មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល នឹងពន្ធនាគារនៅសាលាខេត្តកំពង់ធំ

15

រដ្ឋបាលខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ រៀបចំកិច្ចប្រជុំបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល នឹងពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។

នាឱកាសដ៏មានសារសំខាន់នេះឯកឧត្តម សុខ លូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ​ក្រសួងមហាផ្ទៃ ដែលបានចុះមកធ្វើ​អធិការកិច្ច លើកិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តកំពង់ធំ អស់រយៈពេល ៥ថ្ងៃកន្លងមក ដោយបានរកឃើញនូវ ចំណុចល្អ និងចំណុចខ្វះខាតមួយចំនួន របស់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំង​ទទួលយក​នូវអនុសាសន៍ណែនាំនានារបស់សវនករ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបំពេញបន្ថែមឡើងវិញនូវ​ចំណុច​ខ្វះខាត​នានាកន្លងមក ក្នុងការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ។

ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងថា ការងារអធិការកិច្ច គឺជាកិច្ចការប្រកបដោយសារៈសំខាន់បំផុត និងជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញនូវការប្តេជ្ញា​ដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមចំណែក អនុវត្តគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នៃការអនុវត្តសកម្មភាពការងារនានារបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ទាំងនៅអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមបន្ថែមទៀតថា ក្រោយពីបានបញ្ចប់ការងារអធិការកិច្ច​រួចមក ក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ដោយមាន​កិច្ចសហការល្អពីបណ្តាគ្រប់អង្គភាពពាក់ព័ន្ធ បានរកឃើញនូវចំណុចវិជ្ជមានជាច្រើនរបស់រដ្ឋបាលខេត្ត និងបណ្តាអង្គភាព​នានាដែល​ជាគោលដៅអធិការកិច្ច។ ហើយទន្ទឹមនោះក្រុមការងារក៏បានរកឃើញនូវចំណុចអវិជ្ជមានមួយចំនួនដែលទាមទារ​ឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាអង្គភាពដែលជាគោលដៅអធិការកិច្ច ចាំបាច់ត្រូវធ្វើការកែ​សម្រួលលើ​ចំណុចទាំងនោះ ដែលជាគន្លឹះយ៉ាងសំខាន់សម្រាប់ធ្វើការកែលម្អ និងពង្រឹងប្រព័ន្ធនៃការបំពេញការងារ នៃការអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុច្ចរិតភាព​គណនេយ្យភាព និងភាពឆ្លើយតប។

ចុងបញ្ចប់ ឯកឧត្តម អង មង្គល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់បណ្តារដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពនានា ក្នុងការធ្វើឲ្យការងារអធិការកិច្ចនេះ សម្រេចបានជោគជ័យគួរជាទីមោទន។