មន្ទីរទេសចរណ៍

១.រូបថត និង logo របស់​មន្ទីរ​ទេសចរណ៍​ខេត្ត

២.សាវតា​មន្ទីរ​ទេសចរណ៍​ខេត្ត
   អំពីក្របខ័ំណ្ឌដើមៈ
  មុនឆ្នាំ១៩៩៥ មន្ទីរទេសចរណ៍ខេត្តមិនទាន់កើតមាននៅឡើយទេ គឺមានតែការិយាល័យទេសចរណ៍​ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាលាខេត្តកំពង់ធំ។  ការិយាល័យទេសចរណ៍មានសមាជិកសរុប​​ចំនួន ០៥រូប (តាមវិញ្ញា​ប័ត្រផ្ទេរតារាងប្រាក់បៀវត្សរ៍និងប្រាក់ឧបត្ថម្ភផ្សេងៗភ្ជាប់ជាមួយ) ក្នុងនោះរួមមាន៖
១-លោក សំម រឹម     ប្រធានការិយាល័យ
២-លោក ផៃ ដារ៉ារិទ្ធ  អនុប្រធានការិយាល័យ
៣-លោក តាន់ ឆាន  អនុប្រធានការិយាល័យ
៤-លោក វ៉ាន់ សារ៉ាត បុគ្គលិក
៥-លោក សរ សារិន  បុគ្គលិក
នៅដើមឆ្នាំ១៩៩៥ ក្រសួងទេសចរណ៍បានចេញប្រកាសលេខ ០១០​ កទច ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៩៥ ស្តីពីការតែងតាំងជាបណ្តោះអាសន្នចំពោះមន្ត្រីរាជការ និងក្របខ័ណ្ឌមន្ទីរទេសចរណ៍ខេត្តកំពង់ធំក្នុងនោះមាន៖
១-លោក សំម រឹម               ជា ប្រធានមន្ទីរទេសចរណ៍
​   ២-លោក ផៃ ដារ៉ារិទ្ធ           ជា អនុប្រធានមន្ទីរទេសចរណ៍
៣-លោក សរ សារិន           ជា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
៤-លោក វ៉ាន់ សារ៉ាត          ជា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
៥-លោក ប៊ិន គឹមលាត        ជាប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ ផែនការ និងផ្សព្វផ្សាយ
៦-លោក សារាយសំខាន់     ជាអនុប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ផែនការផ្សព្វផ្សាយ
៧-លោក តាន់ ឆាន  ជាប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៨-លោក អ៊ុកសាន    ជាអនុប្រធានទី១ការិយាល័យអភិវឌ្ឍន៍វប្បធម៌បណ្តុះបណ្តាលវិជ្ជាជីវៈ
៩-លោក ហេង កុកញ៉         ជា អនុប្រធានទី២ការិយាល័យអភិវឌ្ឍន៍វប្បធម៌បណ្តុះបណ្តាលវិជ្ជាជីវៈ
នៅឆ្នាំ ១៩៩៥នេះដែរសាលាខេត្តបានចេញដីកាខេត្ត លេខ២០ ដខ.បុ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ ផ្ទេរក្របខ័ណ្ឌ និងមន្ត្រីរាជការមកមន្ទីរទេសចរណ៍។ ក្នុងដីកានេះមានរួមបញ្ចូលឈ្មោះមន្ត្រីដែលចេញប្រកាស ដោយ​ក្រសួងទេសចរណ៍ និងមន្ត្រីដែលបញ្ចូលបន្ថែមពីមន្ទីរផ្សេងៗក្នុងខេត្តក្នុងនោះមាន៖
១-លោក សំម រឹម               មន្ត្រីសាលាខេត្ត
២-លោក ផៃ ដារ៉ារិទ្ធ           មន្ត្រីសាលាខេត្ត
៣-លោក តាន់ ឆាន            មន្ត្រីសាលាខេត្ត
៤-លោក សរ សារិន           មន្ត្រីសាលាខេត្ត
៥-លោក វ៉ាន់ សារ៉ាត          មន្ត្រីសាលាខេត្ត
៦-កញ្ញា   កែម សូដានី        មន្ត្រីសាលាខេត្ត
៧-កញ្ញា   ស៊ឹង សូវ៉ាឌី         មន្ត្រីមន្ទីរកសិកម្មខេត្ត
៨-លោក សេង អាន           មន្ត្រីមន្ទីរព័ត៌មានខេត្ត
៩-លោក នាង កែវផល្លា       មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត
១០-លោក សារាយ សំខាន់  មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត
១១-លោក ហេង កុកញ៉       មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត
១២-លោក ប៊ិន គឹមលាត      មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត​
សរុបមកនៅក្នុងឆ្នាំ ១៩៩៥ នេះ មន្ទីរទេសចរណ៍ខេត្តកំពង់ធំ មានមន្ត្រីក្របខ័ណ្ឌធ្វើការសរុបចំនួន ១៣ រូប។នៅដើមឆ្នាំ១៩៩៥ ការិយាល័យទេសចរណ៍ ត្រូវបានរៀបចំ និងតែងតាំងឲ្យក្លាយទៅជាមន្ទីរ       ទេស​ចរណ៍តាមប្រកាសលេខ ០១០​ កទច ចុះថ្ងៃទី ២៨  ខែ មករា  ឆ្នាំ ១៩៩៥ របស់ក្រសួងទេសចរណ៍    ដែលមាន ០៣ ការិយាល័យ ក្នុងនោះមាន៖
១- ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២-ការិយាល័យឧស្សាហកម្មទេសចរណ៍ ផែនការនិងផ្សព្វផ្សាយ
៣-ការិយាល័យអភិវឌ្ឍន៍វប្បធម៌ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នៅឆ្នាំ ២០០៧   ក្រសួងទេសចរណ៍ បានចេញប្រកាសបង្កើតការិយាល័យបន្ថែមក្នុងនោះ  មន្ទីរទេសចរណ៍ខេត្តកំពង់ធំទទួលបាន ៥ ការិយាល័យគឺ៖
១- ការិយាល័យរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងអធិការកិច្ច
២-ការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ សុវត្ថិភាពស្ត្រីនិងកុមារក្នុងវិស័យទេសចរណ៍
៣-ការិយាល័យពត៌មានទេសចរណ៍ សិក្សាទីផ្សារ ផ្សព្វផ្សាយទេសចរណ៍ និង រៀបចំព្រឹត្តិការណ៍  ទេសចរណ៍
៤-ការិយាល័យផែនការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ សហគមន៍ទេសចរណ៍មូលដ្ឋាន
៥-ការិយាល័យអប់រំបណ្តុះបណ្តាល
អំពីទីតាំងមន្ទីរទេសចរណ៍
  មន្ទីរទេសចរណ៍ខេត្តទើបនឹងចាប់ផ្តើមបង្កើតថ្មីចាប់ពីឆ្នាំ១៩៩៥ដែលពេលនោះ ខេត្តបានផ្តល់ទីតាំងបន្ទប់មួយ កន្លែងនៅ​ក្នុងសណ្ឋាគារខេត្តដែលចាស់ទ្រុឌទ្រោម (កសាងអំពីបាយអនៅជំនាន់បារាំងសេស)​ មានរបើក ជញ្ជាំង និង ពិដានដោយអន្លើៗ និងមានលក្ខណៈតូចចង្អៀត។ នៅឆ្នាំ១៩៩៧ ខេត្តបានអនុញ្ញាតឱ្យមន្ទីរ ទេសចរណ៍ ផ្ទេរទៅនៅបឹងហ្កាឡូ (បច្ចុប្បន្ន ជាសណ្ឋាគារស្ទឹងសែន) បាន​១ឆ្នាំ ខេត្តបានឯកភាពប្រគល់ទីតាំង នេះឱ្យឯកជនធ្វើជាសណ្ឋាគារ និងភោជនីយដ្ឋានក្នុងការវិនិយោគ​រយៈពេល ៧០ឆ្នាំ តាមកិច្ចសន្យា ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០២ (តាមកិច្ចសន្យាលើកដំបូងគឺធ្វើឡើងនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ១៩៩៦)។ ចាប់ពីឆ្នាំ ១៩៩៨មក  មន្ទីរទេសចរណ៍បានផ្ទេរមកនៅអតីតសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តដែលបច្ចុប្បន្ន​គ្រប់គ្រងដោយ ស្នាក់ការគណបក្សខេត្ត។ ការស្នាក់នៅបំពេញការងារមួយរយៈមក កន្លែងនេះ​មានការលំបាកដោយសារ សំណង់មានសភាពទ្រុឌទ្រោម ដំបូលនិងជញ្ជាំងមានការធ្លុះធ្លាយពេលមានភ្លៀងម្តងៗ​ធ្វើឱ្យខូចឯកសារដែល បង្កើត​ការលំបាកក្នុងការគ្រប់គ្រង។ ហេតុនេះនៅឆ្នាំ២០១៤ មន្ទីរត្រូវបានផ្ទេរចេញ មកជួលផ្ទះគេមួយកន្លែងនៅ តំបន់​មាត់ហាវ ធ្វើជាស្នាក់ការមន្ទីរ។ ដើម្បីឆ្នាំ២០១៩ មន្ទីរត្រូវបានផ្ទេរទៅអាគាររដ្ឋផ្ទាល់ខ្លួនដែលមានទីតាំង នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
៣.ទស្សនៈវិស័យ ឬ ចក្ខុវិស័យ របស់មន្ទីរទេសចរណ៍ខេត្ត
   វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលនឹងបង្កើតបាននូវផលវិជ្ជមានស្របទៅ តាម និន្នាការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ និងពិភពលោក នាពេលបច្ចុប្បន្ន និងអនាគត។
៤.គោលដៅ របស់មន្ទីរទេសចរណ៍ខេត្ត
     គឺការអភិវឌ្ឍទេសចរណ៍ ទាមទារឱ្យមានយុទ្ធសាស្រ្តគ្រប់គ្រង គោលដៅទាក់ទាញទេសចរណ៍។
៥.ទិសដៅ របស់មន្ទីរទេសចរណ៍ខេត្ត
    ទេសចរណ៍មានទិសដៅច្បាស់លាស់ដែលត្រូវសម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព។ ទិសដៅទាំងនេះ គឺជាការអភិរក្ស ថែរក្សាការពារ ការប្រើប្រាស់សម្បត្តិវប្បធម៌ និងធនធាន ធម្មជាតិប្រកបដោយស្មារតីទទួលខុសត្រូវ និងការបង្កើនផលប្រយោជន៍ពីប្រភពទាំងនេះព្រមទាំងធ្វើឱ្យអ្នក ពាក់ព័ន្ធទទួលផលប្រកបដោយសមធម៌។
៦.បេសកម្មរបស់មន្ទីរទេសចរណ៍ខេត្ត
   ក្រសួងទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកម្មអោយដឹកនាំ និងគ្រប់គ្រងវិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។
៧.រចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្ត
      យោងប្រកាសលេខ០៦៧ ប្រក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសំរួលតួនាទីភារកិច្ច និងរចនា សម្ព័ន្ធរបស់មន្ទីរទេសចរណ៍ខេត្ត-ក្រុង។

៧.១អំពីការិយាល័យចំណុះរបស់មន្ទីរទេសចរណ៍ខេត្ត
         អំពីការិយាល័យ ចំណុះ
រចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ មានការិយាល័យចំណុះចំនួន០៥ការិយាល័យ៖
០១.   ការិយាល័យរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងអធិការកិច្ច
០២.   ការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ សុវត្ថិភាពស្រ្តី និងកុមារក្នុងវិស័យទេសចរណ៍
០៣.  ការិយាល័យផែនការអភិវឌ្ឍទេសចរណ៍វប្បធម៌ សហគមន៍ទេសចរណ៍មូលដ្ឋាន
០៤.   ការិយាល័យព័ត៌មានទេសចរណ៍ សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍
០៥.   ការិយាល័យអប់រំបណ្តុះបណ្តាល
  ៧.២ អំពីបុគ្គលិក
        ចំនួនមន្រ្តីក្នុងមន្ទីរទេសចរណ៍ខេត្តមាន ១៥នាក់ និងមន្រ្តីកិច្ចសន្យា​មាន​ ២៧នាក់។
៨.សក្តានុពល(មាន)
   ១. រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក (សម្បត្តិបេតិកភណ្ឌពិភពលោក)
   ប្រវត្តិ៖  ប្រាសាទសំបូរព្រៃគុក ភាគច្រើនត្រូវបានកសាងឡើងដោយព្រះបាទឥសានវ័រ្មនដើម្បីឧទ្ទិសជូន ចំពោះព្រះសិវៈ។ បើផ្អែកទៅលើឯកសារ​ជាកំណត់ហេតុចិនបានបញ្ជាក់ថាចក្រភពចេនឡាត្រូវបានបង្កើតឡើង ក្នុងរជ្ជកាលនៃការគ្រប់គ្រងដោយក្សត្របីព្រះអង្គគឺព្រះបាទភវវ័រ្មនទី១ ​(គ.ស៥៩៨) ព្រះបាទមហេន្ទ្រវ័រ្មន (គ.ស៦០០) និងព្រះបាទឥសាន វ័រ្មនទី១(គ.ស៦១៦-៦៣៥)។ ដោយសារស្នាព្រហស្ថព្រះបាទឥសានវ័រ្មនទី១នេះ ហើយដែល ទ្រង់បានរៀបចំកសាងរាជធានីនៅតំបន់ប្រាសាទសំបូរព្រៃគុក (ឦសានបុរី)។​ ទម្រង់នៃសិល្បៈ និងស្ថាបត្យកម្មទាំងអស់នេះដែលអ្នកប្រាជ្ញផ្នែកប្រវត្តិសាស្រ្តសិល្បៈ និង    ស្ថាបត្យកម្មបានកំណត់ជារចនាបទ សំបូរព្រៃគុក។ ប្រាសាទសំបូរព្រៃកគុក សង់មានលក្ខណៈជាប្រាសាទទោល និងប្រាសាទសង់ជាក្រុមៗក្នុង កំពែងតែមួយប្រាសាទទាំងនេះភាគច្រើនសាងសង់អំពីឥដ្ឋ កំបោរបាយអ ថ្មភក់ ឯប្លង់ប្រាសាទមានរាងបួនជ្រុង គ្រឿងលម្អស្ថាបត្យកម្មមានផ្តែរ និងសរសរពេជ្រសុទ្ធសឹងធ្វើអំពីថ្មភក់ និងមានចម្លាក់លើកំបោរបាយអ។
ទីតាំង៖  ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ចម្ងាយ៖  ៣០គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២ និងផ្លូវលេខ២១៩ទៅស្រុកប្រាសាទសំបូរ
      មធ្យោបាយ៖  ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
     សក្ដានុពលទេសចរណ៍៖ ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ខេត្តកំពង់ធំ ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ សំណង់ ប្រាសាទបុរាណជាច្រើនសាងសង់បែងចែកជាក្រុមៗ ក្នុងអំឡុងចុងសតវត្សទី៦ និងដើមសតវត្សទី៧នៃគ.ស មុនសម័យអង្គរ ដោយធ្វើឡើងអំពីឥដ្ឋខ្នាតធំ ថ្មភក់ ថ្មបាយក្រៀម និងមានព្រៃឈើធម្មជាតិធំៗដុះគ្រប ដណ្ដប់លាក់បាំងប្រាសាទបុរាណ មានផ្ទះស្នាក់សហគមន៍សម្រាប់ភ្ញៀវទេសចរស្នាក់នៅនិងសិក្សាស្វែងយល់ អំពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
  សកម្មភាពទេសចរ៖ ភ្ញៀវទេសចរ អាចចូលទស្សនា សិក្សាស្រាវជ្រាវស្វែងយល់អំពីប្រវត្តិនៃការកសាង ប្រាសាទដ៏អស្ចារ្យក្នុងយុគបុរាណខ្មែរ និងទស្សនាព្រៃធម្មជាតិ។ លើសពីនេះទៀតភ្ញៀវទេសចរអាចស្នាក់នៅ តាមផ្ទះស្នាក់របស់ប្រជាសហគមន៍ និងបរិភោគអាហារ ឬអាច មកបរិភោគអាហារនៅអាហារដ្ឋានក្នុងតំបន់ រមណីយដ្ឋានក៏បាន។

២. រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទគុកនគរ
     ប្រវត្តិ៖  ប្រាសាទគុកនគរត្រូវបានសាងសង់ក្នុងរាជព្រះបាទសូរិយាវរ្ម័នទី១នៅសតវត្សទី១០-១១ (គ.ស ១០០២-១០៥០) ស្ថិតក្នុងរចនាបទឃ្លាំង ឧទ្ទិសជូនចំពោះព្រះសិវៈ។ ប្រាសាទគុក នគរ ត្រូវបានសាងសង់នៅ លើដីរាបស្មើ មានរាងជាចតុកោណកែងធ្វើអំពីថ្មបាយក្រៀម ថ្មភក់ បែរមុខទៅទិសខាងកើតនិង មានកំពែងព័ទ្ធ ជុំវិញលាត​សន្ធឹង​ពី​កើត​ទៅ​លិចមាន​បណ្តោយ​ប្រវែង៣៥ម៉ែត្រ ទទឹង២៥ម៉ែត្រមាន​គោបុរៈ (ទ្វារឆ្លងកាត់កំពែង ប្រាសាទ) ចំនួនបី។ គោបុរៈ​ខាង​កើត​កម្ពស់ ៩ម៉ែត្រ មាន​ទ្វារ​ចូល​ចំនួន ៣កន្លែង ទ្វារ​កណ្តាល មាន​លក្ខណៈ​តូចចង្អៀតហើយ​ងងឹត​បន្តិច និងមាន​នៅ​សង​ខាង​ចំនួនពីរទៀត ។ គោបុរៈ​ខាងលិច​មាន​ទំហំតូចមាន​ទ្វារ​មួយ​ចូល​ទៅ​ខាង​ក្នុងតែ​មិន​អាច​ចេញ​ទៅ​ខាង​ក្រៅ​បានទេ។ គោបុរៈ​ខាងត្បូង​អែប​ជាប់​នឹង​ព្រះវិហារ​មិនស្ថិត​នៅ​ចំ​កណ្តាល​កំពែង​ទេ មាន​ទ្វារ​ចូល​ពីប្រាសាទទៅ​ខាង​ក្នុង តែ​មិន​អាច​ចេញ​ទៅ​ក្រៅ​កំពែង​បាន​ទេ មាន​តែចង្អូរ​មួយ​ដែល​គេ​ចោះ​ទម្លុះ​ជញ្ជាំង​ទៅ​ខាងក្រៅ​ សម្រាប់​បង្ហូរ​ទឹក​មន្ត​នៅ​ពេល​គេ​ធ្វើ​ពិធី​ស្រោចទឹក​នៅ​លើ​សិវលិង្គ។
       ទីតាំង៖ ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
       ចម្ងាយ ៖ ៨១គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ ទៅរាជធានីភ្នំពេញ
       មធ្យោបាយ៖ ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
     សក្ដានុពលទេសចរណ៍៖       ប្រាសាទបុរាណកសាងនៅសតវត្សទី១០-១១ ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ដែលមានកំពែងព័ទ្ធជុំវិញ
     សកម្មភាពទេសចរ៖    ភ្ញៀវទេសចរ អាចចូលទស្សនា សិក្សាស្រាវជ្រាវស្វែងយល់អំពីប្រវត្តិនៃការកសាង ប្រាសាទដ៏អស្ចារ្យក្នុងយុគបុរាណខ្មែរ។

៣. រមណីយដ្ឋានវប្បធម៌និងធម្មជាតិ ភ្នំសន្ទុក
     ប្រវត្តិ៖  តាមការស្រាវជ្រាវមិនទាន់ជាផ្លូវការ ភ្នំសន្ទុកមានឈ្មោះហៅក្រៅជាច្រើនដូចជា ភ្នំធំ(ប្រវត្តិសាស្ត្រ) ភ្នំអាថ៌សន្ទុក(ប្រវត្តិសាស្ត្រ) ភ្នំសន្ទុក(ប្រវត្តិសាស្ត្រ)ភ្នំចមចុងគីរី ភ្នំគ្របទុក ភ្នំព្រះបាទជាន់ទុកដែលមានដំណើរ រឿងដូចតទៅ៖
       ១. ឈ្មោះទី១ “ភ្នំចមចុងគីរី” (តាមរយៈដំណើររឿងព្រេង) ភ្នំនេះ គឺកើតឡើងដោយការអធិដ្ឋាន របស់ព្រះនាងពៅទេវី ផង និងកើតឡើងតាមការបង្កកនៃពពុះទឹក និងសំបកនៃមច្ឆាជាតិព្រមទាំងកំណាត់ឈើ ទាំងឡាយផង ព្រោះហេតុនេះហើយបានជាបុរាណកាលប្រជានុរាស្ត្រហៅថា “ភ្នំបុស្ប ស្រីពៅ” ដោយយក ព្រះនាមពៅទេវី ជាអ្នកអធិដ្ឋាន បានកើតជាភ្នំនេះឯង។ បន្ទាប់មកទៀតពេលដែលព្រះចមពង្សកុមារមកគ្រប់ គ្រងលើភ្នំនេះគេហៅថា “ភ្នំចមពង្សគីរី” ដោយយកតាមព្រះនាមព្រះរាជកុមារចមពង្សនេះឯងប៉ុន្តែក្រោយមក ក៏ក្លាយមកជា “ចមចុងគីរី” វិញ​គឺយកតាមព្រះនាមស្ដេចបង “ចមពង្ស” និងយកតាមព្រះនាមស្ដេចប្អូន “ចុងរក្ស” ព្រោះពេលស្ដេចបងសុគតទៅស្ដេចប្អូនឡើងសោយរាជ្យនៅទីនោះបន្តទៀត ដូច្នេះក៏ហៅថា “ចមចុងគីរី” តែម្ដងទៅ។
២. ឈ្មោះទី២ “ភ្នំគ្របទុក” តាមរយៈព្រះគ្រូសត្ថាបារមីអាន ផៃ ព្រះមេគណខេត្តកំពង់ធំបានមានសង្ឃដី កាថាឈ្មោះនេះបានប្រើក្រោយដែលព្រះពុទ្ធទ្រង់បរិនិព្វានថ្មីៗប្រហែលនៅ ព.ស ១ ដោយមានសេចក្ដីដំណាល ថាក្រោយពេលដែលព្រះសមណគោតម ទ្រង់បរិនិព្វានថ្មីៗទៅហើយនោះថ្ងៃមួយពុទ្ធបរិស័ទទាំងឡាយបាននាំ គ្នាធ្វើពិធីបូជាព្រះសពក្នុងនគរកុសិនារា។ ឱកាសនោះមានព្រះរាជាជាច្រើននគរបានមកចាំទទួលយកព្រះ អដ្ឋិធាតុរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីយកធ្វើជាទីសក្ការបូជាក្នុងព្រះនគររៀងខ្លួន ការចែកព្រះធាតុនេះមាន ព្រាហ្មណ៍ម្នាក់ឈ្មោះ ទោណព្រាហ្មណ៍ជាអ្នកមេចំណែក។ ក្នុងពេលកំពុងចែកទោណព្រាហ្មណ៍ ឬទោណាចារ្យ បានរើសយកព្រះចង្កូមកែវទៅលាក់ទុកក្នុងផ្នួងសក់ខាងក្រោយរបស់ខ្លួនរីឯព្រះធាតុផ្សេងៗថ្វាយដល់ក្សត្រទាំង ឡាយដ៏រាបអស់ពីព្រះមេរុ។ ក្នុងឱកាសនោះព្រះឥន្ទ្រាធិរាជបានមើលឃើញថាទោណព្រហ្មណ៍មានភាពមិន ស្មោះត្រង់ចំពោះអដ្ឋិធាតុ ក៏ហោះចុះមកឆក់យកព្រះចង្កូមកែវពីផ្នួងសក់របស់ព្រហ្មណ៍នោះទីតម្កល់ទុកនៅចូ ឡាមណីចេតិយនាស្ថានត្រៃត្រឹង្សដោយព្រាហ្មណ៍នោះមិនដឹងថាបាត់ឡើយ។ លុះចែកព្រះធាតុនោះអស់ ហើយទោណព្រាហ្មណ៍ក៏លូកដៃទៅយកព្រះចង្កូមកែវពីផ្នួងសក់ស្រាប់តែរកមិនឃើញក៏មានការតូចចិត្តយំ ស្រែកយ៉ាងខ្លាំងលុះក្រឡេកមើលទៅក្នុងព្រះមេរុឃើញតែផេះនៅសេសសល់ប៉ុណ្ណោះព្រាហ្មណ៍ក៏កើបយកផេះ នោះមកវេចខ្ចប់ដើរចេញពីនគរកុសិនារាឆ្ពោះមកកាន់ភ្នំនេះហើយក៏យកផេះ មកគ្របទុកនៅលើខ្នងភ្នំរួចហើយ ទោណព្រាហ្មណ៍ លោតទម្លាក់ខ្លួនពីលើភ្នំនេះស្លាប់នាពេលនោះទៅ។ តាំងពីនោះមកភ្នំនេះត្រូវបានគេហៅថា “ភ្នំគ្របទុក” រហូតមកដល់ សតវត្សក្រោយៗតរៀងមក។
៣.    ឈ្មោះទី៣ “ភ្នំធំ” ធ្លាប់ប្រើក្នុងសតវត្សទី៧ ដែលមានរឿងរ៉ាវដូចតទៅ៖ មានព្រះរាជា មួយអង្គ និងព្រះអគ្គមហេសី ទ្រង់បានបញ្ជាឱ្យគេកាប់ឆ្កាទីធ្លាមួយកន្លែងដើម្បីសង់ប្រាសាទ និងព្រះបន្ទាយដើម្បីឧទ្ទិស ចំពោះព្រះហរិហរៈ ដែលមានរចនាបទបែបកំពង់ព្រះ ទីកន្លែងដែលសង់ប្រាសាទនោះឈ្មោះថា ភូមិប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំសព្វថ្ងៃនេះហើយព្រះអង្គតែងតែយាងទៅកម្សាន្តព្រះហឫទ័យដើម្បីបេះផ្លែឈើទាំង ឡាយមាន ព្រីង ព្រុះ ស្រគំ គុយ ជាដើម។ ពេលនោះគេតែងហៅឈ្មោះភ្នំនេះថា “ភ្នំធំ” តរៀងមក។
៤. ឈ្មោះទី៤ “ភ្នំអាសន្នទុក្ខ” ធ្លាប់ប្រើក្នុងសតវត្សទី១១ ព.ស ១៥១៥ និងគ.ស ១០២៨បានជាមានឈ្មោះ ដូច្នេះមកពីមានរឿងដំណាលថា កាលនោះព្រហ្មកិលឬពញាក្រែក បានចាត់ឱ្យទាហានដេញចាប់ព្រះបាទបក្សី ចាំក្រុងដោយយល់ថាបក្សីចាំក្រុងជាអ្នកមានបុណ្យអាចនឹងដណ្ដើមរាជ្យពីព្រះអង្គលុះព្រះរាជកុមាររត់មកដល់ ភ្នំនេះដើម្បីលាក់ខ្លួនពួនអាត្មា ក្រោមការគ្រប់គ្រងរបស់ឈ្មោះម៉ឹងពេលនោះតាគោហេ និងរាជកុមារបក្សីចាំក្រុង ព្រះអង្គប្រកបដោយគ្រោះអាសន្ន និងមានទុក្ខភ័យថែមទៀត ទើបបានជាភ្នំនេះមានឈ្មោះថា “ភ្នំអាសន្នទុក្ខ” គឺអាសន្នបូកនឹងទុក្ខ ប៉ុន្តែមកដល់សព្វថ្ងៃនេះកាត់ខ្លីនៅសល់ត្រឹមតែ “សន្ទុក” វិញ។
៥. ឈ្មោះទី៥ “ភ្នំអាសន្ទុក្ខ” ធ្លាប់ប្រើក្នុងសតវត្សទី១៦ ឈ្មោះនេះកាលដើមឡើយត្រូវបានក្លាយជា  ខេត្តកំពង់ធំមួយដែលគ្រប់គ្រងដោយចៅហ្វាយខេត្ត។ បន្ទាប់មក ឧកញ៉ា តេជោ  បុរារាជមាស្ហៅតាក្រហមក ជាចៅហ្វាយខេត្តក្នុងរាជព្រះបាទអង្គច័ន្ទរាជាមុនពេលបង្កើតខេត្តកំពង់ស្វាយ។ ដូច្នេះ “ភ្នំអាសន្នទុក្ខ” នេះធ្លាប់ ប្រើក្នុង ព.ស ២០៦០ និង គ.ស ១៥១៦ (សតវត្សទី១៦) ប៉ុន្តែបច្ចុប្បន្ននេះបាត់ពាក្យ “អា” នៅសល់ត្រឹមតែ “សន្ទុក” ប៉ុណ្ណោះ។
ទីតាំង      ៖ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ
ចម្ងាយ     ៖ ១៧គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦
មធ្យោបាយ៖ ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
សក្ដានុពលទេសចរណ៍៖ នៅលើកំពូលភ្នំមានប្រាសាទបុរាណរាងជាពីរ៉ាមីតធ្វើអំពីថ្មភក់ចេតិយបុរាណ កសាងនៅសតវត្សទី១៥ ព្រះវិហារ៨ជ្រុងស្ថាបនានៅក្នុងសតវត្សទី១៩-២០ ស្នាមព្រះពុទ្ធបាទជាន់ទុក ឆ្លាក់ ជាប់នឹងថ្ម ចម្លាក់ព្រះពុទ្ធចូលបរិនិព្វាននិងព្រះពុទ្ធបដិមាជាច្រើនអង្គកសាងក្នុងរាជព្រះបាទពញាធម្មារាជានា ឆ្នាំ១៤៧៤-១៤៩៤ កន្លែងទម្លាក់កាក់ផ្សងសំណាងហៅថា “ចាន់តារ៉ែ ឬចាន់ចារ៉ែ” និងព្រះបរមរូប ព្រះរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ។
សកម្មភាពទេសចរ៖ ភ្ញៀវទេសចរ អាចឡើងលើកំពូលភ្នំគយគន់ទិដ្ឋភាពព្រៃព្រឹក្សា និងទស្សនា ព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម ព្រមទាំងទស្សនាមរតកបុរាណដែលមានបន្សល់ទុករាប់រយឆ្នាំ និងអាច បរិភោគអាហារនៅអាហារដ្ឋានក្បែរជើងភ្នំ។

 ៤. រមណីយដ្ឋានកែច្នៃ បឹងសំរឹទ្ធិ
      ប្រវត្តិ ៖  រមណីយដ្ឋានកែច្នៃ បឹងសំរឹទ្ធិ ត្រូវបានបង្កើតឡើងដោយឯកជនវិនិយោគទុនផ្ទាល់លើផ្ទៃដីទំហំ ៤៧ហិកតា និងសាងសង់ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១២ ហើយបើកដំណើរការអាជីវកម្មនៅឆ្នាំ២០១៣។ មានរឿងនិទានទាក់ទងនឹងប្រវត្តិផ្ដិលសំរឹទ្ធិដែលជានិមិត្តរូបរបស់រមណីយដ្ឋាននេះដូចតទៅនៅប្រហែលគ.ស ១៣៥៣ សៀមបានលើកទ័ពមកវាយក្រុងអង្គរក្នុងរាជស្ដេចព្រះបាទស្រីលំពង្សរាជានៅពេលនោះមានមេទ័ព ខ្មែរម្នាក់ឈ្មោះគ្រឹស្ឋ បាននាំយកផ្តិលសំរឹទ្ធិ និងពលទាហានមកបោះទីតាំងលាក់ខ្លួននៅមាត់បឹងនេះ។ ក្រោយ មកទៀតលោកមេទ័ពបានប្រាប់ពលទាហានថា ផ្តិលនេះជាកេរ្តិ៍ដំណែលរបស់ស្ដេចខ្មែរច្រើនជំនាន់មកហើយ ធ្វើយ៉ាងណាកុំឱ្យដំណឹងនេះដឹងដល់ទ័ពសៀម ក្នុងគ្រានោះ លោកមេទ័ពបានឱ្យសេនាទាំងអស់ផឹកទឹកក្នុងផ្តិល នោះនៅនឹងមុខខ្ទមអ្នកតាជាប់មាត់បឹងខាងកើតជិតរូងក្រពើ។ រំពេចនោះស្រាប់តែមានបាតុភូតចម្លែកធ្វើឱ្យផ្ទៃ មេឃប្រែជាងងឹតស្លុប ភ្លៀងចាប់ផ្ដើមបង្អុរខ្លាំងៗ រន្ទះបាញ់ផូងផាំង ដីដែលកំពុងតែតម្កល់ផ្តិលសំរឹទ្ធិនោះចាប់ ផ្ដើមប្រេះស្រូបយកផ្តិលទៅបាត់ ស្របពេលដែលលោកមេទ័ព ក៏រលត់សង្ខារក្នុងគ្រានោះផងដែរ។
ទីតាំង        ៖ ភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
       ចម្ងាយ       ៖ ៤២គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ និងបត់ស្ដាំចូលតាមផ្លូវក្រាលកៅស៊ូ
       មធ្យោបាយ ៖ ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
សក្ដានុពលទេសចរណ៍៖ ស្ថាបត្យកម្មសំណង់សាងសង់តាមរចនាបទខ្មែរមានដូចជា ក្លោងទ្វារចូលសង់ តាមលំនាំ រចនាបទប្រាសាទព្រះវិហារ សំណង់រូបបង្រួមប្រាសាទអង្គរវត្ត រូបផ្តិលសំរឹទ្ធិនិងភ្នំកែច្នៃដែលអាច ឱ្យភ្ញៀវកម្សាន្តសប្បាយដោយជិះខ្សែរ៉កទម្លាក់ពីលើភ្នំកាត់ផ្ទៃទឹកបឹង និងរំអិលខ្លួនតាមស្លាយដែកធ្លាក់ពីលើភ្នំ មកចូលទឹកបឹង អាងលេងទឹកសម្រាប់កុមារ អាងលេងទឹកសម្រាប់កុមារនិងមនុស្សធំ សួនច្បារដ៏ស្រស់ស្អាត ទីលានវាយកូនបាល់ ទីលានហាត់វាយកូនហ្គោល និងល្បែងកីឡាជាច្រើនប្រភេទ ព្រមទាំងមានសេវាកម្មស្នាក់ នៅ និងភោជនីយដ្ឋានល្អប្រណីតសម្រាប់ទទួលភ្ញៀវទេសចរ។
សកម្មភាពទេសច៖  ស្នាក់នៅសម្រាកលំហែកម្សាន្ត កីឡា បរិភោគអាហារ និងជាកន្លែងសម្រាប់បោះជំរំ។

៥. រមណីយដ្ឋានកែច្នៃ ស្ទឹងជីនិត
      ប្រវត្តិ  ៖  តំបន់នេះគឺជាប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ចាប់ផ្ដើមកសាងនៅឆ្នាំ១៩៧៦ ក្នុងរបបប៉ុលពត និង បន្តសាងសង់បន្ថែមនៅឆ្នាំ២០០៣ ដោយរាជរដ្ឋាភិបាលសព្វថ្ងៃ។ នៅក្នុងឆ្នាំ២០០៨ អាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយមន្ត្រីជំនាញក្រសួងទេសចរណ៍បានរៀបចំតំបន់នេះទៅជា រមណីយដ្ឋានទេសចរណ៍កែច្នៃ និងរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ទាក់ទាញភ្ញៀវទេសចរ មកលំហែ កម្សាន្តសប្បាយ។
ទីតាំង ៖ ភូមិព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
    ចម្ងាយ ៖ ៣៨គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧១
    មធ្យោបាយ ៖  ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
 សក្ដានុពលទេសចរណ៍៖ ភ្ញៀវទេសចរ អាចគយគន់មើលទេសភាពផ្ទៃទឹកធំល្ហល្ហេវប្រៀបបាននឹងកូន សមុទ្រតូចមួយ និងអាចលេងទឹកហូរធ្លាក់ពីទំនប់បង្ហៀរ ជិះទូកកម្សាន្ត ជិះប៉េដាឡូ
សកម្មភាពទេសចរ ៖    សម្រាក លំហែកម្សាន្ត លេងទឹក បរិភោគអាហារ និងជាកន្លែងសម្រាប់បោះតង់។

៦. ទំនប់បង្ហៀរទឹក៦មករា
      ប្រវត្តិ ៖  តំបន់នេះគឺជាសំណង់ប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពដំណាំកសិកម្មនៅក្នុងស្រុកសន្ទុក ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៧៨ ក្នុងសម័យ ប៉ុល ពត និងត្រូវបានកសាងជួសជុលរួចរាល់ឡើងវិញនៅ ឆ្នាំ២០១៨នេះ ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
ទីតាំង ៖ ភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ
      ចម្ងាយ ៖ ៣២គ.ម ពីទីរួមខេត្តកំពង់ធំ (តាមផ្លូវជាតិលេខ៦បត់ឆ្វេងចូលតាមផ្លូវលំក្រាលក្រួសក្រហម)
      មធ្យោបាយ ៖  ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
សក្ដានុពលទេសចរណ៍៖ ជាទំនប់ទឹកបង្ហៀរដែលអាចឱ្យភ្ញៀវទេសចរលេងទឹកហូរធ្លាក់ពីទំនប់ បង្ហៀរមានប្រវែងប្រហែល២០០ម៉ែត្រ ជិះប៉េដាឡូ និងជិះទូកកម្សាន្តគយគន់ទេសភាព
សកម្មភាពទេសចរ៖    សម្រាក លំហែកម្សាន្ត លេងទឹក និងអាចបរិភោគអាហារ។

៧. រមណីយដ្ឋានអេកូទេសចរណ៍ រស្មីភូមិពីរគីរីបឹងក្រញាក
ប្រវត្តិ៖ កាលដើមឡើយបឹងនេះមានទំហំមិនធំនោះទេ តែនៅសម័យ ប៉ុល ពត បាននាំប្រជាជនមកជីក ពង្រីកបឹងដើម្បីទប់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មនាសម័យនោះដែលគ្រានោះមានប្រជាជនជាច្រើននាក់ បានបាត់បង់ជីវិតដោយសារការជីកពង្រីកបឹងនោះ ឃើញបែបនេះប្រជាជនមិនហ៊ានទៅជីកឡើយ ដោយ “ញ៉ាក” ខ្លាចស្លាប់នៅទីនោះ ទើបគេហៅថា “បឹងក្រញាក” រហូតមកដល់សព្វថ្ងៃនេះ។ ក្រោយមកដោយមាន គោលបំណងចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ធនធានជលផល  ព្រៃឈើ និងជីវចម្រុះនៅ ជុំវិញបឹងក្រញាកប្រកបដោយចីរភាព ព្រមទាំងជួយលើកស្ទួយ កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើងប្រជាជន រស់នៅក្នុងភូមិកន្ធីរ និងត្បូងទឹកបានសហការគ្នាបង្កើតជារមណីយដ្ឋានអេកូទេសចរណ៍រស្មីភូមិពីរគីរីបឹង ក្រញាកដោយមានការសម្របសម្រួលពីមន្ទីរទេសចរណ៍ មន្ទីរធនធានទឹកនិងឧតុនិយម និងអាជ្ញាធរ មូលដ្ឋាន និងមានការឯកភាពពីរដ្ឋបាលខេត្តកំពង់ធំ អនុញ្ញាតឱ្យដាក់ដំណើរការនៅចុងឆ្នាំ២០១៥។
     ទីតាំង ៖ ភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ចម្ងាយ ៖ ៨០គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២ ឆ្លងកាត់ស្រុកប្រាសាទសំបូរ
មធ្យោបាយ៖  ទោចក្រយានយន្ត និងរថយន្តPick up (បច្ចុប្បន្នលំបាកដោយកន្លែង)
សក្ដានុពលទេសចរណ៍៖       ការជិះទូកកម្សាន្ត ទូកត្នោត ទូកធ្វើពីដបទឹកសុទ្ធ និងការនេសាទត្រី របស់ប្រជាពលរដ្ឋដើរកម្សាន្តព្រៃគយគន់ព្រៃព្រឹក្សាធំៗ ទស្សនាសត្វស្លាបទឹក និងសត្វព្រៃជាច្រើនប្រភេទ និងស្វែងយល់ពីការប្រមូលផលស្រូវដែលជាប្រពៃណីខ្មែរនិងអាចស្នាក់នៅក្នុងផ្ទះបុរាណខ្មែរដែលមានលក្ខណៈ សាមញ្ញ និងបរិភោគអាហារជាមួយអ្នកស្រុកក៏បាន។
សកម្មភាពទេសចរ៖ ស្នាក់នៅ លំហែកម្សាន្ត លេងទឹក និងអាចបរិភោគអាហារជាមួយប្រជាពលរដ្ឋក្នុង តំបន់។

៨. ទំនប់បង្ហៀរទឹក អូរមាន
  ប្រវត្តិ៖តំបន់នេះ ជាប្រព័ន្ធធារាសាស្ត្រអូរមាន ដែលបានកសាងដោយគម្រោងស្ដារប្រព័ន្ធធារាសាស្ត្រ របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ។ បច្ចុប្បន្នអាជ្ញាធរខេត្ត និងមន្ទីរ ទេសចរណ៍ បាននឹង កំពុងសិក្សាតំបន់នេះឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍កែច្នៃ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេង កម្សាន្តសប្បាយ។
ទីតាំង ៖ ភូមិរនាម ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
    ចម្ងាយ ៖ ៦០គ.ម ពីទីរួមខេត្តកំពង់ធំ (តាមផ្លូវជាតិលេខ៦២ ឆ្លងកាត់ស្រុកប្រាសាទសំបូរ)
មធ្យោបាយ  ៖  ទោចក្រយានយន្ត និងរថយន្តPick up (បច្ចុប្បន្នលំបាកដោយកន្លែង)
    សក្ដានុពលទេសចរណ៍ ៖  ទឹកហូរធ្លាក់ពីទំនប់បង្ហៀរ ជិះទូកកម្សាន្ត ក្នុងអំឡុងខែវស្សា
    សកម្មភាពទេសចរ ៖  សម្រាក លំហែកម្សាន្ត លេងទឹកទឹកហូរធ្លាក់ពីទំនប់បង្ហៀរ និងអាចបរិភោគអាហារ។

៩. តំបន់ទឹកហូរប៉ប្រះថ្ម ធ្នស់តាព្រហ្ម
ប្រវត្តិ៖  តំបន់នេះ គឺជាតំបន់ធម្មជាតិ និងប្រវត្តិសាស្ត្រមួយដ៏យូរលង់ណាស់មកហើយដោយមាន សំណល់ ទីទួលប្រាសាទបុរាណមួយដែលមានទម្រលិង្គនិងយោនីនៅទីនោះ បច្ចុប្បន្នបានប្រែក្លាយជាអាស្រមតម្កល់នូវ ព្រះពុទ្ធបដិមា និងមានព្រះសង្ឃមួយអង្គគង់នៅអាស្រមនោះផងដែរ។ តំបន់ដ៏ស្រស់ត្រកាលនេះស្ថិតនៅក្នុង ព្រៃស្រោងស្ងាត់ជ្រងំគួរជាទីមនោរម្យ ពេលចូលទៅដល់តំបន់នោះស្ដាប់ឮសំឡេងសត្វបក្សាបក្សីយំ និង សំឡេងទឹកហូរប៉ប្រះនឹងផ្ទាំងថ្មធំៗ។
ទីតាំង ៖ ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
    ចម្ងាយ ៖ ៧២គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦៤ ទៅស្រុកប្រាសាទសំបូរ
    មធ្យោបាយ ៖  ទោចក្រយានយន្ត និងរថយន្តPick up (ស្ថានភាពផ្លូវលំបាកដោយកន្លែង)
  សក្ដានុពលទេសចរណ៍៖  ព្រៃឈើធម្មជាតិ ទីទួលប្រាសាទបុរាណ ទឹកហូរប៉ប្រះផ្ទាំងថ្ម និងទស្សនាសត្វស្លាប
    សកម្មភាពទេសចរ ៖    សម្រាក លំហែកម្សាន្ត លេងទឹកហូរប៉ប្រះនឹងផ្ទាំងថ្មធំៗ។

១០. មជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខណ៍
      ប្រវត្តិ៖  មជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខណ៍ ជាទីសក្ការបូជាបារមី ដែលបានកើតឡើងចាប់តាំងពីឆ្នាំ១៩៨២មក តាមឱវាទរបស់ព្រះអង្គ កើត វ៉ាយ អតីតជាព្រះគ្រូចៅអធិការ វត្តសំរោងមានជ័យ (ហៅវត្តលាពាក្យ ឬវត្តល្ពាក) កាលពីព្រះអង្គគង់នៅមានព្រះជន្មនៅឡើយ។ ពេលនោះ ទីសក្ការបូជានេះមានឈ្មោះថា ទិសកំពុងរង់ចាំ ឬទិសឦសានមៈមៈ។ បន្ទាប់មកដោយមានការសាងសង់ សំពៅមាស សំពៅប្រាក់ ក៏មានឈ្មោះថា សំពៅមាស សំពៅប្រាក់។ ក្រោយមកទៀតក៏មានការសាងសង់ សំពៅត្រៃលោក ត្រៃលក្ខណ៍ តាមឱវាទញាណ ព្រះអង្គ កើត វ៉ាយ ដែលបានចែងថាសំពៅត្រៃលក្ខណ៍ សំពៅត្រៃលោក ចម្លងសត្វលោក ឆ្លងផុតវាលបី អន្លង់ទាំងបួន នគរបានសុខ ជ្រកក្រោមម្លប់ពោធិ៍។ សំពៅនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០០៦ មានទំហំ ទទឹង១៥,៥០ម៉ែត្រ      បណ្ដោយ៧២ម៉ែត្រ និងកំពស់៣៣ម៉ែត្រ។ សំពៅត្រៃលោក ត្រៃលក្ខណ៍ មានព្រះវិហារ ពីរជាន់នៅពីលើមានទទឹង១២,៨០ម៉ែត្រ និងបណ្ដោយ៣៣ម៉ែត្រ ដឹកនាំកសាងដោយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការដែលទទួលបានឱវាទដោយផ្ទាល់ពី ព្រះអង្គ កើត វ៉ាយ និងការឧបត្ថម្ភគាំទ្រ ដ៏ឧត្ដុង្គឧត្ដមនិងវិសេសវិសាលបំផុតពីសំណាក់សម្ដេចទាំងបី ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសប្បុរសជនជាច្រើន។ ចាប់ពីពេលនោះមកក៏ ហៅថា ទីសក្ការបូជាបារមី សំពៅត្រៃលោក ត្រៃលក្ខណ៍។ ក្រោយមកទៀតដោយមានការពិភក្សារវាង លោកជំទាវ ម៉ែន សំអន ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្ដម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រលិល្បៈ និងឯកឧត្ដម ហ៊ុន ហេង   ទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ទីសក្ការៈនេះ ត្រូវបានប្ដូរឈ្មោះទៅជា មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ហើយបានសម្ពោធឆ្លងសមិទ្ធផល នានានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣។
ទីតាំង៖ ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ
      ចម្ងាយ៖ ២០គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ និងបត់ឆ្វេងចូលតាមផ្លូវក្រាលកៅស៊ូ
      មធ្យោបាយ៖  ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
    សក្ដានុពលទេសចរណ៍៖ ជាទីសក្ការបូជា និងប្រារព្ធពិធីសាសនា រូបសំណាកសំពៅត្រៃលោកត្រៃលក្ខណ៍ ឬហៅថាសំពៅមាសសំពៅប្រាក់ ព្រះវិហារវត្តសាងសង់លើសំពៅដ៏ធំ ប្រាសាទព្រះពិស្ណុការ ប្រាសាទ តារាជនគរភ្នំ បុស្បុកព្រះមុនីឥសី បុស្បុកព្រះអង្គយមរាជ បុស្បុកនេន រោង បុស្បុកព្រះគោ ព្រះកែវ ពុទ្ធបដិមា និងចម្លាក់ឆ្លាក់ជាប់ជញ្ជាំង
សកម្មភាពទេសចរ៖ ចូលរួមក្នុងការប្រារព្ធធ្វើពិធីសាសនា សិក្សាស្រាវជ្រាវពីប្រវត្តិនៃការកសាងសមិទ្ធផល នៅទីនោះ និងចម្លាក់ផ្សេងៗ។

១១. រមណីយដ្ឋាន ស្ទឹងព្រៃប្រស់
         ប្រវត្តិ៖  (គ្មាន)
ទីតាំង៖ ផ្លូវជាតិលេខ៦ ភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
        ចម្ងាយ ៖ ១៦គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦
មធ្យោបាយ៖  ទោចក្រយានយន្ត និងរថយន្តទេសចរណ៍គ្រប់ប្រភេទ
      សក្ដានុពលទេសចរណ៍៖ភ្ញៀវទេសចរ អាចងូតទឹកលេង ជិះទូកលេងកម្សាន្តមើលទេសភាព និងសត្វស្លាប អង្គុយស្ទូចត្រីលំហែកាយ និងគយគន់មើលទិដ្ឋភាពថ្ងៃរៀបលិច។ បច្ចុប្បន្នទីនោះបានក្លាយជា ចំណត់ឈប់ សម្រាកសម្រាប់អ្នកដំណើរ និងរថយន្តទេសចរណ៍គ្រប់ប្រភេទដើម្បីស្រស់ស្រូបអាហារ
សកម្មភាពទេសចរ៖  សម្រាកលំហែកាយ ងូតទឹកលេង និងស្រស់ស្រូបអាហារ។

ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
-នៅក្នុងខេត្តកំពង់ធំមានសេវាកម្មទេសចរណ៍ជាច្រើនដូចជា៖ សណ្ឋាគារសរុបចំនួន ០៨កន្លែង ចែកចេញជា ៣២០បន្ទប់ ស្មើនឹងចំនួន ៥១៦គ្រែ មានបុគ្គលិកសរុបចំនួន ១០៣នាក់ ស្រី ៧២នាក់។
-ផ្ទះភ្ញៀវ និងផ្ទះស្នាក់ ចំនួន ៤៩កន្លែង ចែកចេញជា ៧៨៦បន្ទប់ ស្មើនឹង ១១៧៤គ្រែ មានបុគ្គលិកសរុបចំនួន ១៧១នាក់ ស្រី ១២៥នាក់។
-ភោជនីយដ្ឋាន និងអាហារដ្ឋានសរុបចំនួន ៥៥ទីតាំង
-ខារ៉ាអូខេសរុបចំនួន ២៨កន្លែង។
-ម៉ាស្យាសុខភាពចំនួន ៥កន្លែង
៩.សកម្មភាពស្នូលរបស់មន្ទីរ
១-ការិយាល័យរដ្ឋបាល​ បុគ្គលិក  និងហិរញ្ញវត្ថុ មានតួនាទី និងភារកិច្ច៖
-គ្របគ្រងលិខិតស្នាមដែលបានបញ្ជូនចេញនិងទទួលលិខិតពីបណ្តាលមន្ទីរ​អង្គភាព និងស្ថានប័នដទៃទៀត
– ចរាចរលិខិតឯកសារចូលនិងចេញទៅកាន់គោលដៅទាំងក្នុង និងក្រៅមន្ទីរ
– លើកវិធានការ ការពារសន្តិសុខ​សុវត្តិភាព សណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពរបស់មន្ទីរ
– រៀបចំតុបតែង និងលម្អមន្ទីរ នៅរៀងរាល់ពិធីបុណ្យជាតិ ​អន្តរជាតិ ​និងចូលរួមក្នុងការងារសង្គមនានា
– គ្របគ្រងស្ថិតិ ក្របខណ្ឌ និងតារាព័ត៌មានការងារមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ​និងបុគ្គលិកអណ្តែកនិងរៀបចំផែនការធនធានមនុស្សរបស់មន្ទីរ
– រៀបចំសំណើរសុំលើការជ្រើសរើស ការតាំងស៊ប់ក្នុងក្របខណ្ឌ ការរៀបចំបៀវត្សរ៏ ការតម្លើងថ្នាក់និងឋានន្តរស័ក្តិ ការតែងតាំង ការប្រគល់ភារកិច្ច ការផ្លាស់ប្តូរ ការផ្ទេរក្របខណ្ឌ ការផ្តល់រង្វាន់ការផ្តល់គ្រឿងឥស្សរិយយស ការដាក់វិន័យ ការបញ្ចប់ភារកិច្ច ការលុបឈ្មោះឬបញ្ឈប់ពីការងារ ការដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សរ៏ ការដាក់ឱ្យស្ថិតនៅក្រៅក្របខណ្ឌដើម និងការដាក់ឱ្យចូលនិវត្តន៏ឬបាត់បង់សម្បទារវិជ្ជាជីវៈនៃមន្ត្រីរាជការ
– រៀបចំសលាបត្រវិញ្ញាបនបត្ររដ្ឋបាល លិខិតបញ្ជាបេសកកម្ម លិខិតឧទ្ទេសនាម សេចក្តីជូនដំណឹង​ លិខិតបទដ្ឋាន របាយការណ៍ និងកំណត់ហេតុនានា
– លើកគម្រោងផែនការថវិការប្រចាំឆ្នាំ គ្រប់គ្រងចំណូលចំណាយរបស់មន្ទីរ តាមគោលការកំណត់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
– គ្រប់គ្រងចលនទ្រព្យ​​ និងអចលនទ្រព្យ សន្និធិ សម្ភារៈ ប្រេងឥន្ធនៈ និងធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងគ្រប់គ្រងការប្រើប្រាស់ ការរៀបចំជួសជុលសម្ភារៈបរិក្ខារបស់មន្ទីរ
– រៀបចំនិងបើកប្រាក់បៀវត្ស របបសង្គមកិច្ច និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ជូនមន្ត្រីរាជការ​ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត
– សហការផ្សព្វផ្សាយ ណែនាំ និងជំរុញឱ្យគ្រប់អាជីវកម្មទរសចរណ៏​ រមណីយដ្ឋានទេសចរណ៍ និងសេវាផ្សេងៗទៀតបម្រើឱ្យវិស័យទេសចរណ៍ដើម្បីបង្កើនការការពារសន្តិសុខ និងសុវត្ថិភាពទេសចរ
– សហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តជាតិ​ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ចាត់វិធានការ និងយន្តការចាំបាច់ទាក់ទងការរក្សាសន្តិសុខ និងសុវត្ថិភាពជូនទេសចរ
– សហការជាមួយក្រសួង ស្ថាប័ន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ទីរ អង្គភាពនានាដើម្បីដោះស្រាយវិវាទ និងបំពេញភារកិច្ចអធិការកិច្ច និងសវនកម្មផ្ទៃក្នុង
– បូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់មន្ទីទេសចរណ៍។
២​-ការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍
មានតួនាទី និងភារកិច្ច៖
-រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៏របស់រដ្ឋបាល់ថ្នាក់ក្រោមជាតិដូចជា ផែនការវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ​អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត​ មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា
– រៀបចំបង្កើតសហគមន៍ទេសចរណ៍ នៅតាមតំបន់ដែលមានសក្តានុពលខ្ពស់ និងជំរុញឱ្យមានការថែរក្សាទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ បេតិកភ័ណ្ឌ ទីសក្ការៈបូជា ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា
– សិក្សា និងរៀបចំបញ្ជីសក្តានុពលវិនិយោគទេសចរណ៍ និងធ្វើបច្ចុប្បន្នកម្មលើទិន្នន័យ និងស្ថិតិនៃគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍នៅក្នុងខេត្ត
– ចូលរួមអនុវត្តបទដ្ឋានគតិយុត្ត ស្តង់ដារអប្បបរមា និងការអនុវត្តនានាដើម្បីតាមដានត្រួតពិនិត្យ កែលម្អនិងរក្សាគុណភាពរមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត បេតិកភណ្ឌ និងធម្មជាតិ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ជនបទ កសិ-ទេសចរណ៍ទេសចរណ៍​ផ្សងព្រេងនិងទេសចរណ៍ផ្សេងទៀតនៅថ្នាក់ក្រោមជាតិ
– ជំរុញសកម្មភាពភូមិមួយ ផលិតផលមួយរបស់សហគមន៍ទេសចរណ៏នៅក្នុងខេត្ត
– ជំរុញលើកទឹកចិត្តឱ្យមានមានការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកសម្រាប់បម្រើឱ្យទេសចរណ៍
– ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៏ក្នុងក្របខណ្ឌទ្វេរភាគី ពហុភាគី អាស៊ាន និងអន្តរជាតិ
– សហការរៀបចំកិច្ចប្រជុំ ព្រឹត្តិការណ៍ និងសន្និសីទទេសចរណ៍ថ្នាក់អាស៊ាន​ តំបន់ និងអន្តរជាតិ
– សហការសិក្សាស្រាវជ្រាវប្រវត្តិរមណីយដ្ឋាន ប្រវត្តិវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដើម្បីចងក្រងជាឯកសារ និងរៀបចំធ្វើព្រឹត្តិការណ៍ទេសចរណ៍នៅតាមខេត្ត និងគោលដៅទេសចរណ៏
– សហការចូលរួមជំរុញ និងអនុវត្តចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិ-សណ្ឋារកិច្ចល្អ”
– សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក្នុងការពិនិត្យលើផ្នែកសំណង់ស្ថាបត្យកម្ម និងទេសចរណ៍ឱ្យស្របទៅតាមរចនាបថខ្មែរ​ ទាំងការតុបតែងលំអ ការប្រគុំតន្រ្តីបុរាណ សំលៀកបំពាក់តាមបែបបុរាណខ្មែរ និងការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមមូលដ្ឋានអាជីវកម្ម និងសេវាកម្ម-ទេសចរណ៍ដោយរក្សាបាននូវអត្តសញ្ញាណជាតិ
– សហការត្រួតពិនិត្យការលក់ដូរវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរ
– សហការសិក្សាផលប៉ះពាល់សង្គម សេដ្ឋកិច្ច ​វប្បធម៌ និងបរិស្ថានដែលបណ្តាលមកពីគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងការធ្វើអាជីវកម្មរមណីយដ្ឋានទេសចរណ៍នៅក្នុងមូលដ្ឋាន។
-ការិយាល័យគ្រប់គ្រង់ឧស្សាហកម្មទេសចរណ៍ មានតួនាទី និងភារកិច្ច៖

  • គ្រប់គ្រង និងត្រួតពិនិត្យលើរាល់អាជីវកម្ម​ និងសេវាកម្មស្នាក់នៅទេសចរណ៍ ម្ហូបអាហារ ​ទេសចរណ៍ MICE សេវាកម្មម៉ាស្សា ​និងស្ប៉ា ទីភ្នាក់ងារ ដឹកជញ្ជូនទេសចរ សេវាកម្សាន្ត និងកីឡាទេសចរណ៍ព្រមទាំងអាជីកម្ម និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត
  • ផ្សព្វផ្សាយ​ និងជំរុញអនុវត្តច្បាប់ ស្តីពីទេសចរណ៍ឱ្យបានទូលំទូលាយក្នុងផ្នែកសាធារណៈនិងឯកជន
  • ចូលរូម និងជំរុញការអនុវត្តយន្តការ និងនីតិវិធីនៅថ្នាក់ក្រោមជាតិដើម្បីពិនិត្យ​ និងវាយតម្លៃលើសំណើរសុំអាជ្ញាបណ្ណទេសចរណ៍ដោយផ្អែកតាមលក្ខណវិនិច្ឆ័យដែលបានកំណត់ ទាំងការផ្តល់ ការបន្ត ការលុបចោល ឬការព្យូរអាជ្ញាបណ្ណទេសចរណ៍ និងការសុំបិទអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណម្ហូបអាហារ ទេសចរណ៏-MICE សេវាកម្មម៉ាស្សា ​និងស្ប៉ា ភ្នាក់ងារ ដឹកជញ្ជូនទេសចរ សេវាកម្សាន្តនិងកីឡាទេសចរណ៍ ព្រមទាំងអាជីវកម្ម និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត
  • លើកសំណើរ ដើម្បីពិនិត្យវាយតម្លៃចំណាត់ថ្នាក់ ការលើកសរសើរ ផ្តល់រង្វាន់​ និងប័ណ្ណសរសើរដល់មូលដ្ឋានសេវាកម្ម អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍គ្រប់ប្រភេទនៅក្នុងខេត្ត
  • សហការចូលរួមជំរុញ និងអនុវត្តចលនាប្រឡងប្រឡាំង “ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិ-សណ្ឋារកិច្ចល្អ”
  • សហការពង្រឹង​ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកសំដៅបង្កើនតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ឱ្យបានជាអតិបរមា
  • សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងការអនុវត្តលិខិតបទដ្ឋានគតិយុត្តស្តង់ដាអប្បបរមា និងការអនុវត្តនានាដើម្បីត្រួតពិនិត្យ តាមដាន កែលម្អ និងរក្សាធានាគុណភាពអាជីវកម្មនិងការអនុវត្តរបស់សហគមដែលពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ម្ហូបអាហារ​ សេវាកម្មម៉ាស្សា និងស្ប៉ា​ ​ភ្នាក់ងារ ដឹកជញ្ជូនទេសចរ សេវាកម្សាន្ត និងកីឡាទេសចរណ៍ ព្រមទាំងអាជីវកម្ម និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត
  • សហការសិក្សាផលប៉ះពាល់សង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថានដែលបណ្តាលមកពីការធ្វើអាជីវកម្មសេវាកម្មស្នាក់នៅ​ទេសចរណ៍ ម្ហូបអាហារ ទេសចរណ៍-MICE សេវាកម្មម៉ាស្សា និងស្ប៉ា ភ្នាក់ងារ ដឹកជញ្ជូនទេសចរ សេវាកម្សាន្ត និងកីឡាទេសចរណ៍ព្រមទាំងអាជីកម្ម និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត
  • សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់បទល្មើស និងការជួញដូរគ្រឿងញៀន ការជួញដូរស្ត្រី និងកុមារក្នុងវិស័យទេសចរណ៍ លើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ តម្លៃស្ត្រីនិងកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមពាក្យស្លោក ចូលរួមកាពាររតនសម្បត្តិជាតិយើង
  • សហការផ្សព្វផ្សាយ ណែនាំ និងជំរុញឱ្យគ្រប់អាជីវកម្មទេសចរណ៍ និងសេវាផ្សេងៗទៀតបម្រើឱ្យវិស័យទេសចរណ៍ដើម្បីនង្កើនការការពារសន្តិសុខ និងសុវត្ថិភាពទេសចរ។
    -ការិយាល័យអប់រំបណ្តុះបណ្តាល មានតួនាទី និងភារកិច្ច៖
  • រៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងផ្នែករដ្ឋ ឯកជន និងសាធារណៈស្របតាមគោលការណ៍ និងការណែនាំរបស់ក្រសួង
  • រៀបចំចងក្រង​លិខិតបទដ្ឋានគតិយុត្ត ឯកសារពាក់ព័ន្ធការងារវិស័យទេសចរណ៍ សម្រាប់បើកវគ្គបណ្តុះបណ្តាល
  • បើកវគ្គបណ្តុះបណ្តាលលើគ្រប់ជំនាញ និងគ្រប់ទម្រង់ សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច​ និងបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ សិទ្ធិកុមារ ច្បាប់ជាតិ អន្តរជាតិ អនុសញ្ញាជាតិដែលពាក់ព័ន្ធដើម្បីទប់ស្កាត់គ្រោះថ្នាក់ នៃការកេងប្រវ័ញ្ចផ្លូវភេទ និងកម្លាំងពលកម្មកុមារក្នុងវិស័យទេសចរណ៍ដល់ប្រតិបត្តិករទេសចរណ៍ ដែលកំពុងធ្វើអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងរាជធានី​ ខេត្ត
  • ទំនាក់ទំនងជាមួយផ្នែកឯកជន អង្គការក្រៅរដ្ឋាភិបាល ឱ្យចូលរួមឧបត្ថម្ភ គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
  • ចូលរួមអនុវត្តយន្តការ និងនីតិវិធី ដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំអាជ្ញាបណ្ណទេសចរណ៍ដោយផ្អែកតាមលក្ខណវិនិច្ឆ័យដែលបានកំណត់​ ទាំងការផ្តល់ ការបន្ត ការលុបចោល ឬការព្យួរអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍
  • ជំរុញផ្សព្វផ្សាយ និងណែនាំមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ក្រមប្រតិបត្តិ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងបទបញ្ញត្តិចូលជាធរមាន
  • លើកសំណើរជូនក្រសួងទេសចរណ៍ ចំពោះបាតុភាព ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់សង្គម សម្បត្តិវប្បធម៌ ធនធានធម្មជាតិ ដែលបង្កឡើងដោយមគ្គុទ្ទេសក៍ទេសចរណ៍
  • សហការសិក្សាពីតម្រូវការ ការជ្រើសរើស និងការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងខេត្តនិងតំបន់ ដែលត្រូវបានកំណត់ដោយក្រសួងទេសចរណ៍
  • សហការជាមួយមន្ទី អង្គភាពពាក់ព័ន្ធ ដើម្បីតម្រង់ទិសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមវិទ្យាល័យ សាលាចំណេះទូទៅ ​និងបច្ចេកទេស និងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលផ្សេងៗទៀត
  • សហការត្រួតពិនិត្យ វាយតម្លៃ និងតាមដានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សំដៅធានាឱ្យមានការបណ្តុះបណ្តាលប្រកបដោយគុណភាព និងស្របតាមស្តង់ដា​និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍កម្រិតជាតិ និងអន្តរជាតិ អាស៊ាន តំបន់ និងពិភពលោក។

-ការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ មានតួនាទី និងភារកិច្ច៖

  • រៀបចំ​ និងគ្រប់គ្រង ប្រមូល ចងក្រងស្ថិតិទេសចរណ៍នៅក្នុងខេត្ត
  • ធ្វើទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន​​ មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងផ្នែកឯកជនលើការងារស្ថិតិទេសចរណ៍
  • សិក្សាស្រាវជ្រាវ និងវិភាគនិន្នាការ​ និងព្យាករណ៏ទេសចរណ៍នៅក្នុងខេត្ត
  • សិក្សាស្រាវជ្រាវ និងវិភាគអំពីផលប៉ះពាល់នៃការអភិវឌ្ឍវិស័យទេសចរណ៍ ផលប៉ះពាល់វិជ្ជមាន អវិជ្ជមាន ស្ថានភាពទេសចរណ៍ តម្រូវការហេដ្ឋារចនាសម្ព័ន្ធ សម្បទា និងសេវាកម្មទេសចរណ៍ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់តំបន់ទេសចរណ៍ដែលមានសក្តានុពល ដើម្បីអភិវឌ្ឍឱ្យក្លាយទៅជាគោលដៅទេសចរណ៍
  • គ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ប្រមូលទិន្នន័យ ភ្ញៀវជាតិ និងអន្តរជាតិនិងផ្តល់ព័ត៌មានពិតជូនភ្ញៀវទេសចរ
  • បង្កើតសៀវភៅផ្នត់របស់មន្ទីរទេសចរណ៍ បង្ហាញពីផែនទី និងផ្សព្វផ្សាយផលិតផលទេសចរណ៍ទាំងក្នុងទាំងក្រៅប្រទេស
  • សហការ បង្កើតគ្រប់គ្រង និងអភិវឌ្ឍន៍គេហទំព័រ ប្រព័ន្ធទំនាក់ទំនងសង្គមនានា​ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលមាននៅក្នុងខេត្ត
  • សហការរៀបចំ បង្កើតពិព័រណ៍ទេសចរណី និងព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមតំបន់និងគោលដៅទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
    ១០.អសយដ្ឋាន និងលេខទំនាក់ទំនង
    – ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
    – ទូរស័ព្ទ + ៨៥៥ ៦២ ២១០ ៤០៨/១២ ៩១៤ ៩៩៧
    – ហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តកំពង់ធំ
    – ទូរសារ +៨៥៥ ២១០ ៤០៨
    – E-mail: dotourismkampongthom@gmail.com
    – គេហទំព័រ www.kampongthomtourism.org