ពិធី​ផ្សព្វ​ផ្សាយ​ពី​ការ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ដី​​សម្ប​ទាន​​សង្គម​​កិច្ច នៅ​ឃុំដូង ស្រុក​ប្រាសាទ​បល្ល័ង្ក (គម្រោង LASED II)

84

ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៧ ឯក​ឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់​ធំ បាន​ដឹកនាំ​ក្រុម​ការ​ងារ​ចុះ​ផ្សព្វ​ផ្សាយ​អំពី​ការ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ដី ក្នុង​ការ​អនុវត្ត​គម្រោង​បែង​ចែក​ដី​សម្បទាន​សង្គម​កិច្ច និង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ដំណាក់​កាល​ទី២ (LASED II) លើ​ផ្ទៃ​ដី​ចំនួន ២.៩២២​ហិច​តា ក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ជូន​ដល់​គ្រួសារ​ដែល​ត្រូវ​​ទទួល​បាន​ដី​សម្ប​ទាន​សង្គម​កិច្ច​ពី​គម្រោង ដែល​មាន​​​ប្រជា​ពល​រដ្ឋ​​ចូល​រួម​ប្រមាណ​ ៥១០ នាក់ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ បាន​លើក​ឡើង​ថា មាន​ក្រុម​ខិល​ខូច​មួយ​ចំនួន​ បាន​​ធ្វើ​ការ​ឃោសនា​ ថា​ រដ្ឋ​ នឹង​ដក​ដី​ពី​បង​ប្អូន​ដើម្បី​យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​​ ។ នេះ​ជា​​ការ​ញុះ​ញ៉ង់​ទេ សូម​បង​ប្អូន​កុំ​មាន​ការ​ព្រួយ​បារម្មណ៍ គម្រោង LASED II នេះ គឺ​ជា​គម្រោង​របស់​រាជ​រដ្ឋា​ភិបាល ដែល​គាំ​ទ្រ​ថវិកា​ពី​ធនា​គារ​ពិភព​លោក គម្រោង​នេះ​ធ្វើ​ឡើង​ ដើម្បី​​ផ្តល់​ដី​លំនៅដ្ឋាន និង​ដីបង្ក​បង្កើន​ផល ជូន​បង​ប្អូន​ដែល​ខ្វះ​ខាត​អត់​ដី ដោយ​យក​ដី​ដែល​ទំនេរ​មក​ចែក​ជូន គឺ​មិន​មែន ដក​ដីដែល​បង​ប្អូន​កំពុង​កាន់​កាប់នោះ​ទេ ពោល​គឺ​ដី​ដែល​បង​ប្អូនប្រើ​ប្រាស់រាល់​ថ្ងៃ​នឹង​ត្រូវ​ឆ្វៀល​ចេញ​ជូន​បង​ប្អូនវិញ ។ គម្រោង​នេះ​ គឺ​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ រីឯ​ជំហ៊ាន​ដែល​ត្រូវ​ធ្វើ​គឺ​នៅ​មាន​ជា​ច្រើន​ទៀត ។ ការ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ដី​នេះ​ គឹ​ដើម្បី​ដឹង​ច្បាស់​ថា ដី​របស់​បង​ប្អូន​ដែល​បាន​កាន់​កាប់​នោះ​មាន​ប៉ុន្មាន  នៅ​ត្រង់​ណា​ខ្លះ  ដើម្បី​ឆ្វៀល​ជូន​បង​ប្អូន​វិញ​តែ​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ដក​ហូត ដី​ពី​បង​ប្អូន​ ដូច​ជន​អគតិ មក​កុហក​បោក​ប្រាស់​កន្លង​មក​នោះ​ទេ ។

គម្រោងនេះ ក្នុង​រយៈ​ពេល​ ៥ឆ្នាំ (២០១៧-២០២២) សម្រាប់​​ធ្វើ​ការ​បែង​ចែក​ដី​ ​ផ្តល់​​សម្ភារៈ​សម្រាប់​សាង​សង់​លំ​នៅ​ដ្ឋាន ចំនួន ៧០០​គ្រួសារ ជួយ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ រូប​វ័ន្ត ដូច​ជា សាលា​រៀន ផ្ទះ​សម្រាប់​គ្រូ​ សម្ភារៈ​កសិកម្ម សម្ភារៈលំនៅដ្ឋាន និង​សាង​សង់​ជម្រក​ជូន​គ្រួសារ​ដែល​ត្រូវទទួល​បាន​ដី​សម្ប​ទាន រៀប​ចំ​បោះ​បង្គោល​ព្រំ​ដី រៀប​ចំ​ដី​កសិកម្ម និង​ផ្តល់​គ្រាប់​ពូជ ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម និង​ផ្លូវ​ដីស ប្រវែង ២៩គីឡូ​ម៉ែត្រ ទំនប់​ទឹក​ខ្នាត​តូច ប៉ុស្តិ៍​សុខ​ភាព ផ្ទាំង​ប៉ាន​ណូ អណ្តូង​ស្នប់ ចំនួន ៥០ និង​អគារ​សហគមន៍ ១​ ខ្នង ។ ប្រជា​ពល​រដ្ឋ​ដែល​អាច​ទទួល​បាន​ដី​សម្ប​ទាន​សង្គម​កិច្ច និង​ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់បាន គឺ ​ប្រជា​​ពល​​រដ្ឋ ​​ដែល​​បាន​រស់​នៅ និង​អាស្រ័យ​ផល​លើ​ដី​នោះ​​ ​​រយៈ​ពេល​ចាប់​ពី ៥ឆ្នាំ​ឡើង ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​កំណត់ ។

ជា​ចុង​ក្រោយ​ ឯក​ឧត្តម សុខ លូ បាន​សំណូម​ពរ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទំាង​អស់ មិន​អោយ​លក់​ដូរ​ដី​នេះ​ទេ ព្រោះ​វា​ជា​អាយុ​ជីវិត​របស់​បង​ប្អូន ។ មាន​តែ​រាជរដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​សម្តេច ហ៊ុន សែន ទេ ដែល​តែង​​តែគិត​ដល់​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន ​និយាយ​ហើយគឺធ្វើ មិនដើរសន្យាខ្យល់​ដូច​បក្ស​មួយ​ចំនួន​នោះទេ ​ដែល​តែង​តែ​និយាយ​ភូត​កុហក​ប្រជា​ពល​រដ្ឋ ។ ឯក​ឧត្តម បាន​លើក​ឡើង​ទៀត​ថា “អ្នក​ថា​មិន​ងាយ​ស្រួល​ដូច​អ្នក​ធ្វើ​នោះ​ទេ” និង​សូម​បង​ប្អូន​ជួយ​គាំ​ទ្រ​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិបាល បាន​ដឹក​នាំ​ប្រទេស រក្សា​សុខ​សន្តិភាព សុវត្ថិ​ភាព ជានិរន្តបន្តទៀត ៕