ពិធីសម្ពោធស្ដូបមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ស្ថិតនៅក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

115

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីសម្ពោធ​ស្តូប​មិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ រីយ៉ាមីហ្សាដ រីយ៉ាគូឌូ (Ryamizard Ryacudu) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងលោកជំទាវ និងឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៏ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ បងប្អូនខ្មែរអ៊ីស្លាម និងសិស្សានុសិស្ស ប្រមាណ១ ២០០ នាក់។

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងកត្តញ្ញូតាធម៌​ដ៏ជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ចំពោះគណៈអធិបតី ដែលបានឆ្លៀត​ឱកាស​ដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តូបមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីនាឱកាសនេះ។ មួយវិញទៀត​ពិធីសម្ពោធនេះស្របពេលដែលប្រទេសទាំងពីរបានប្រារឰខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតជាមួយគ្នាដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងសហប្រតិបត្តិការលើគ្រប់វិស័យនៃ​ប្រទេសទាំងពីរ។

នាឱកាសនេះដែរ ឯកឧត្តម សុខ លូ បានថ្លែងរំលឹក នៅឆ្នាំ១៩៩៣ កងទ័ពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី​ក្រោមឆត្រអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(UNTAC) បានបោះទីតាំងនៅក្នុង​ខេត្តកំពង់ធំ ក្នុងគោលបំណងចូលរួមចំណែកថែរក្សាសន្តិភាព ដែលកាលនោះមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ ជាអភិបាលខេត្តកំពង់ធំ។ មុនធ្វើមាតុភូមិនិវត្តន៍ភាគីកម្ពុជានិងឥណ្ឌូនេស៊ី បានឯកភាពគ្នាសាងសង់ស្តូបមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីមួយ ស្ថិតនៅលើសួនច្បារកណ្ដាលទ្រូងផ្លូវជាតិលេខ៦ ក្នុងទីរួមខេត្តកំពង់ធំ ហើយបានរៀបចំពិធីសម្ពោធកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៣ ដើម្បីបង្ហាញនូវ​កិច្ចសហការរវាងកងទ័ពទាំងពីរ និងដើម្បីទុកជាការចងចាំនូវអនុស្សាវរីយ៍ ចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី​ជាប្រវត្តិសាស្ត្រផងដែរ។ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ធំបានធ្វើការអភិវឌ្ឍ កែលម្អសោភ័ណភាពក្នុង​ទីរួមខេត្ត ដោយពង្រីកផ្លូវជាតិលេខ៦ និងកសាងវិមានឯករាជ្យ ធ្វើឲ្យប៉ះពាល់ដល់ផ្នែកមួយចំនួននៃស្ដូប។ ដោយបានការឯកភាពពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្ថានទូតឥណ្ឌូនេស៊ី រដ្ឋបាលខេត្តសម្រេចប្តូរទីតាំងមក​សាងសង់ថ្មីនៅទីនេះ ដែលស្ថិតនៅច្រមុះជ្រូកផ្លូវវាងទីប្រជុំជនកំពង់ថ្ម ក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍។

សូមបញ្ជាក់ថា ការសាងសង់ស្តូបថ្មីនេះមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់រួចរាល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ដែលមានការសាងសង់សំណង់ស្តូប សួនច្បារមាន​រៀបការ៉ូឡាថ្មដុស ការដាំស្មៅ ដាំផ្កាលំអរសួន និងការចាក់ដីបំពេញសួនរណបថ្មី ព្រមទាំងក្រាលក្រួសក្រហម និងដាំដើមឈើសម្រាប់ជាកន្លែងលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញ​តំបន់នេះ​ផងដែរ៕