន៍នានា មកអភិវឌ្ឍន៍ក្នុងទឹកដីខេត្តកំពង់ធំនេះ។
ឯកឧត្តម សុខ លូ ថ្លែងក្នុងពិធីនេះបានលើកឡើងថា! ប្រទេសកម្ពុជាទទួលរងសង្គ្រាមផ្ទៃក្នុង របបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោយពីចប់សង្គ្រាម គឺអ្វីៗត្រូវបានបំភ្លេចបំផ្លាញស្ទើរតែទំាងស្រុង ដោយគ្មានអាហារហូបចុកគ្រប់គ្រាន់ ទឹកស្អាត អគ្គិសនីសម្រាប់ប្រើប្រាស់ជាដើម។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា គឺមានការរីកចម្រើនគ្រប់វិស័យ យើងមានថ្ងៃនេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព និងស្ថេរភាពគ្រប់បែប យ៉ាង។ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។ កាលណាយើងមានសន្តិភាព ប្រទេសយើងនិងមានការអភិវឌ្ឍបន្តិចៗម្តងទៅមុខជាបន្តបន្ទាប់ ប៉ុន្តែមិនបានដូចប្រទេសគេដែលមានសន្តិភាពមុនយើងនោះទេ ។ ឯកឧត្តមសង្កត់ធ្ងន់ថា យើងមានមណ្ឌលសុខភាពល្អហើយ ដូច្នេះ សូមឲ្យលោកគ្រូ អ្នគ្រូពេទ្យ ត្រូវមានវត្តមានជាប្រចាំ ត្រូវមានថ្នាំគ្រប់គ្រាន់ ដើម្បីផ្តល់សេវាសាធារណៈឲ្យបានល្អនៅក្នុងឃុំនេះ ដោយមានការទទួលខុសត្រូវខ្ពស់ ដោយមិនប្រកាន់បក្សពួកនិយមឡើយ ហើយឯកឧត្តម នឹងជួយសាងសង់ផ្តល់ផ្លូវលំឲ្យល្អប្រសើរឡើងវិញ ដើម្បីបងប្អូនងាយស្រួលធ្វើដំណើរ ដឹកជញ្ជូនកសិផល ពិសេសទៅរកសេវានៅមណ្ឌលសុខភាព។ ចំពោះមន្រ្តីវិញ ប្រទេសណាក៏មិនសុទ្ធតែល្អទាំងអស់នោះទេ នៅតែមានតិចតួចអីចឹងហើយ តែយើងកំពុងរកដំណោះស្រាយ មិនឲ្យត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទំាងអស់នោះទេ ដោយធ្វើការ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល និងព្យាបាលឡើងវិញ។ សូមបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណា កុំឲ្យខឹងគោ វាយរទេះ អ្នកធ្វើ មិនងាយស្រួលដូចអ្នកថានោះទេ។ បងប្អូនដឹងហើយគណបក្សមួយចំនួនតែងតែដើរឃោសនា បើគេឈ្នះឆ្នោតផ្តល់ថវិកាជូនមនុស្សចាស់ ៨ម៉ឺនរៀល និងផ្ទេរថវិកាជាតិ ៥០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំទៅឲ្យឃុំ-សង្កាត់នីមួយៗ នេះជាការឃោសនាបោកប្រាស់ទិញទឹកចិត្តអ្នកបោះឆ្នោត ដែលថវិកាជាតិមិនអាចដោះស្រាយបាននោះទេ។ បើទម្លាក់ថវិកាទៅឃុំ-សង្កាត់តាមការសន្យានេះ មុខជាប៉ះពាល់ដល់គម្រោងថវិកាជាតិលើវិស័យជាច្រើនទៀត ដូចដែលលោក កឹម សុខា បានប្រកាសលុបចោលក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបំពេញភារកិច្ចការងារអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យមានការរីកចម្រើនលើវិស័យជាច្រើន ដូចជាការអភិវឌ្ឍផ្លូវលំជនបទ ការអនុវត្តគម្រោងសេវាអគ្គិសនី ទឹកស្អាត អណ្តូងទឹក ស្រះទឹក ប្រព័ន្ធធារាសាស្ត្របម្រើជីវភាពប្រជាជននៅជនបទ ដែលថវិកាចំណាយទាំងនេះមានចំនួនច្រើនជាង ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំរួចទៅហើយ។
ជាចុងបញ្ចប់ឯកឧត្តម មានប្រសាសន៍ថា សូមឲ្យបងប្អូនទំាងថែរក្សាសុខភាព និងទៅរកសេវានៅមណ្ឌលសុខភាព ហើយកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ ដែលខ្លួនពេញចិត្ត ដើម្បីបន្តដឹកនាំប្រកបដោយសុខសន្តិភាពជាដ៏រាប។
បន្ទាប់ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពគគីធំ ស្រុកបារាយណ៍ត្រូវបានបញ្ចប់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបន្តអញ្ជើញចុះពិនិត្យទីតំាងប្រឡាយមួយខ្សែរ នៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ដែលបងប្អូនប្រជាពលរដ្ឋបានចាក់សម្រាម និងរំលោភយកដីប្រឡាយ ធ្វើជាកម្មសិទ្ធិឯកជន បណ្តាលឲ្យស្ទះចរន្តទឹកហូរ មានខ្លិនស្អុយ ធ្វើឲ្យលិចលង់ដីភូមិ និងដីស្រែចំការរបស់ពួកគាត់ បង្ករឪ្យមានផលប៉ះពាល់ចំនួន ៤ភូមិ មាន ភូមិរំចេក ភូមិទ្រៀល ភូមិនាងល្អ និងភូមិស្វាយម្សៅ ឃុំទ្រៀល លើផ្ទៃដីជាង៣០ហិកតា នៅប៉ែកខាងកើតផ្សាររំលង និងប៉ែកខាងត្បូងផ្លូវចូលចំការលើ ជាលទ្ធផលឯកឧត្តម បានរកដំណោះស្រាយដោយបានស្តាប្រឡាយ ឲ្យមានចរន្តទឹកហូរបានឡើងវិញ។ ប្រជាពលរដ្ឋមានការពេញចិត្តចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនជានិច្ច។