ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានាក្នុងវត្តដូង ស្រុកប្រាសាទបល្ល័ង្ក ចំណាយថវិកាសាងសង់អស់ចំនួន ៦០៧,៨០៧,៣០០៛ និង ១៥១,៩៥២$

393

ព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបុណ្យឆ្លង សម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេបស្តីអំពីដំណើរការសាងសង់ បានឱ្យដឹងថា វត្តព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង បានកសាងឡើងតាំងពីឆ្នាំ១៧៥៧ មកដល់សព្វថ្ងៃនេះគឺមានអាយុកាល២៦១ឆ្នាំហើយ។ ចំពោះសមិទ្ធផលដែលកំពុងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺឧបដ្ឋានសាលា ពីរខ្នងជាប់គ្នា មានទំហំ បណ្តោយប្រវែង ៣២ម៉ែត្រ ទទឹង២៨ម៉ែត្រ និងកំពស់ ១៣.៥ម៉ែត្រ  រួមជាមួយសមិទ្ធផលនានា  បានចំណាយថវិកាសាងសង់អស់ចំនួន ៦០៧,៨០៧,៣០០៛ និង ១៥១,៩៥២$ ។

ឯកឧត្តមបណ្ឌិត  ងួន  ញ៉ិល  បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះ ព្រះសង្ឃ មន្ត្រីរាការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ដោយបញ្ជាក់ថា ពេលនេះ គឺជាលើកទី២ហើយ ដែលឯកឧត្តមបណ្ឌិត មានកិត្តិយសបានមកកាន់វត្តដូងនេះ និងថ្លែងអំណរគុណចំពោះ ព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ និងសប្បុរសជនទាំងអស់ដែលបាន រួបរួមគ្នាក្នុងការកសាងសមិទ្ធផលដ៏ល្អនេះ។ ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា ការវិវត្តន៍រីកចំរើនក្នុងវិស័យព្រះពុទ្ធសាសនា  តាំងពីអតីតកាលរហូតមកបច្ចុប្បន្ន និងការសាបសូន្យក្នុងវិស័យនេះ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ទាំងមូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញ មានការអភិវឌ្ឍទាំងផ្នែកអាណាចក្រ-ពុទ្ធចក្រ ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ឯកឧត្តមបណ្ឌិត បានទទូចចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងទាំងអស់សហការបំពេញការងារ ធានាឱ្យបាននូវសន្តិសុខ សណ្ឋាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសសប្បាយភាព នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងពេលខាងមុខនេះ ។ ចុងក្រោយ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជូនអង្គពិធី អំពីការវិវត្តន៍ និងព្រឹត្តិការណ៍ថ្មីៗ ដែលបានកើតឡើងនៅក្នុងពិភពលោកទាំងមូល និងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នយោបាយការបរទេស អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសផ្សេងៗទៀត  ដែលរួមចំណែកយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី  អធិបតេយ្យ អព្យាក្រឹត្យភាព ផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេស ។ ក្នុងស្មារតីនេះ កម្ពុជាបានពង្រឹង សហការជាមួយប្រទេសជិតខាង ដើម្បីកំណត់ព្រំដែនខណ្ឌសីមា បោះបង្គោលព្រំដែនឱ្យចប់សព្វគ្រប់ ប្រែក្លាយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ ជាការសន្និដ្ឋាននៅខាងមុខ ពិភពលោកនឹងបន្តតាមនិន្នាការពហុប៉ូល ព្រមទាំងនិន្នាការសហការផង និងរារាំងផង ។

ពិធីបានបញ្ចប់បន្ទាប់ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិប្រគេន-ជូន ព្រះសង្ឃ មន្ត្រីររាជការ សប្បុរសជន និងពិធីកាត់ខ្សែបូរណ៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលថ្មីក្នុងវត្តដូងផងដែរ ។