ពីធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅសហគមន៍ព្រៃឈើ ក្នុងខេត្តកំពង់ធំ

181

ឯកឧត្តម សុខ លូ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត បាន​អមដំណើរ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​សហគមន៍​ព្រៃឈើ​អូរសោម ចំនួន ១៦៥ នាក់ ក្នុងភូមិ​សាលាវិស័យ ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទ​បល្ល័ង និង​នៅ​រសៀល​ថ្ងៃទី២៣ ខែឧសភា បាន​អញ្ជើញ​បន្ត​ចុះ នៅ​ព្រៃ​សហគមន៍​ក្បាលបី ដែលមាន​ប្រជា​សហគមន៍​ចំនួន ២០០ នាក់ ក្នុង​ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

ថ្លែង​ក្នុង​ពិធី​នេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្នុង​ខេត្តកំពង់ធំ ព្រៃ​សហគមន៍​សរុប​មាន​ចំនួន ៨៧ សហគមន៍ ដែលមាន​ផ្ទៃ​ដីព្រៃ​សរុប​ចំនួន ៨៣,១៣២.៣៤ ហិកតា ក្នុងនោះ​ព្រៃ​សហគមន៍​ក្បាលបី មាន​ផ្ទៃដី​សរុប​ចំនួន ៧៦០.៨៦ ហិកតា និង​ព្រៃ​សហគមន៍​អូរសោម មាន​ផ្ទៃដី​សរុប​ចំនួន ៣០៨ ហិចតា ដែលមាន​អ្នកពាក់ព័ន្ធ​សំខាន់ៗ កំពុងធ្វើការ​ជាមួយ ដូចជា គម្រោង​គ្រប់គ្រង​ព្រៃឈើ និង​លើកកម្ពស់​ជីវភាពរស់នៅ​ប្រជាជន (CFMLI) វិទ្យាស្ថាន​ស្រាវជ្រាវ​ថ្នាក់កណ្តាល អង្គការ AFD  រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន ។ ព្រៃ​សហគមន៍​ទាំងនេះ​កើត​មានបាន គឺ​ផ្តើមចេញពី​បងប្អូន​ទាំងអស់គ្នា ដូច្នេះ​សូម​បងប្អូន​ជួយ​ថែរក្សា ការពារ​ព្រៃ​សហគមន៍​នេះ​ឲ្យ​បាន​គង់វង្ស និង​ជួយ​ទប់ស្កាត់​បទល្មើស​ទាំងឡាយ​ដែល​កំពុង​កើតមាន ព្រោះ​មានតែ​បងប្អូន​នៅនឹងកន្លែង​ទាំងនេះ​ទេ ដែលជា​សេនាធិការ​ដ៏​ល្អ ដល់​អាជ្ញាធរ​មូលដ្ឋាន ។

ឯកឧត្តម ​បន្តទៀតថា យើង​ទទួលបាន​សុខ សន្តិភាព ​មកដល់​ថ្ងៃនេះ គឺ​ឆ្លងកាត់​ពលីកម្ម ​ច្រើនណាស់ ដូច្នេះ​យើង​ត្រូវតែ​ប្តេជ្ញា​រួមគ្នា ជួយ​ថែរក្សា​សន្តិភាព​នេះ​ឲ្យ​បាន​គង់វង្ស យូរអង្វែង​តទៅទៀត សម្រាប់​អនាគត​កូនចៅ​យើង ។ ចំណែកឯ​ការ​បម្រើសេវា​ធា​រណៈ​នៅតាម​ឃុំ​សង្កាត់​វិញ កាន់តែ​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ។ ចំពោះ​មន្រ្តី ពិតហើយ​ថា​មិនទាន់បាន​ល្អ​ទាំងអស់ តែ​រដ្ឋាភិបាល​យើង​កំពុងតែ​រក​ដំណោះស្រាយ មិន​ឲ្យ​ត្រី​មួយ​កន្ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់នោះ​ទេ ដូចជា​បាន ដាក់​អភិក្រម​បួន គឺ ឆ្លុះកញ្ចក់  ងូតទឹក ដុសក្អែល និង​ព្យាបាល ។ ដូច្នេះ សូម​បងប្អូន កុំ​ឲ្យ​ខឹង​គោ វាយ​រទេះ អ្នកធ្វើ មិន​ងាយស្រួល​ដូច​អ្នក​ថា​នោះទេ ។

បន្ទាប់មក ឯកឧត្តម វេ​ង សាខុន បាន​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា៖ សម័យ​ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លាស​ចេញពី​ទីក្រុង និង​ទីប្រជុំ ឲ្យ​ទៅ​រស់នៅ​ទីជនបទ​ដាច់​ស្រ​យ៉ាល និង​ធ្វើការ​គ្មាន​ថ្ងៃឈប់​សម្រាក ហូបចុក​មិន​គ្រប់គ្រាន់ ព្រាត់​ប្រាស់​បងប្អូន ក្រុមគ្រួសារ ។ តែ​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ទំាង​ហេដ្ឋ​រចនាសម្ព័ន្ធ រូប​បវ័ន្ត ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម ជាដើម ។ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខរដ្ឋ មានការ​យកចិត្តទុកដាក់ និង​ពង្រឹង​លើ​វិស័យ​កសិកម្ម ជាពិសេស​វិស័យ​ព្រៃឈើ តាមរយៈ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលជា​ភ្នាក់ងារ​សំខាន់ ក្នុងការ​រក​ធនធាន​ថវិកា ជួយ​អភិវឌ្ឍន៍​ដល់​សហគមន៍​ព្រៃឈើ​ទូទំាងប្រទេស ឲ្យ​មាន​ការរីកចម្រើន ដូចជា ដាំ​ដើមឈើ​បន្ថែម អភិរក្ស​ព្រៃឈើ​ដែល​នៅ​សេសសល់ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការចិញ្ចឹម​សត្វ ដាំដំណាំ បន្លែ និង​ជំនាញ​ផ្សេងៗ ក្នុង​គោលបំណង ឲ្យ​ប្រជាពលរដ្ឋ ចេះ​ស្រលាញ់ និង​ការពារ​ព្រៃឈើ ដើម្បី​អាច​ទាញ​ជា​ប្រយោជន៍​ដល់​បងប្អូន​ក្នុង​តំបន់ អាច​អាស្រ័យផល ជា​ពិ​សេ​ព្រៃឈើ អាចបង្កើត​ជា​តំបន់ សហគមន៍​ទេសចរណ៍ ធម្មជាតិ ដែល​អាច ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​ទស្សនា ដើម្បី​ជួយ​បង្កើន​ប្រាក់ចំណូល ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​នោះ ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង ។ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​គោលនយោបាយ ក្នុង​កំឡុង​ឆ្នាំ២០៣០ ប្រជាពលរដ្ឋ​ខ្មែរ អាច​រកប្រាក់​ចំណូល​មធ្យម​កម្រិតខ្ពស់ ក្នុង១នាក់ ចាប់ពី $៤,០០០-$១២,០០០ ក្នុង​មួយឆ្នាំ ។ យើង​មាន​ថ្ងៃនេះ ក៏ដោយ​សារ​ប្រទេស​យើង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ។

ចុងបញ្ចប់ ឯកឧត្តម សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទំាងអស់ សូមជួយ​ថែរក្សា ការពារ​ព្រៃ​សហគមន៍​នេះ និងថែរក្សា​សុខភាព​ឲ្យ​បានល្អ ដោយ​រស់នៅ​ស្អាត ហូប​ស្អាត ជាពិសេស ​កុំ​ភ្លេច​ទៅ​បោះឆ្នោត ជ្រើសរើស ​ក្រុមប្រឹក្សាឃុំ​សង្កាត់ អណត្តិ​ទី០៤ នា​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បី​ជ្រើសរើស​មេឃុំ ចៅសង្កាត់ ដែល​ខ្លួន​ពេញចិត្ត និង​បន្ត​ដឹកនាំ​ប្រកបដោយ​សុខសន្តិភាព​ជា​ដ៏​រាប ៕