មន្ត្រីរាជការ ចំនួន ៦១រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ និងមន្ទីរ អង្គភាពជុំវិញខេត្ត

243

មន្ត្រីរាជការ ចំនួន ៦១រូប ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីជាប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ នាយករងទីចាត់ការរដ្ឋបាល នៃរដ្ឋបាលខេត្តកំពង់ធំ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យមន្ទីរ អង្គភាព នាយក នាយិការរងសាលាគរុកោសល និងវិក្រឹតការ ហ៊ុន សែន កំពង់ធំ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃសុក្រ​ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។ ពិធីនេះបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំជាច្រើនរូបផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការអបអរសាទរចំពោះមន្រ្តីរាជការ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ ហើយការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ឯកឧត្តម បានបន្តថា សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា៖ ទី១៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ទី២៖ ការងាររដ្ឋបាល ទី៣៖ វិស័យសុខាភិបាល ទី៤៖ វិស័យទេសចរណ៍ ទី៥៖ វិស័យសាធារណៈការ និងដឹកជញ្ជូន ទី៦៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទី៧៖ វិស័យព័ត៌មាន ទី៨៖ វិស័យបរិស្ថាន ទី៩៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម ទី១០៖ វិស័យរ៉ែ និងថាមពល ទី១១៖ វិស័យពាណិជ្ជកម្ម ទី១២៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទី១៣៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទី១៤៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ផេង ភារម្យ ដែលទើបចូលកាន់មុខតំណែងថ្មី ជាប្រធានអង្គភាពច្រកចេញចូលតែមួយ បានប្តេជ្ញាខិតខំបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា លើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងអនុវត្តយ៉ាងខ្ចាប់ខ្ចួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន។