ពិធី​ប្រកាស​សុពលភាព ចូលកាន់​តំណែង​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ

172

រសៀល​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សុពលភាព ចូលកាន់​តំណែង​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ​បល្ល័ង្ក ចំនួន ១១រូប ស្រី ២រូប ស្ថិតនៅ​ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ ។

ក្នុង​ពិធី​ខាងលើនេះ ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក៍​ដូចជា​ក្រសួង​មហាផ្ទៃ ដោយបាន​ប្រគល់​ភារកិច្ច​ធ្វើជា​អធិបតី​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៤ ដើម្បី​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សាឃុំ ប្រកាស​ឈ្មោះ​ប្រធាន​ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និង​ការចាប់ផ្ដើម​បំពេញការងារ​របស់​ក្រុមប្រឹក្សាឃុំ ។

ជាមួយគ្នា​នោះ ឯកឧត្តម សុខ លូ បាន​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សាឃុំ​ថ្មី ត្រូវ​បន្ត​អនុវត្ត​លិខិតបទដ្ឋាន​នានា ដែល​នៅ​ជាធរមាន និង​បន្តការងារ​ដែល​នៅ​សេសសល់​ពី​អាណត្តិ​មុន ដោយក្រុម​ប្រឹក្សា​ថ្មី ត្រូវ​រក្សា​ឲ្យ​បាន​នូវ​វប្បធម៌​សាមគ្គីភាព សម្របសម្រួល កុំ​បែងចែក​និន្នាការនយោបាយ ហើយ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរឡើង បង្កើន​ទំនាក់ទំនង រវាង​មន្ត្រី-មេឃុំ ឲ្យ​បានល្អ និង​ស្គាល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​ការចូលរួម​បំពេញការងារ​ជា​ក្រុម របស់​ក្រុមប្រឹក្សា​ទាំងអស់ តាមរយៈ​ការដកពិសោធន៍​ពីគ្នាទៅវិញទៅមក ។ ទាំង​សមាជិក​ថ្មី និង​ចាស់ ត្រូវ​ឈរលើ​ទស្សនៈ​មតិភាគច្រើន ហើយ​មតិ​ភាគតិច​ត្រូវគោរព​តាម​ការសម្រេច​របស់​មតិភាគច្រើន ហើយ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ត្រូវ​រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ ក្នុងការ​ដោះស្រាយ​តម្រូវការ​ផ្សេងៗដូចជា ស្ពាន ផ្លូវ លូ ជាពិសេស ត្រូវខិតខំ​លុបបំបាត់​ល្បែងស៊ីសង និង​បទល្មើស​នានា​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន ។

ឯកឧត្តម​បន្តទៀតថា ក្នុងឱកាស​ដ៍​វិសេសវិសាល​ថ្លៃថ្លា​នេះ ខ្ញុំសូម​ចូលរួម​អបអរសាទរ​ចំពោះ​លោក លោកស្រី អស់លោក​ជាស​មា​ជិក​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី៤ និង​អស់លោក ជា​មេឃុំ ដែល​បានទទួល​នូវ​សេចក្ដីទុកចិត្ត​ពីសំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់​កាលពី​ថ្ងៃអាទិត្យ​ទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយ​ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ។ ទន្ទឹមនឹងនោះ​ដែរ តាមរយៈ​របាយការណ៍​របស់​ក្រុមប្រឹក្សាឃុំ​អាណត្តិ​ទី៣ ខ្ញុំសូម​សំដែង​នូវ​ការកោតសរសើរ​អំពី ការខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​របស់លោក លោកស្រី ជាស​មា​ជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់ ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី មុខងារ​របស់ខ្លួន សម្រេចបាន​នូវ​សម​ទ្ធ​ផល​ជាច្រើន សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ហើយ​សមិទ្ធផល​ទាំងនេះ គឺជា​មូលដ្ឋាន​សម្រាប់​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី៤ បន្ត​ពង្រីកពង្រឹង​ថែមទៀត ដើម្បី​អភិវឌ្ឍន៍​ភូមិ​ ឃុំ របស់ខ្លួន ៕