យុទ្ធនាការសំអាតបរិស្ថាន នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែរ

108

សំរាមជាច្រើនសន្ធឹកសន្ធាប់ នៅរាយប៉ាយពាសពេញបរិវេណរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោយពីពីធីសង្ក្រានថ្មីសំបូរព្រៃគុក រយៈពេល៣ នៅថ្ងៃទី ១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៩នេះ ដែលបានបញ្ចប់ជាស្ថាពរ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងធានាបានសុវត្ថិភាពទាំងស្រុង មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សរុបទូទាំងខេត្តកំពង់ធំ មានភ្ញៀវទេសចរណ៍ ទស្សនានៅតាមរមណីយដ្ឋាននានា ប្រមាណជាង ២១ម៉ឺននាក់។ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរកំសាន្តទៅទីកន្លែងនានា សូមទុកដាក់កាកសំណល់ហូបចុករបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបរិស្ថានស្អាត សោភ័ណ្ឌភាពល្អ ដោយផ្តើមចេញពីយើងទាំងអស់គ្នា ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ពេលស្រវឹងសូមកុំបើកបរ។

ឯកឧត្តម បានអំពាវនាវយ៉ាងដូច្នេះ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងពិធីបើកយុទ្ធនាការសំអាតបរិស្ថាននៅបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពី ក្រុមការងារគណៈកម្មការ អនុគណៈកម្មការសង្ក្រានថ្មីសំបូរព្រៃគុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហមកម្ពុជា យុវជនស្ម័គ្រចិត្ត ជាច្រើននាក់ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារ សប្បុរសជន បងប្អូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបាន ខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្តលះបង់ទាំងថវិកា ពេលវេលាផ្ទាល់ខ្លួន ដើម្បីរួមចំណែករៀបចំព្រឹត្តិការណ៍សង្រ្កាន្តថ្មីសំបូរព្រៃគុក ដោយមិនខ្លាចការនឿយហត់ នៅក្នុងការការពារសុខសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ការលេងល្បែងប្រជាប្រិយ សម្តែងសិល្ប: និងកម្មវិធីផ្សេងៗជាច្រើន រួមទាំងកម្មវិធីស្រង់ព្រះ ជូនប្រជាពលរដ្ឋ បានយ៉ាងសប្បាយរីករាយផងដែរ។

ឯកឧត្តមបន្ថែមទៀតថា ព្រឹត្តិការណ៍នេះកើតឡើងបាន ដោយសារយើងមាន កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង សម្រាប់សង្ក្រាន្តថ្មីសំបូរព្រៃគុកនៅក្នុងខេត្តកំពង់ធំឆ្នាំនេះ មានអ្នកចូលរួមទស្សនាច្រើនជាងបណ្តាឆ្នាំមុនៗ។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានពន្យល់បកស្រាយអំពីអត្ថន័យនៃរូប Logo ខេត្តកំពង់ធំ ដែលមានរូបប្រាសាទសំបូរព្រៃគុក និងទើបទទួលបានប្រកាសទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម សុខ លូ បានប្រគល់នូវលិខិតថ្លែងអំណរគុណជូនដល់ក្រុមការងារ ក៏ដូចជាយុវជនស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែងធ្វើការងាររយៈពេលបីថ្ងៃនេះប្រកបដោយភាពជោគជ័យផងដែរ៕