ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារ មជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនា សំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលចំណាយថវិកាអស់ជិត៤០ ម៉ឺនដុល្លា

170

កត្តាសុខសន្តិភាពដែលកើតចេញពីការដឹកនាំប្រកបដោយភាពវ័យឆ្លាត និងចក្ខុវិស័យច្បាស់លាស់ របស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា គឺជាវិស័យមួយដែលមានការអភិឌ្ឍគួរឲ្យកត់សម្គាល់ផងដែរ។ ការអភិវឌ្ឍន៍លើគ្រប់វិស័យ មិនថាវិស័យអាណាចក្រ និងពុទ្ធចក្រ តែងតែមានការកសាង នូវសមិទ្ធិផល ដូចជា វត្តអារាម ព្រះវិហារ ជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ មានការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារ មជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនា សំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលចំណាយថវិកាអស់ជិត ៤០ម៉ឺនដុល្លា ក្នុងការសាងសង់។ ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ ព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ថ្លែងថា កត្តាសុខសន្តិភាពធ្វើឲ្យប្រទេសជាតិមានការ អភិវឌ្ឍលើគ្រប់វិស័យ ដែលតែងតែមានការតភ្ជាប់រវាងវិស័យអាណាចក្រ និងវិស័យពុទ្ធិចក្រ។ លោកជំទាវបន្តថា សមិទ្ធិផលក្លោងទ្វារគោបុរៈ ឬហៅថាគោសមុទ្រទឹកដោះ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ គឺជាការរួមផ្សំនូវថវិកា របស់សប្បុរសជន ជាពិសេសលោកជំទាវ អ៊ឹង ស៊ីស៊្រន តែ កុកឈួន ដែលជាអ្នកចំណាយនូវថវិកាផ្ទាល់ខ្លួន ប្រកបដោយសេចក្តីជ្រះថ្លាបំផុត។

ការកសាងនូវសមិទ្ធិផលនេះទៀតសោត គឺជាការបង្ហាញនូវការគាំទ្រក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកំពុងមានពុទ្ធបរស័ទប្រមាណជាង ៩៥% ទូទាំងប្រទេស មានជំនឿយ៉ាងមុតមាំ។ លោកជំទាវបន្ថែមថា ការដែលយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នានាថ្ងៃនេះដោយ សារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍លើផ្ទៃប្រទេសបានធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងនិងបានផ្តល់ឱកាសឲ្យយើងគ្រប់គ្នាបានកសាង នូវសមិទ្ធផលឡើងដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ។ លោកជំទាវ ក៏បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើឲ្យប្អូនៗ ទាំងអស់ចូលការពារនូវសម្បត្តិវប្បធម៌ និងសមិទ្ធផលផ្សេងៗទៀត ដែលជាដួងព្រលឹងជាតិរបស់យើងកុំឲ្យអ្នកមកបំផ្លិចបំផ្លាញ ដូចជាការស្មូតថា ប្រាសាទតោថ្ម ប្រាសាទសំបូរព្រៃគុក មច្ឆាជាតិ រំលេចឲ្យយើងរួមគ្នាថែរក្សាទាំងអស់គ្នា ក្នុងគោលបំណងរក្សាទុកឲ្យកូនចៅជំនាន់ក្រោយបានគោរព បានឃើញជារៀងរហូត។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងពីការសាងសង់ក្លោងទ្វារ មជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនាសំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលមានទទឹង១២.៨ ម៉ត្រ កម្ពស់២១ ម៉ែត្រនិងរូបចម្លាក់សមុទ្រគោទឹកដោះ(ទាញព័ត្រ)ចំនួន ៤២ រូប និងនាគខាងមុខ២ ដោយចំណាយអស់ថវិកា ៣៧ ម៉ឺនដុល្លាសហរដ្ឋអាមេរិច ក្រោមការផ្តួចផ្តើមរបស់លោកជំទាវ ម៉ែន សំអន និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងទូទាំងប្រទេសផងដែរ។