រដូវកាន់បិណ្ឌវេនទី១២! អភិបាលខេត្តកំពង់ធំ និងសហការី នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តក្តីដើម ស្ថិតក្នុងស្រុកស្ទោង

190

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តក្តីដើម ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងគិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់ បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខសិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូចនេះសូមបងប្អូនទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីភាពសំបូររុងរឿងទៅមុខដើម្បីអនាគតយើង និងកូនចៅយើង «មានសន្តិភាពទើបមានការអភិវឌ្ឍ បើគ្មានសន្តិភាព គ្មានទេការអភិវឌ្ឍ»។

ឯកឧត្តមបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិធ្វើការប្រកួតប្រជែង បោះឆ្នោតដោយគ្មាន សមត្ថភាព ដោយពឹងផ្អែកទាំងស្រុង ទៅលើបរទេសចាំជួយនៅពីក្រោយខ្នង អនុវត្តក្រោមការបង្គាប់បញ្ជា ផ្តល់ការគាំទ្រទាំងថវិកា សម្ភារ និងបច្ចេកទេសពីអាមេរិក ដែលជាឪរបស់ខ្លួននោះត្រូវបានបែកការណ៍ ហើយត្រូវបានចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា និងចាប់បានមេក្លោងធំទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម បាននាំយកទេយ្យវត្ថុ ដើម្បីប្រគេនដល់ព្រះសង្ឃនូវ អង្ករ ២០០គីឡូក្រាម ភេសជ្ជៈ ៥កេស ទឹកសុទ្ធ ១០កេស មី ១កេសធំ ស្មើនឹង ៦កេសតូច ត្រីខ ២យួរ ទឹកសេអ៊ីវ ២យួរ និងបច្ច័យចំនួន ១,៧៨០,០០០រៀល និងតាជី យាជី ១៦៥នាក់ ក្នុងម្នាក់ ទទួលបានក្រណាត់ស១ដុំ និងថវិកា ៥ពាន់រៀល ផងដែរ៕