អបអរសាទរ ពិធីសម្ពោធទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

59

សាខាកាកបាទក្រហមខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំថ្មី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញរួមពីសំណាក់ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈ​កម្មាធិការសាខា សមាជិក សមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីរាជការ​ជុំវិញខេត្ត ព្រះសង្ឃ យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋ សរុបប្រមាណ ១៥០០ នាក់។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានធ្វើរបាយការណ៍ពីវឌ្ឍនភាពរបស់សាខា ក្នុងការងារ​អភិវឌ្ឍ​ស្ថាប័ននិងការអភិវឌ្ឍធនធានអណត្តិទី៤ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការ​កសាង​​ទីស្នាក់ការ​សាខាថ្មី ដែលមានទំហំ ២០ ម៉ែត្រ × ១៨ ម៉ែត្រ កម្ពស់២ជាន់ ចែកចេញជា៤​ការិយាល័យធ្វើការ សាល​ប្រជុំ​ធំ១ តូច១ បន្ទប់ទឹក៨ និងបានកសាងអគារអនុសាខាតាមបណ្តាស្រុក ដើម្បីធានាឱ្យបាន​ក្នុងការផ្តល់​សេវាកម្មមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងអ្នកងាយរងគ្រោះ​បាន​ទាន់​ពេលវេលា​និងមានប្រសិទ្ធភាព ក្រោមការដឹកនាំនិងតម្រង់ទិសដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា។

នៅក្នុងពិធីសំណេះសំណាលនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខនិងថ្លែងអំណរគុណ ប្រកបដោយការកោតសរសើរ ចំពោះវឌ្ឍនភាពសំខាន់ៗ​របស់សាខា ដែលសម្រេចបានកន្លងមកជាពិសេសក្នុងអណត្តិទី៤ បានបង្ហាញយ៉ាងច្បាស់លាស់ពីភាព​ត្រឹមត្រូវនៃយុទ្ធសាស្រ្ត ២០១១-២០២០ ដែលកាកបាទក្រហមកម្ពុជាបាននិងកំពុងអនុវត្តតាមគោលនយោបាយ វិមជ្ឈការ និងសហវិមជ្ឈការទាំងនៅទីស្នាក់ការកណ្តាល និងសាខា រួមមាន ការពង្រឹងរចនាសម្ព័ន្ធ បង្កើន​សមត្ថភាព​ធនធានមនុស្ស ការកសាងអគារ ការិយាល័យអនុសាខា និងការគៀងគររកមូលនិធិជាដើម។ សមិទ្ធផលនៃអគារថ្មីនេះ បានឆ្លុះបញ្ចាំងនូវគុណតម្លៃស្ថាប័នមនុស្សធម៌គឺការកសាងកិត្តិនាម កិត្យានុភាព ការជឿទុក្ខចិត្តពីសប្បុរសជន ដែលជាក្តីសង្ឃឹមសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះទាំងឡាយ។ បន្ថែមលើ​នោះ​លោកជំទាវបានអំពាវនាវសូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី បន្តនូវប្រពៃណីសប្បុរសធម៌ និងវប្បធម៌ចែករំលែក ចូលរួមគាំទ្រទាំង ស្មារតី សម្ភារបច្ចេកទេសដល់​សាខាខេត្តកំពង់ធំ ដើម្បីឱ្យកម្លាំងប្រតិបត្តិករ ក្នុងរដ្ឋបាលដែនដីនេះ មានសក្តានុពលភាព ជួយសម្រាល​ទុក្ខលំបាក​របស់គ្រួសារងាយគ្រោះទាំងឡាយកាន់តែមាន​ប្រសិទ្ធភាព​ថែម​ទៀត ធ្វើឱ្យសាខាកាកបាទ​ក្រហម​កម្ពុជា ខេត្តកំពង់ធំ ជាទីពឹងដ៏កក់ក្តៅ និងជាកម្លាំងឈានមុខ សម្រាប់សម្រាលបន្ទុករបស់ទីស្នាក់ការ​កណ្តាលជារៀងដរាបតទៅ។

សូមបញ្ជាក់ដែរថានៅក្នុងពិធីសម្ពោធនេះសាខាបានទទួលថវិកាឧបត្ថម្ភពីទីស្នាក់ការកណ្តាល និង​សប្បុរស​ជន​សម្រាប់កសាងឃ្លាំងស្តុកទំនិញនិងសម្ភារៈជាទឹកប្រាក់សរុបចំនួន ២៤,០២៥ ដុល្លារ​អាមេរិក៕