មានទឹក គឺមានដំណាំ

102

មាន​ទឹក គឺមាន​ដំណាំ”

ប្រជាជន​ស្រុក​បារាយណ៍ ឃុំ​ឈូកខ្សាច់ និង​ឃុំ​បារាយណ៍ សប្បាយរីករាយ​ចិត្ត ដោយ​បានទទួល​ចំណងដៃ​ថ្មី​ប្រឡាយ​មួយ​ខ្សែ​រ ប្រវេ​ង ៩.១០០ម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ​ឈូកខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នៃ​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំ​អង្ករ​ចេញ (Rice-SDP) កាលពី​ព្រឹក​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ និង ឯកឧត្តម យិន ងួន​កូ​លេនីន អនុរដ្ឋលេខាធិការ និង​ជា​នាយក​អង្គភាព​អនុវត្ត​កម្មវិធី​ថ្នាក់ជាតិ សម្រាប់​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ បាន​លើកឡើងថា៖ ខេត្តកំពង់ធំ មាន​ប្រព័ន្ធធារាសាស្ត្រ​ធំៗ២ គឺ ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ជី​និត និង​ប្រព័ន្ធ​ធា​រាស្ត្រ​ស្ទឹង​ស្ទោង។ ក្រៅពី​ប្រព័ន្ធធារាសាស្ត្រ​ធំៗទំាងពីរ​នេះ នៅមាន​អាងទឹក​តូចៗ ទំនប់​ស្ទាក់​ទឹក ប្រព័ន្ធ​ប្រឡាយ និង​សំណង់​សិប្ប​ការសរុប​ចំនួន ៤៨២កន្លែង។

ឯកឧត្តម បាន​បន្ថែមទៀតថា៖ ប្រព័ន្ធធារាសាស្ត្រ ដើរ​តួយ៉ាង​សំខាន់ណាស់​ក្នុងការ​ស្រោច​ស្រ​ព្វ​ដំណាំ។ ហើយ​ប្រឡាយ​ឈូកខ្សាច់​នេះ ជា​ប្រឡាយ​ចាស់ សាងសង់ឡើង​ក្នុង​ឆ្នាំ១៩៧៧ ក្នុង​របប​ប៉ុលពត បច្ចុប្បន្ន​ត្រូវបាន​ស្តារឡើងវិញ ជា​អនុ​គម្រោង​អាទិភាព​ទី១ ក្នុងចំណោម​អនុ​គម្រោង​អាទិភាព​ទំាង១០ របស់​កម្មវិធី​ក្នុង​ខេត្តកំពង់ធំ មាន​ប្រវែង ៩.១០០ម៉ែត្រ ស្មើនឹង ៩,១គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លា​អាមេរិក ហើយ​ត្រូវ​ចំណាយ​រយៈពេល​សាងសង់ ៩ខែ ស្មើនឹង ២៧០ថ្ងៃ គិត​ចាប់ពី​ខែមករា ឆ្នាំ២០១៧តទៅ។ សំណង់​ត្រូវ​សាងសង់ និង​ជួសជុល​ចំនួន​ប្រមាណ ៤០កន្លែង ដូចជា​សំណង់​ស្ទាក់​ទឹក សំណង់​ចែកចាយ​ទឹក សំណង់​បង្ហៀរទឹក និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ (សម្រាប់ មនុស្ស សត្វ គោយន្ត ឆ្លងកាត់) ដែល​បាន​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៧ភូមិ ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ឈូកខ្សាច់ ចំនួន ១០ភូមិ និង​ឃុំ​បារាយណ៍ ចំនួន ៧ភូមិ ដែលមាន​ប្រជាពលរដ្ឋ​ទទួលផល​ប្រមាណ ៣.០១៤គ្រួសារ សរុប​ប្រជាជន ១៣.១៤៧នាក់ លើ​ផ្ទៃដី​ស្រោច​ស្រ​ព្វ​ប្រមាណ ៣.៦៩៣ហិចតា ក្នុងនោះ​ផ្ទៃដី​ធ្វើ​ស្រូវវស្សា​ប្រមាណ ១.៧៤៥ហិចតា និង​ធ្វើ​ស្រូវប្រាំង ប្រមាណ ១.៩៤៨ហិចតា។ ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទំាងអស់ សូមជួយ​ថែរក្សា និង​ថែទំា​សមិទ្ធផល​នេះ​ឲ្យ​ល្អ និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបែងចែក និង​ប្រើប្រាស់​ទឹក​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធិភាព ប្រែក្លាយ​តំបន់​នេះ ជា​កន្លែង​គំរូ ក្នុង​សកម្មភាព​ផលិត​ពូជស្រូវ និង​ផលិតកម្ម​ស្រូវ​អង្ករ និង​អនុវត្ត​សាកល្បង​នូវ​សកម្មភាព​ធានារ៉ាប់រង​ដំណាំ

នៅក្នុង​ពិធី​នេះ​ផងដែរ ប្រជាពលរដ្ឋ​មាន​ក្តីសប្បាយ​រីយ​រាយ​ឥត​ឧប​មារ និង​ថ្លែងអំណរគុណ​ជាពន្លឹក ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ដឹកនាំ​ប្រ​ទេ​សមាន​សុខសន្តិភាព និង​មាន​ការអនុវត្ត​គ្រប់​វិស័យ​ទំាងអស់ ជាពិសេស​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល តែងតែ​នៅ​ជាមួយ​ប្រជាជន ដឹង​សុខទុក្ខ​ប្រជាជន​ជានិច្ច! មាន​សម្តេច ហ៊ុន សែន គឺមាន​សន្តិភាព និង​ការអភិវឌ្ឍន៍។